អន្តរជាតិ
រុស្ស៊ី សន្យា​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ម៉ុង​ហ្គោ​លី​
04, Sep 2019 , 10:39 pm        
រូបភាព
ប្រធានាធិបតី ពូទីន និងប្រធានាធិបតី Khaltmaa Battulga,  ប្រភពAFP
ប្រធានាធិបតី ពូទីន និងប្រធានាធិបតី Khaltmaa Battulga, ប្រភពAFP
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​០៣ ខែសីហា សន្យា​ជួយ​កសាង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​នៅក្នុង​ម៉ុង​ហ្គោ​លី ខណៈ​ប្រទេសមួយ​នេះ កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រទេស​ចិន​។ 
​ម៉ុង​ហ្គោ​លី គឺជា​ប្រទេស​តែមួយគត់ ដែល​ស្ថិតនៅក្នុង​តំបន់​យុទ្ធសាស្ត្រ​រវាង​ចិន និង​រុស្ស៊ី ហើយ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការនាំចេញ​រ៉ែ​ទៅ​ប្រទេសជិតខាង​របស់ខ្លួន គឺ​ចិន​។ ប៉ុន្តែ​អាជ្ញាធរ​ម៉ុង​ហ្គោ​លី​ចាប់ផ្តើម​ស្វែងរក​ទីផ្សារ​ផ្សេងទៀត​នៅ​តំបន់​អាស៊ី ដើម្បី​បញ្ចៀស​ការនាំចេញ​វត្ថុធាតុដើម​ទៅ​តែ​ប្រទេស​ចិន​មួយគត់​។​


 
​រុស្ស៊ី គឺជា​គោលដៅ​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ម៉ុង​ហ្គោ​លី​។ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​អ៊ូ​ឡង់​បា​ទ័​រ ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព និង​ប្រារព្ធ​ខួប​លើក​ទី ៨០​នៃ​ដៃគូ​ប្រយុទ្ធ​។ ក្នុង​ពិធី​ប្រារព្ធ​ខួប​នៃ​ការ​ដៃគូ​ប្រយុទ្ធ​ម៉ុង​ហ្គោ​លី និង​រុស្ស៊ី ប្រឆាំងនឹង​ការឈ្លានពាន​របស់​កង​ទ័ព​ជប៉ុន​ក្នុង​ឆ្នាំ​១៩៣៩ លោក ពូ​ទីន បាន​លើកឡើងថា រុស្ស៊ី​មិន​ភ្លេច​ឡើយ ពី​ការជួយ និង​គាំទ្រ​របស់​កងទ័ព​ម៉ុ​ល​ហ្គោ​លី លើ​កងទ័ព​សូ​វៀត​ក្នុងការ​ប្រយុទ្ធ​តតាំង​នឹង​ពួក​ណា​ស៊ី​។ 
 
​អំឡុង​ទស្សនកិច្ច​នេះ ប្រធានាធិបតី​ម៉ុង​ហ្គោ​លី Khaltmaa Battulga និង​ប្រធានាធិបតី ពូ​ទីន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​មូលនិធិ​វិនិយោគ​រួមគ្នា លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។ សម្រាប់​កិច្ចព្រមព្រៀង​នេះ​ទៀតសោត លោក ពូ​ទីន បានផ្តល់​កម្ចី​រហូតដល់ ១,៥​ពាន់​លាន​ដុល្លារ​អាមេរិក  ដើម្បី​ទុកជា​អំណោយ​ថ្ងៃ​បុណ្យខួប​នៃ​ការប្រយុទ្ធ​។​
 
​ប្រធានាធិបតី​ម៉ុង​ហ្គោ​លី នឹង​ប្រើប្រាស់​ជំនួយ​សម្រាប់​យកទៅ​សាងសង់​ផ្លូវដែក​ទៅ​ព្រំដែន​ចិន ដើម្បី​បើកផ្លូវ​ជាច្រើន​ខ្សែរ​ទៀត ក្នុងការ​នាំចេញ​ធ្យូងថ្ម និង​រ៉ែ​។ លោក Battulga ក៏​សង្ឃឹមថា ម៉ុង​ហ្គោ​លី​នឹងមាន​ស្ថានីយ​រថភ្លើង​របស់ខ្លួន​នៅ​កំពង់ផែ​រុស្ស៊ី ដើម្បី​អាច​នាំចេញ​ធនធានធម្មជាតិ​របស់​ខ្លួន​កាត់​តាម​ប្រទេស​រុស្ស៊ី​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
​សូមបញ្ជាក់ថា ប្រទេស​ទាំងពីរ​មាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយគ្នា​ប្រមាណ​ជា ១.៧​ពាន់​លាន​ដុល្លារ ហើយ​៩៥​ភាគរយ​នៃ​ពាណិជ្ជកម្ម គឺ​ម៉ុង​ហ្គោ​លី​ទិញ​ប្រេង​ពី​រុស្សី​៕

Tag:
 ​រុស្ស៊ី​
  ម៉ុង​ហ្គោ​លី
© រក្សាសិទ្ធិដោយ thmeythmey.com