ជាតិ
២៥ខេត្ត/រាជធានី
កោះនៅបឹងកន្សែងអណ្តែតឡើងវិញ បង្កឲ្យមានការភ្ញាក់ផ្អើល!
04, Sep 2019 , 11:08 am        
រូបភាព
រូបភាពផ្តល់ដោយលោក ធី ចាន់​ដាលីន អនុប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី
រូបភាពផ្តល់ដោយលោក ធី ចាន់​ដាលីន អនុប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី
​ភ្នំពេញ​៖ ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ជិត១សប្តាហ៍ ធ្វើ​ឲ្យ​កោះ​មួយ ស្ថិតនៅក្នុង​បឹង​កន្សែង​បាន​អណ្ដែត បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ រួមទាំង​ភ្ញៀវទេសចរ​នាំគ្នា​ទៅ​ថត​ទិដ្ឋភាព​នៅ​ទីនោះ​។ លោក ធី ចាន់​ដាលីន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗថា កោះ​នៅ​បឹង​កន្សែង​នេះ ពិតជា​បាន​អណ្ដែត​មែន គឺ​អណ្ដែតតាំងពី​ព្រឹក​ថ្ងៃទី២ កញ្ញា​។


​កោះ នៅបឹងកន្សែង ​ស្ថិតនៅកណ្តាលក្រុងបានលុង ខេត្តរតនគិរី ដែលមាន​ដើមឈើ​ដុះ​ស្កេះ​ស្កះ​នៅលើ បាន​អណ្ដែត​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃទី២ កញ្ញានេះ បន្ទាប់ពី​ខកខាន​អណ្ដែត​កាលពី​១០​ឆ្នាំមុន​។ លោក ធី ចាន់​ដាលីន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​កោះ​បឹង​កន្សែង​នេះ បាន​អណ្ដែត​ចេញពី​ត្រើយម្ខាង​នៃ​បឹង ចំណុច​មុខ​សណ្ឋាគារ​រតនគិរី​បូ​ទិច ទៅ​ជ្រុង​ម្ខាង​នៃ​ផែ​ជិត​សណ្ឋាគារ​ទែ​រូ​វិញ​»​។​



អនុប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ បន្តថា បើ​គិតពី​វិទ្យាសាស្ត្រ ដោយសារ​ឆ្នាំនេះ ទឹកធំ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន  ដែល​អាចធ្វើ​ឲ្យ​កោះ​នេះ​អណ្ដែត​។ ដោយឡែក បើ​និយាយ​ពី​ជំនឿ​វិញ ប្រជាពលរដ្ឋ​នៅ​ទីនោះ មានជំនឿថា កោះ​នោះ​មាន​អ្នកតា​កាន់​។​ លោក ធី ចាន់​ដាលីន បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​កោះ​នេះ ខាន​អណ្ដែត​ជាង​១០​ឆ្នាំ​ហើយ ព្រោះ​រាល់​ដងទឹក​តិច ឆ្នាំនេះ​ទឹកធំ ទឹក​បឹង​ឡើង​ខ្ពស់​ទើប​ធ្វើ​ឲ្យ​កោះអណ្ដែត​។ បើតាម​ជំនឿ​វិញ ពី​ដើម​មក កោះ​នេះ​មាន​អ្នកតា​កាន់ នៅពេលណា​គាត់​ចង់​អណ្ដែត​ទៅណា​គឺ​ទៅនោះ​ហើយ​។ ទោះបី​ខ្យល់​បក់​ទៅ​លិច តែ​កោះ​នេះ​អាច​អណ្ដែត​ទៅខាង​កើត​បាន​»​។


(រូបភាពផ្តល់ដោយលោក ធី ចាន់ដាលីន អនុប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី) 

កោះ​ដ៏​ធំ​ដែល​អណ្ដែត​សន្សឹមៗ​ពី​ជើង​ទៅ​កើត​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​ជំនឿ​នាំគ្នា​ទៅ​បន់ស្រន់ និង​សែន​ព្រេង នៅ​បរិវេណ​អ្នកតា​បឹង​កន្សែង និង​មួយចំនួន​បាន​ថតរូប​កម្សាន្ត​។ លោក ធី ចាន់​ដាលីន បន្ថែមថា មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី នឹង​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ដ៌​អស្ចារ្យ​នេះ ទៅកាន់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី និង​ទូទាំងប្រទេស ឲ្យ​មក​ទស្សនា​ទិដ្ឋភាព​កោះអណ្ដែត​នេះ​។
 

(រូបភាពផ្តល់ដោយលោក ធី ចាន់ដាលីន អនុប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី) 

លោកស្រី ខៃ ចិន្តា អ្នករស់នៅ​ខេត្តរតនគិរី​ជិត​២០​ឆ្នាំ និង​ជា​ម្ចាស់​សណ្ឋាគារ​ទែ​រូ នៅមុខ​បឹង​កន្សែង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖ «​កោះ​នេះ បាន​អណ្តែត​ឡើងវិញ នៅក្នុង​សប្ដាហ៍​នេះ​។ ប៉ុន្តែ​ កាលពី​១០​ឆ្នាំមុន កោះ​នេះ តែងតែ​អណ្ដែត​ជា​ញឹកញាប់​ទៅវិញទៅមក ហើយ​អណ្តែត​លឿនៗ​ក្នុងទិសដៅ​ពី​បណ្តោយ​បឹង មិន​សន្សឹម​ដូច​អណ្ដែត​លើ​នេះ​ទេ​»​។ សម្រាប់​លោកស្រី ខៃ ចិន្តា គឺ​ចង់​ឲ្យ​អាជ្ញាធរ​ស្ដារ​សម្អាត​ផ្ទៃ​បឹង​ឲ្យ​មាន​ពណ៌​បៃតង​ឡើងវិញ ដើម្បី​លើក​សម្រស់​បឹង​កន្សែង និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​កាន់តែច្រើន​មក​កម្សាន្ត​នៅ​ខេត្តរតនគិរី​។​


(រូបភាពសណ្ឋាគារ Terres Rouges Lodge នៅមុខបឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី) 

សូមបញ្ជាក់ថា បឹង​កន្សែង​ដែលមាន​រាង​ដូច​លោក​ខែ​នេះ មាន​ទំហំ ២៩​ហិកតា  និង​មាន​ជម្រៅ​ជ្រៅ​បំផុត​កម្ពស់ ៤​ម៉ែត្រ ហើយ​ផ្ទៃ​បឹង​នេះ ភាគច្រើន​ជា​តំបន់​ដីគោក​។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត​រតនគិរី មាន​គម្រោង​សង់​ផែ​លំហែកាយ​បន្ថែម និង​ផ្លូវ​ជុំវិញ​មាត់បឹង​កន្សែង​ផងដែរ​៕


(រូបភាពផ្តល់ដោយលោក ធី ចាន់ដាលីន អនុប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី) 


 (រូបភាពផ្តល់ដោយលោក ធី ចាន់ដាលីន អនុប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី) 


© រក្សាសិទ្ធិដោយ thmeythmey.com