ONE Championship
កីឡាជាតិ
ជាតិ
៤ ហេតុផល​ដែល​អ្នកគាំទ្រ​គួរ​តាមដាន ONE: IMMORTAL TRIUMPH នៅ​ថ្ងៃទី​៦ ខែកញ្ញា
05, Sep 2019 , 7:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​មាន​ហេតុផល​សំខាន់ៗ ចំនួន ៤ ដែល​អ្នកគាំទ្រ​គួរ​តាមដាន​ព្រឹត្តិការណ៍ ONE: IMMORTAL TRIUMPH នៅ​ថ្ងៃ​សុក្រ ទី ៦ ខែ កញ្ញា ខាងមុខ នៅ Phu Tho Indoor Stadium នា​ក្រុង ហូជីមិញ​ប្រទេស​វៀតណាម​។


 
១-​ការរៀបចំ​លើកដំបូង​នៃ​ការបើក​ទំព័រ​ថ្មី​
 
​ស្ថាប័ន​លំដាប់​ពិភព ONE Championship បាន​ចូលខ្លួន​ទៅ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​លើកដំបូង​នៅ​ប្រទេស​វៀតណាម ដែលមាន​គូប្រកួត​ខ្លាំងៗ​និង​ដណ្ដើម​ខ្សែក្រវាត់​ទៀតផង​។ ព្រឹត្តិការណ៍​ប្រកួត​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា  ONE: IMMORTAL TRIUMPH​។  ទីលាន Phu Tho Indoor Stadium ដែលជា​កន្លែង​រៀបចំ​កម្មវិធី​អាច​ផ្ទុក​អ្នកគាំទ្រ​រហូតដល់ ៨០០០ នាក់​។  Phu Tho Indoor Stadium ត្រូវបាន​រៀបចំ​សាងសង់​នៅ​ឆ្នាំ ២០០០ និង ដាក់​ឲ្យ​ប្រើប្រាស់​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ថ្នាក់ជាតិ​នៅ​ខែ វិច្ឆិកា​ឆ្នាំ ២០០៣​។ ការរៀបចំ​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ​របស់ ONE Championship នឹងធ្វើ​ឲ្យ​អស្ចារ្យ និង រំជើបរំជួល​ដល់​អ្នក​គាំទ្រ​ជាក់​ជាមិនខាន​។ 
 
២-​គូ​ដណ្ដើម​ខ្សែក្រវាត់​លំដាប់​ពិភពលោក 


 
​ម្ចាស់​ខ្សែក្រវាត់​លំដាប់​ពិភពលោក Nong-O Gaiyanghadao នឹង​ឡើងមក​ការពារ​ខ្សែក្រវាត់ ONE Bantamweight Muay Thai World Title របស់ខ្លួន​នៅ​សង្វៀន ONE: IMMORTAL TRIUMPH ទល់នឹង Brice Delval នា​ថ្ងៃទី ៦ ខែ កញ្ញា ខាងមុខ​។ Delval បាន​បង្កើត​ភាព​ជឿជាក់ថា​អាច​នឹងធ្វើ​ឲ្យ​ម្ចាស់​ខ្សែក្រវាត់ Nong-O ខកចិត្ត​បាន​នៅ​ប្រទេស​វៀតណាម​។ ដ្បិត​វ័យ​ត្រឹម ២០ ឆ្នាំ ប៉ុន្តែ Delval កាន់​ខ្សែក្រវាត់ S1 Muay Thai World Champion រួចជាស្រេច​ទៅហើយ​។ កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បង្ហាញ​ការប្រយុទ្ធ​យ៉ាង​អង់អាច​សឹង​មិនគួរ​ជឿ ក្នុងនោះ​ឈ្នះ ៣៣ លើក និង ចាញ់​ត្រឹម​៥​លើក​ប៉ុណ្ណោះ​នា​ការប្រកួត​កន្លងមក​។ មាន​ហេតុផល​ដែល Delval អាច​យកឈ្នះ Non-O បាន ដូច​ជាទី​១ តិក​និក​ប្រកួត​,​ទី​២  ការច្នៃប្រឌិត​លើ​ទីលាន និង ទី​៣ ឆន្ទៈ​ចង់​ឈ្នះ​។ តិក​និក សំដៅលើ​ក្បាច់​បាន​ទាំង​ព្រម ម៉ាត់​កណ្ដាប់ដៃ ទាត់ បម្លាស់​ទី  កែង និង ជង្គង់​។ ចំណែក​ការច្នៃប្រឌិត​វិញ Delval មិនដែល​ចេះ​ខ្លាច​គូប្រកួត និង ចូល​ប្រកួត​ដោយ​ភាពឈ្លាសវៃ ហើយ ការចេញ​ក្បាច់​ដៃ និង​ជើង​ច្បាស់​ល្អ​។ ឆន្ទៈ​ចង់​ឈ្នះ គឺជា​មហិច្ឆតា​របស់ Delval ព្រោះ​រូបគេ​មិន​រាថយ និង ចុះចាញ់​ងាយៗ​ឡើយ ហើយ​វា​ជា​ឱកាស​របស់គេ​ដើម្បី​បញ្ចេញថ្វីដៃ​ឲ្យ​ពិភពលោក​បានឃើញ​ម្ដង​។ 
 
