អន្តរជាតិ
សិង្ហ​បុរី ត្រៀម​លុយ​៧១​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​បម្រែបម្រួល​អាកាសធាតុ​
04, Sep 2019 , 7:39 pm        
រូបភាព
ប្រភព CNA
ប្រភព CNA
​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ទី​២ លោក ឡ​រ៉េ​ន វង់ (Lawrence Wong) កាលពី​ថ្ងៃទី​03 ខែកញ្ញា បាន​ប្រាប់​សភា​ថា រដ្ឋាភិបាល​នឹង​ត្រៀម​លុយ​ប្រមាណ​ជា ១០០​ពាន់​លាន​សិង្ហ​បុរី ស្មើនឹង​ទំហំ​ទឹកប្រាក់​ជាង ៧១​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងការ​ត្រៀម​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ​។ ធនធាន​ទាំងនេះ បានមកពី​ការ​កម្ចី ប្រាក់​បម្រុង និង​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ផ្ទាល់​។


 
​ជាការ​ពិត​លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង ធ្លាប់​ប្រកាស​ម្តង​ហើយ​កាលពី​ថ្ងៃ​ជួបប្រជុំ​ថ្នាក់ជាតិ កាលពី​ថ្ងៃទី​១៨ សីហា ពី​រឿង​ប្រយុទ្ធ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ និង​ការកើនឡើង​កម្រិត​ទឹកសមុទ្រ​។​
 
​យ៉ាងណាមិញ សម្រាប់​លោក​រដ្ឋមន្ត្រី Lawrence Wong បាន​និយាយថា សម្រាប់​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​តូចៗ​មួយចំនួន ដូចជា​របាំង​ទប់ស្កាត់​ទឹកជំនន់​ក្នុងស្រុក មន្ទី​ពេទ្យ និង​ចំណត​ឡានក្រុង សិង្ហ​បុរី​អាច​ប្រើប្រាស់​លុយ​របស់​រដ្ឋាភិបាល​សម្រាប់​សាងសង់​បាន​។ ប៉ុន្តែ​សម្រាប់​ជញ្ជាំង​ការពារ​ទឹកសមុទ្រ សិង្ហ​បុរី ត្រូវការ​លុយ​ច្រើន ដូចនេះ​រដ្ឋាភិបាល​ត្រូវតែ​ខ្ចីលុយ ដើម្បី​ការពារ​ផលប្រយោជន៍​មនុស្ស​ជំនាន់​នេះ និង​មនុស្ស​ជំនន់​ក្រោយ​។ 
 
​មែនទែនទៅ រដ្ឋាភិបាល​សិង្ហ​បុរី បាន​បង្កើត​វិធានការ​មួយចំនួន​ដូចជា ការបង្កើត​ស្ថានីយ​បូមទឹក ការបង្កើត​ប្រព័ន្ធធារាសាស្ត្រ​ឲ្យ​កាន់តែច្រើន និង​ការចាក់ដី​បន្ថែម​នៅ​តំបន់ឆ្នេរ​ភាគ​ខាងកើត​នៃ​សិង្ហ​បុរី​។​
 
​លោក វង់ ដែលជា​រដ្ឋមន្ត្រី​អភិវឌ្ឍ​ជាតិ​ផងដែរ ត្រូវបាន​សមា​ជិ​សភា​លោក វ៉​ល​ធើ ថេ​រ៉េ​សា (Walter Theseira) ចោទ​ជា​សំណួរ​ថា តើ​ត្រូវការ​លុយ​បម្រុង​ប៉ុន្មាន​ទើប​គ្រាប់​គ្រាន់ លើ​ការដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ រដ្ឋមន្ត្រី​អភិវឌ្ឍ​ជាតិ​រូបនេះ​មិនបាន​បញ្ជាក់​ច្បាស់លាស់​ឡើយ ប៉ុន្តែ​លោក​បាន​ឆ្លើយតប​ថា គឺ​ត្រូវការ​ប្រើប្រាស់​លុយ​បម្រុង យកទៅ​ចំណាយ​លើ​ការចាក់​បំពេញ​ដី​បន្ថែម​នៅលើ​ឆ្នេរ ដែល​ស្របទៅនឹង​គំរោង​ការពារ​លុយ​បម្រុង ហើយ​ត្រូវបាន​យល់ព្រម​ដោយ​ប្រធានាធិបតី និង​រដ្ឋាភិបាល​។ 
 
​ក្នុងន័យនេះ រដ្ឋមន្ត្រី​ខាងលើ ចង់​សង្កត់ធ្ងន់ថា ដី​ដែល​ត្រូវបាន​ចាក់​បន្ថែម ត្រូវបាន​ការពារ​ដូចជា​ផ្នែក​មួយ​នៃ​លុយ​បម្រុង​ដែរ ព្រោះ​នៅពេល​ដី​ត្រូវបាន​គេ​ទិញ លុយ​ដែល​លក់បាន​ត្រូវ​ចូលទៅក្នុង​លុយ​បម្រុង​។ លោក​រដ្ឋមន្ត្រី​អភិវឌ្ឍ​ជាតិ​ដដែល​បាន​អះអាង​ទៀតថា ក្រសួង​ហិរញ្ញវត្ថុ នៅតែ​បន្ត​សិក្សា​លើ​យុទ្ធសាស្ត្រ​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ការពារ​រដ្ឋ​បុរី​មួយ​នេះ​។​
 
​សូមបញ្ជាក់ថា​កាលពី​ថ្ងៃ​ជួបប្រជុំ​ថ្នាក់ជាតិ លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង បានលើកឡើង​ពី​គម្រោង​ការពារ​រដ្ឋ​បុរី ដើម្បី​បញ្ចៀស​ការ​លិច​ទឹក​ក្នុង​រយៈពេល​១០០​ឆ្នាំ​ទៀត​៕

Tag:
 សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com