អន្តរជាតិ
សិង្ហបុរីព្រមានពលរដ្ឋខ្លួន៖ ទៅលេងកូរ៉េខាងជើង អាចបំពានទណ្ឌកម្ម UN
×
ដោយ៖ ងួន សុភាវត្តី
ក្រសួងការបរទេសសិង្ហបុរី នៅថ្ងៃទី៣ ខែកញ្ញា បានចេញសេចក្តីថ្លែងការណ៍មួយណែនាំអោយប្រជាជនខ្លួនមានការប្រយត្ន័ប្រយែងក្នុងការធ្វើដំណើរទៅកូរ៉េខាងជើង ខណៈពេលដែលសភាពការណ៍នៅទីនោះ មានការប្រែប្រួលមិនអាចកំណត់បាន។
កូរ៉េខាងជើង ជាគោលដៅទេសចរណ៍មួយសម្រាប់ប្រជាជនសិង្ហបុរី។ ខណៈដែលស្ថានការណ៍ឧបទ្វីបកូរ៉េមិនសមប្រកប រដ្ឋាភិបាលសិង្ហបុរីបានប្រាប់ឲ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្ន។
អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរីបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ប្រជាជនសិង្ហបុរីដែលធ្វើដំណើរកំសាន្តនៅកូរ៉េខាងជើងគួរតែយល់ដឹងអំពីហានិភ័យនិងបញ្ហាមួយដែលអាចកើតឡើងដោយចៃដន្យទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការចូលរួមគោរពច្បាប់របស់សិង្ហបុរី»។
ក្នុងសេចក្ដីថ្លែងការណ៍ដដែល ក្រសួងការបរទេសសិង្ហបុរីក៏បានបន្តប្រាប់ប្រជាជនខ្លួនថា នៅពេលទៅដល់កូរ៉េខាងជើង ពួកគេអាចនឹងមិនទទួលបានជំនួយពីស្ថានទូតខ្លួនបានទេព្រោះប្រទេសទាំងពីរគ្មានទំនាក់ទំនងការទូតនឹងគ្នា។
ទន្ទឹមនឹងការអំពាវនាវឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន សិង្ហបុរីក៏បានចោទកូរ៉េខាងជើងថាកំពុងព្យាយាមទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដើម្បីប្រមូលយករូបិយវត្ថុបរទេស ខណៈសេដ្ឋកិច្ចខ្លួនកំពុងធ្លាក់ចុះដោយសារការដាក់ទណ្ឌកម្មរបស់ប្រទេសផ្សេងៗ។ បច្ចុប្បន្ន កូរ៉េខាងជើង រងទណ្ឌកម្មរាប់សិបពីសំណាក់អង្គការសហប្រជាជាតិ ហើយវិស័យទេសចរណ៍នេះ ជាប្រភពចំណូលសំខាន់មួយរបស់ប្រទេសនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com