 
៣-​រឿង​ពិសេស​មិនមាន​ការប្រកួត​គុន​ចម្រុះ​៖
 
​សង្វៀន ONE: IMMORTAL TRIUMPH ជាការ​ប្រកួត​ប្រយុទ្ធ​ប្រើ​ជំហរ​ឈរ​ដោយ​គ្មាន​ការប្រកួត​គុន​ចម្រុះ​ឡើយ​។ ការប្រកួត​ទាំង ១៤ គូ គឺ ជាការ​តតាំង​ក្បាច់គុន Muay Thai និង kickboxing​។ ទាំងនេះ​ជាការ​ប្រកួត​យ៉ាង​អស្ចារ្យ និង អន្ទះសា​ដើម្បី​ផ្ដួល​គូប្រកួត ឬ​ធ្វើ​ឲ្យ​ទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​ចៅក្រម​ពី​ការប្រកួត ៣ នាទី​ក្នុង​មួយ​ទឹក និង​មាន​៣ ទឹក​។ 
 
៤- រកឃើញ​ស៊ុប​ពើ​ស្តារ​ថ្មីៗ​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE
 
​មាន​អ្នក​ចំណូល​ថ្មី​សរុប ១៥ នាក់​ដែល​ទើប​បង្ហាញមុខ​លើកដំបូង​នៅ​សង្វៀន ONE​។ ដោយសារ​ទើប​លើក​ទី​១​លើស​ង្វៀន​នេះ ពួកគេ​នឹង​បញ្ចេញ​ឲ្យ​អស់​សមត្ថភាព​ដើម្បី​ទទួលបាន​ការគាំទ្រ​។ មាន​កីឡាករ​ជាច្រើន​មានបទពិសោធន៍​លំដាប់​ពិភពលោក​។ ពួកគេ​កាន់តែ​បង្កើត​ភាព​រំភើប​ញាប់​ញ័រ​ដល់​អ្នកគាំទ្រ​បន្ថែមទៀត​។ មាន​វីរបុរស​ខ្លាំងៗ​ជាច្រើន ដូចជា  Azize Hlali ត្រូវ​ប្រឈម​នឹង Saemapetch Fairtex ក្នុងការ​ប្រកួត​គូ​ឯក​រង ខណៈដែល Kulabdam Sor. Jor. Piek Uthai ដែល​គេ​ស្គាល់​លើ​ជំនាញ​លត់​ដៃគូ​ឲ្យ​សន្លប់​នោះ​ត្រូវ​ជួប ជើង​ខ្លាំង​សញ្ជាតិ​បារាំង Bobo Sacko​។ ចំណែក​កីឡាករ​ជំនាញ​ជង្គង់​ហោះ​ផ្ដួល​គូប្រកួត Juan Cervantes ត្រូវ​តតាំង​នឹង Santino Verbeek​។ ពួកគេ​សុទ្ធសឹងតែ​ជា​គូប្រកួត​ដែល​ទទួលបាន​ការសរសើ​រ និង បន្ថែម​រសជាតិ​ដល់​ព្រឹត្តិការណ៍​ឲ្យ​កាន់តែ​ហ៊ឹកហ៊ាក់​ដល់​កម្រិត​កំពូល​ក្នុង​ការប្រកួត ONE Super Series​។ 

 

​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់ ពីស​ង្វៀន ONE: IMMORTAL TRIUMPH នៅ​ថ្ងៃទី ៦ ខែ កញ្ញា ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​ចាប់ពី​ម៉ោង​៥:៣០ ល្ងាច​តទៅ​https://www.facebook.com/ONEChampionship/, ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕  
 


© រក្សាសិទ្ធិដោយ thmeythmey.com