ជាតិ
ពីនេះ ពីនោះ
«បាតុភូត, អភូត និងអព្ភូត» មានន័យខុសគ្នាបែបណា?
× «បាតុភូត» មានន័យខុសពី «អភូត» ហើយក៏មានន័យខុសពី «អព្ភូត»ផងដែរ។ នេះបើតាមយោងតាមវចនានុក្រមសម្តេច ជួន ណាត។
«បាតុភូត» ជាភាសាបាលី ដែលផ្សំគ្នារវាងពាក្យ បាតុ និងភូត ដែលមានន័យថា ហេតុដែលកើតមានឡើងយ៉ាងប្រាកដជាក់ស្តែង។ ហេតុដែលកើតឡើងដោយឯងៗ ដោយធម្មជាតិ ដែលជាគួរឲ្យត្រិះរិះពិចារណាមើល ដូចជាការកក្រើកផែនដីជាដើម។ ពាក្យ«បាតុភូត» សំដៅលើមនុស្ស សត្វ ឬវត្ថុផ្សេងៗដែលមានអាការមួយចម្លែកអស្ចារ្យពីធម្មតា។ ឧទាហរណ៍៖ ផ្កាយដុះកន្ទុយជាបាតុភូតមួយក្នុងសកលលោក។
អ្វីមួយដែលមិនកើត មិនមាន ដែលមិនពិត មិនមែន ពុំប្រាកដ នោះគឺជានិយមន័យពាក្យ«អភូត»។ ពាក្យអភូត គឺមានន័យថា ពាក្យមិនពិត ខ្មែរប្រើជាពាក្យ ភូត មានន័យថា មិនពិត។ ពាក្យ«អភូត» អាចប្រើភ្ជាប់ពីខាងដើមសព្ទដទៃ ដែលមានពាក្យ អភូតការណ៍ គឺហេតុការណ៍មិនពិត,អភូតបុព្វ ដែលមិនធ្លាប់មាន, អភូតវាចា សម្តីមិនពិត។
ចំណែក«អព្ភូត»សរសេរជាបាលី និងសំស្ក្រឹត«អទ្ភុត» ដែលមានន័យថា ចម្លែក ឬអស្ចារ្យ។ ពាក្យនេះប្រើជាមួយពាក្យដទៃ មានដូចជា អព្ភូតហេតុ គឺហេតុចម្លែក, អព្ភូតភណ្ឌ គឺរបស់ចម្លែក៕
© រក្សាសិទ្ធិដោយ thmeythmey.com