សម្ដេច ស ខេង​៖ ភ្ជាប់​កង្វល់​ពលរដ្ឋ​ជាមួយ​គោលការណ៍​រដ្ឋាភិបាល នោះ​យើង​មិន​ងាយ​ខុស​ទេ​
ជាតិ
សម្ដេច ស ខេង​៖ ភ្ជាប់​កង្វល់​ពលរដ្ឋ​ជាមួយ​គោលការណ៍​រដ្ឋាភិបាល នោះ​យើង​មិន​ងាយ​ខុស​ទេ​
04, Sep 2019 , 12:01 pm        
រូបភាព
​ភ្នំពេញ​៖ បើ​ក្ដាប់​ស្ថានការណ៍​នៅ​មូលដ្ឋាន​មិនបាន នោះ​រដ្ឋាភិបាល​មិនអាច​ដោះស្រាយ​បញ្ហា​បានល្អ​ទេ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ជំរុញ​ឱ្យ​មន្ត្រី​ថ្នាក់ជាតិ​ទាំងអស់ ចុះ​ធ្វើ​វេទិកាសាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ប្រមូលយក​បញ្ហា​ប្រឈម​នានា​មក​ដោះស្រាយ​។​

 
​សម្ដេច ស ខេង ដែល​បាន​បញ្ជា​ឱ្យ​មន្ត្រី​ខ្លួន​ចុះ​ជួប​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន ក្នុង​រាជធានី​-​ខេត្ត​នេះ បាន​និយាយថា រដ្ឋាភិបាល ពិតជា​មិនអាច​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​បាន​ត្រឹមត្រូវ​ទេ បើសិនជា​មិនដឹង​ពី​តម្រូវការ​របស់​ពលរ​ដ្ឋ​។ ត្រង់ចំណុច​នេះ​សម្ដេច ស ខេង បាន​ផ្ដាំ​មន្ត្រី​ខ្លួន ឱ្យ​ចុះ​ប្រមូល​ព័ត៌មាន និង​បញ្ហា​ប្រឈម​ពី​ពលរដ្ឋ​ដោយ​ភាព​អត់ធ្មត់ និង​កត់ត្រា​ឱ្យបាន​ហ្មត់ចត់​រាល់​មតិយោបល់​របស់​ពួកគេ ពោលគឺ​មន្ត្រី​ទាំងអស់​មិនត្រូវ​ជំទាស់​មតិ និង​គំនិត​របស់​ពលរដ្ឋ ដែល​ខ្លួន​គិតថា​ជាម​តិ​ប្រឆាំង​នោះឡើយ​។ សម្រាប់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មានតែ​ការ​ស្ដាប់ និង​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ឱ្យ​សមរម្យ​ទេ ទើប​វា​នឹង​ធ្វើឱ្យ​រដ្ឋាភិបាល​គេច​ផុតពី​កំហុស និង​ការរិះគន់​។​
 
​ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​ថែទាំ និង​ស្តារនីតិសម្បទា ជន​វិបល្លាស​ស្មារតី នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នា​ថ្ងៃទី​៤ កញ្ញា នេះ សម្ដេច ស ខេង បាន​និយាយ​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​ដឹកនាំ គ្រប់គ្រង​ចាត់ចែង បើកាលណា​ក្ដាប់​មិនបាន​នូវ​ស្ថានភាព​ជាក់ស្ដែង​នៅ​មូលដ្ឋាន ការគិតគូ​ពី​កង្វល់ នូវ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ រដ្ឋាភិបាល​នោះ​ប្រហែលជា​មិនអាច​ដោះស្រាយ​បញ្ហា​បានល្អ​ទេ​។ ប៉ុន្តែ​បើ​យើង​ផ្សារភ្ជាប់​ការគិតគូរ​កង្វល់​រប​ស់​ប្រជាពលរដ្ឋ ជាមួយ​គោលការណ៍ វិធានការ​នានា​របស់​រដ្ឋាភិបាល គឺ​រដ្ឋាភិបាល​អាចនឹងទទួល​បាន​ជោគជ័យ បានន័យថា រដ្ឋាភិបាល​ស្ដាប់​ប្រជាពលរដ្ឋ ហើយ​ដោះស្រាយ​នូវ​អ្វីដែល​ប្រជាពលរដ្ឋ​ចង់បាន ហើយ​សមស្រប ។​ធ្វើបែបនេះ រដ្ឋាភិបាល​មិន​ងាយ​មាន​កំហុស​ទេ​»​។​
 
