កីឡាជាតិ
ជាតិ
ក្រុមល្បុក្កតោឈ្នះមេដាយមាស៦ ក្នុងការប្រកួត Pre-SEA Games លើវិញ្ញាសាដំបងខ្លី
× ក្រុមកីឡាករគុនល្បុក្កតោកម្ពុជា បានឈ្នះមេដាយមាស៦លើប្រភេទទម្ងន់ផ្សេងគ្នា ក្នុងការប្រកួត Pre-SEA Games លើវិញ្ញាសា Arnis នៅសាធារណរដ្ឋកូរ៉េ។ជ័យជម្នះដ៏ធំធេងនេះ ធ្វើឲ្យកម្ពុជាមានរំពឹងខ្ពស់សម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនឆ្នាំនេះ។
ក្រុមកីឡាករល្បុក្កតោកម្ពុជាបានបង្ហាញភាពលេចធ្លោរក្នុងចំណោមកីឡាករទាំង៤ប្រទេស ដែលចូលរួមប្រកួត Pre-SEA Games លើវិញ្ញាសាដំបងខ្លី Arnis ដែលជាក្បាច់គុនវប្បធម៌ ប្រពៃណីរបស់ហ្វីលីពីន។ កីឡា Arnis នេះ ខុសពីវិញ្ញាសាដំបងខ្លីក្នុងគុនល្បុក្កតោ ដោយសារតម្រូវឲ្យកីឡាករពាក់ខោអាវ និងមួកការពារដងខ្លួននិងក្បាល ដើម្បីការពារកុំឲ្យមានរបួស ឬគ្រោះថ្នាក់ផ្សេងៗពីការវាយរបស់កីឡាករ ដែលមានដំបងខ្លីរៀងៗខ្លួន។
ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ក្រុមកីឡាករល្បុក្កតោកម្ពុជាដណ្តើមបានមេដាយមាស៦ ដែលជួយកម្ពុជាមានភាពលេចធ្លោខ្លាំងក្នុងការប្រកួតនេះ។ មេដាយមាសទាំង៦រកបានម្នាក់មួយដោយកីឡាការិនី ខៀវ ចិន្តារ័ត្ន, យស់ សញ្ចនា, ពេជ្រ ពន្លឺ, សុខ ប៊ុនយ៉ុង, មឿន ប៊ុនលី និង ឈឹម សីលា។
បើតាមលោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា កត្តាដែលធ្វើឲ្យក្រុមកីឡាករល្បុក្កតោកម្ពុជាជោគជ័យបែបនេះ ដោយសារពួកគេមានទុកស្រាប់ក្នុងគុនល្បុក្កតោ។ ម្យ៉ាងទៀត ពួកគេបានហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមការប្រកួតនេះ អស់រយៈពេលជាច្រើនខែមកហើយ។ តាមរយៈជ័យជម្នះនេះ ធ្វើឲ្យកម្ពុជាមានរំពឹងខ្ពស់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន។
«សម្រាប់ស៊ីហ្គេមនៅប្រទេសហ្វីលីពីនប្រទេសវៀតណាម និងមីយ៉ាន់ម៉ា យើងមិនបារម្ភនោះទេ ហើយយើងសង្ឈឹមទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតស៊ីហ្គេមឆ្នាំនេះ ដោយសារកីឡាករកីឡាការិនីយើងមានមូលដ្ឋានគ្រឹះពីក្បាច់គុនដំបងល្បុក្កតោរួចជាស្រេច»។ នេះជាការបង្ហាញក្តីរំពឹងរបស់លោក អ៊ួ តារា ដែលបានដឹកនាំក្រុមល្បុក្កតោទៅចូលរួមការប្រកួតនេះ។
ការប្រកួតនេះមានកីឡាករកីឡាការិនីមកពី៤ប្រទេសចូលរួមរួមមានកម្ពុជា ហ្វីលីពីន វៀតណាម និងមីយ៉ាន់ម៉ា។ ការប្រកួតធ្វើឡើងនៅប្រទេសកូរ៉េ ដែលរៀបចំដោយគណៈកម្មការរៀបចំការប្រកួតកីឡា Arnis របស់ហ្វីលីពីន។ ក្រុមកីឡាករល្បុក្កតោនឹងត្រឡប់មកមាតុប្រទេសវិញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩៕
Tag:
គុនល្បុក្កតោ
អ៊ួ តារា
Pre-SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com