អន្តរជាតិ
លោក ម៉ា​ឌុយ​រ៉ូ បញ្ជា​ឲ្យ​ធ្វើ​សមយុទ្ធ​យោធា​ដើម្បី​ការពារ​ការវាយប្រហារ​របស់​កូ​ឡុំ​ប៊ី​
04, Sep 2019 , 5:24 pm        
រូបភាព
​ដោយ​៖ ងួន​ សុ​ភាវ​ត្តី​
 
​ថ្ងៃ​អង្គារ​ទី​៣ ខែកញ្ញា ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បាន​បញ្ជា​អោយ​យោធា​ទាំងអស់​មានការ​ប្រុង​ប្រ​យ​ត្ន័​អំពី​ការវាយប្រហារ​របស់​កូ​ឡុំ​ប៊ី​។ លោក​ក៏បាន​បញ្ជា​អោយមាន​ការធ្វើ​សមយុទ្ធ​យោធា​នៅ​តំបន់​ព្រំដែន​ជាប់​កូ​ឡុំ​ប៊ី​ផងដែរ​។​


 
​ក្នុង​សេចក្ដីថ្លែងការណ៍​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ លោក នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ បាន​និយាយថា សមយុទ្ធ​យោធា នឹង​ប្រព្រឹត្ត​ទៅជា​រៀងរាល់ឆ្នាំ​គឺ​នៅ​ថ្ងៃ ទី​១០ ដល់ទី​២៩ ខែកញ្ញា និង​ស្ថិតនៅ​រដ្ឋ Zulia, Tachira, Apure និង Amazonas ដែល​ស្ថិត​នៅជាប់​ព្រំប្រទល់​ជាមួយ​កូ​ឡុំ​ប៊ី​តែម្ដង​។​
 
​ការប្រកាស​អោយមាន​ការធ្វើ​សមយុទ្ធ​នេះ ធ្វើ​ឡើយ​បន្ទាប់ពី​កូ​ឡុំ​ប៊ី​រៀបចំ​កងទ័ព​ដើម្បី​ទប់ទល់​នឺង​ក្រុម​ឧទ្ទាម FARC ។ ក្រុម​កងទ័ព​ព្រៃ FARC ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​បានប្រកាស​ក្នុង​វីដេអូ​មួយ​ថា ខ្លួន​បាន​កំពុង​រៀប​កងទ័ព​និង​អាវុធ​ឡើ​ក​វិញ​ហើយ​។ ក្រោយពី​ឃើញ​វីដេអូ​នេះ អាជ្ញាធរ​កូ​ឡុំ​ប៊ី​បាន​សង្ស័យថា ក្រុម​នេះ​កំពុង​លាក់ខ្លួន​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​
​ក្រៅតែពី​រឿងនេះ កន្លងមក​ប្រទេស​ទាំងពីរ​ក៏​ធ្លាប់​មានទំនាស់​ពី​បញ្ហា​ផ្សេងៗ​ជាមួយគ្នា​ជាង​១​ទសវត្សរ៍​មកហើយ ដូចជា​ការ​ចល័ត​ទ័ព​ជាដើម​។ 
 
​ជុំវិញ​ការចោទប្រកាន់​ពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ថា​កូ​ឡុំ​ប៊ី​គ្រោង​វាយប្រហារ​នេះ ក្រសួងការបរទេស​កូ​ឡុំ​ប៊ី​បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា ខ្លួន​មិនមាន​គម្រោង​វាយប្រហារ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទេ​។ ក្នុងនោះដែរ សហរដ្ឋអាមេរិក ក៏បាន​ចោទប្រកាន់​រដ្ឋាភិបាល​ម៉ា​ឌូ​រ៉ូ​ថា កំពុងផ្តល់​ជម្រក​ដល់​ក្រុម​ទ័ពព្រៃ​ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​។​
 
​ស្របពេល​នេះដែរ មេដឹកនាំ​ប្រឆាំង​លោក ហ្វ័​ន ក្វៃ​ដូ បាន​និយាយថា នឹង​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប​ដើម្បី​ជួយ​កូ​ឡុំ​ប៊ី​កំណត់​ទីតាំង​របស់​ក្រុម​នោះ​។ លោក​បានបញ្ជាក់​ក្នុងការ​ផ្សាយ​តាម​ទូរទស្សន៍​មួយ​ថា​៖ «​យើង​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្កាយរណប​ដើម្បី​កំណត់​ទីកន្លែង​របស់​ក្រុម​ឧទ្ទាម​នេះ​ដែល​បាន​ចូលមក​រស់នៅ​ដោយ​ខុសច្បាប់ ហើយ​យើង​នឹង​សហការគ្នាជាមួយ​កូ​ឡុំ​ប៊ី​ដើម្បី​ស្វែងរក​ពួកគេ​»​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតី​កូ​ឡុំ​ប៊ី​លោក Ivan Duque បាន​និយាយថា​លោក​នឹងមិន​លើក​លែងអោយ​ក្រុម​ឧទ្ទាម​ទាំងនេះ​ទេ បន្ទាប់ពី​ក្រុម​នេះ​បាន​និយាយថា ពួកគេ​នឹង​ត្រលប់មក​ន្រ​ឆាំង​នឹង​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​ម្តងទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com