កីឡាជាតិ
ជាតិ
ក្រុម​ល្បុក្កតោ​ឈ្នះ​មេដាយមាស​៦ ក្នុងការ​ប្រកួត Pre-SEA Games លើ​វិញ្ញាសា​ដំបង​ខ្លី
04, Sep 2019 , 4:28 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​គុន​ល្បុក្កតោ​កម្ពុជា បានឈ្នះ​មេដាយមាស​៦​លើ​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ក្នុងការ​ប្រកួត Pre-SEA Games លើ​វិញ្ញាសា Arnis នៅ​សាធារណរដ្ឋ​កូរ៉េ​។​ជ័យជម្នះ​ដ៏​ធំធេង​នេះ ធ្វើ​ឲ្យ​កម្ពុ​ជាមាន​រំពឹង​ខ្ពស់​សម្រាប់​ការចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំនេះ​។​

 
​ក្រុម​កីឡាករ​ល្បុក្កតោ​កម្ពុជា​បានបង្ហាញ​ភាពលេច​ធ្លោរ​ក្នុងចំណោម​កីឡាករ​ទាំង​៤​ប្រទេស ដែល​ចូលរួម​ប្រកួត Pre-SEA Games លើ​វិញ្ញាសា​ដំបង​ខ្លី Arnis ដែលជា​ក្បាច់គុន​វប្បធម៌ ប្រពៃណី​របស់​ហ្វីលីពីន​។ កីឡា Arnis នេះ ខុសពី​វិញ្ញាសា​ដំបង​ខ្លី​ក្នុង​គុន​ល្បុក្កតោ ដោយសារ​តម្រូវ​ឲ្យ​កីឡាករ​ពាក់​ខោអាវ និង​មួក​ការពារ​ដងខ្លួន​និង​ក្បាល ដើម្បី​ការពារ​កុំ​ឲ្យ​មាន​របួស ឬ​គ្រោះថ្នាក់​ផ្សេងៗ​ពី​ការ​វាយ​របស់​កីឡាករ ដែលមាន​ដំបង​ខ្លី​រៀងៗ​ខ្លួន​។ 


 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ ក្រុម​កីឡាករ​ល្បុក្កតោ​កម្ពុជា​ដណ្តើមបាន​មេដាយមាស​៦ ដែល​ជួយ​កម្ពុ​ជាមាន​ភាពលេច​ធ្លោ​ខ្លាំង​ក្នុងការ​ប្រកួត​នេះ​។ មេដាយមាស​ទាំង​៦​រកបាន​ម្នា​ក់មួយ​ដោយ​កីឡាការិនី ខៀវ ចិ​ន្តា​រ័ត្ន​, យស់ សញ្ច​នា​, ពេជ្រ ពន្លឺ​, សុខ ប៊ុន​យ៉ុង​, មឿ​ន ប៊ុនលី និង ឈឹម សីលា​។ 
 
​បើតាម​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា កត្តា​ដែល​ធ្វើ​ឲ្យ​ក្រុម​កីឡាករ​ល្បុក្កតោ​កម្ពុជា​ជោគជ័យ​បែបនេះ ដោយសារ​ពួកគេ​មាន​ទុក​ស្រាប់​ក្នុង​គុន​ល្បុក្កតោ​។ ម្យ៉ាងទៀត ពួកគេ​បាន​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​នេះ អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។ តាមរយៈ​ជ័យជម្នះ​នេះ ធ្វើ​ឲ្យ​កម្ពុ​ជាមាន​រំពឹង​ខ្ពស់​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​។  
 
«​សម្រាប់​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​ប្រទេស​វៀតណាម និង​មី​យ៉ាន់​ម៉ា យើង​មិន​បារម្ភ​នោះទេ ហើយ​យើង​ស​ង្ឈឹ​ម​ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំនេះ ដោយសារ​កីឡាករ​កីឡាការិនី​យើង​មាន​មូលដ្ឋានគ្រឹះ​ពី​ក្បាច់​គុនដំបង​ល្បុក្កតោ​រួចជាស្រេច​»​។ នេះ​ជាការ​បង្ហាញ​ក្តី​រំពឹង​របស់លោក អ៊ួ តារា ដែល​បាន​ដឹកនាំ​ក្រុម​ល្បុក្កតោ​ទៅ​ចូលរួម​ការប្រកួត​នេះ​។ 
 
​ការប្រកួត​នេះ​មាន​កីឡាករ​កីឡាការិនី​មកពី​៤​ប្រទេស​ចូលរួម​រួមមាន​កម្ពុជា ហ្វីលីពីន វៀតណាម និង​មី​យ៉ាន់​ម៉ា​។ ការប្រកួត​ធ្វើឡើង​នៅ​ប្រទេស​កូរ៉េ ដែល​រៀបចំ​ដោយ​គណៈកម្មការ​រៀបចំ​ការប្រកួត​កីឡា Arnis របស់​ហ្វីលីពីន​។ ក្រុម​កីឡាករ​ល្បុក្កតោ​នឹង​ត្រឡប់មក​មាតុប្រទេស​វិញ​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៩៕

Tag:
 ​គុន​ល្បុក្កតោ​
  អ៊ួ តារា​
  Pre-SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com