​បើតាម​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ការធ្វើ​វេទិកាសាធារណៈ​នេះ គឺ​ពលរដ្ឋ​អាច​បញ្ចេញមតិ​លើកយក​បញ្ហា​មក​ប្រាប់​មន្ត្រី​រដ្ឋាភិបាល​គ្រប់គ្នា ហើយ​ការដោះស្រាយ​នោះ ក៏​មិនត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​ដែរ​។ ក្នុងន័យនេះ​សម្ដេច ស ខេង បាន​សង្កត់ធ្ងន់ថា រាល់​បញ្ហា​ដែល​ពលរដ្ឋ​លើកឡើង​នោះ ទោះបី​ដោះស្រាយបាន​ភ្លាមៗ​ក្តី ឬ​មិនបាន​ក្តី ក៏​រដ្ឋាភិបាល​ដាក់​បញ្ហា​ទាំងនោះ ចូលក្នុង​បញ្ជី​បញ្ហា​របស់​ពលរដ្ឋ​មួយ ដើម្បី​ដោះស្រាយ​ជា​ដំណាក់កាល ពោលគឺ​រដ្ឋាភិបាល​នឹងធ្វើ​បច្ចុប្បន្នភាព​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ ដើម្បី​រំកិល​បញ្ហា​ទាំងនោះ ទៅជា​ការអភិវឌ្ឍ​វិញ​។​
 
«​ការបើក​វេទិកាសាធារណៈ​នេះ គឺ​សុំ​ឱ្យមាន​សមាសភាព​ចូលរួម​ចម្រុះ គឺ​យើង​ស្ដាប់​ទាំងអស់ បើកទូលាយ​ឱ្យ​គាត់​និយាយ ឱ្យ​គាត់​សម្ដែង​មតិ លើក​បញ្ហា​មក បញ្ហាដីធ្លី​យ៉ាងម៉េច​? បញ្ហា​កសិផល​របស់គាត់​យ៉ាងម៉េច​? ការរស់នៅ​របស់គាត់​យ៉ាងម៉េច​? មាន​សន្តិសុខ​ល្អប្រសើរ​ទេ​?»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង ដែល​បាន​សង្កត់ធ្ងន់​ទៅ​មន្ត្រី​ខ្លួន​ថា បើ​ស្ដាប់​មតិយោបល់​ពលរដ្ឋ​ច្រើន នោះ​រដ្ឋាភិបាល​នឹង​ទទួលបាន​គំនិត​ច្រើន​សម្រាប់​ការអភិវឌ្ឍ​។​
 
​បច្ចុប្បន្ននេះ រដ្ឋាភិបាល​ប្រមូល​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​បាន​ជាង​៩០០​ករណី​ហើយ ដោយ​ក្នុងនោះ​បញ្ហា​ពលរដ្ឋ​៣០០​ករណី​នៅ​ខេត្តព្រៃវែង និង​ជាង​៦០០​ករណី​ទៀត នៅ​ខេត្តបាត់ដំបង​។ ក្រោយពី​ប្រមូល​បញ្ហា​ទាំងនេះហើយ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​ធ្វើជា​របាយការណ៍​ដាក់ជូន​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ត្រួតពិនិត្យ និង​ដាក់ចេញ​យុទ្ធសាស្ត្រ​ដំណោះស្រាយ​។ បើតាម​សម្ដេច ស ខេង រដ្ឋាភិបាល​នឹង​បូកសរុប​ការងារ​ចុះ​ជួប​ពលរដ្ឋ​តាម​វេទិកាសាធារណៈ​នេះ នៅ​ខែមករា ឆ្នាំ​២០២០​ខាងមុខ​៕
 

Tag:
 ស ខេង​
  នយោបាយ​
  វេទិកាសាធារណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com