កាលពីថ្ងៃទី២៩ ដល់ទី៣០ ខែសីហា ឆ្នាំ២០១៩ ក្រុមនិស្សិតសាកលវិទ្យាល័យ “ន័រតុន” បានចូលរួមក្នុងកម្មវិធីដាក់បង្ហាញ និងប្រកួតស្នាដៃបង្កើតថ្មីរបស់និស្សិតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយទទួលបានមេដាយមាស២ និងពានរង្វាន់ជាច្រើនទៀត។
នាកម្មវិធី «ដាក់បង្ហាញ និងប្រកួតស្នាដៃបង្កើតថ្មីរបស់និស្សិតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស» តំណាងគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតផ្នែកកុំព្យូទ័រនៃសាកលវិទ្យាល័យ “ន័រតុន” បានបង្ហាញវត្តមានក្នុងអ្នកចូលរួមប្រមាណ១០០០នាក់មកពី៣០ប្រទេស។
អ្នកចូលរួម និងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍និស្សិតអន្តរជាតិនេះ មកពីបណ្តាប្រទេសមួយចំនួន ដូចជា អូទ្រីស, ចិន, ក្រូអាស៊ី, អេហ្ស៊ីប, បារាំង, ហ្គាណា,ឥណ្ឌា, ឥណ្ឌូណេស៊ី, អ៊ីរ៉ង់, អ៊ីរ៉ាក់, អ៊ីតាលី, ជប៉ុន, លីទុយអានី, ម៉ាឡេស៊ី, ម៉ារ៉ុក, ហូឡង់, ហ្វីលីពីន, ប៉ូឡូញ, រ៉ូម៉ានី, ស៊ូដង់, តៃវ៉ាន់, ថៃ, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, អ៊ូសបេគីសស្ថាន, និងយេម៉ែន។
ក្រុមពីតំណាងប្រទេសទាំងអស់បានបង្កើតនូវគម្រោងខាងផ្នែកវិទ្យាសាស្ត្រព័ត៌មានវិទ្យាស្ដីពី «ការបង្កើតថ្មី និងភាពច្នៃប្រឌិត» សរុប១៥០គម្រោង ដោយផលិតផលទាំងនោះបង្កើតឡើងដើម្បីបម្រើជាផលប្រយោជន៍សង្គមជាតិ មនុស្សជាតិ និងសហគមន៍ខាងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើបចុងក្រោយគេបង្អស់។
នាថ្ងៃចាប់ដំណើរការប្រកួតប្រជែងគ្នា លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអង់គ្លេសបានអញ្ជើញចូលរួមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ព្រមទាំងលើកទឹកចិត្តដល់ក្រុមដែលតំណាងពីកម្ពុជា បានទទួលជ័យលាភី។
ជាមួយគ្នានោះផងដែរ លោកជំទាវបណ្ឌិតអគ្គរាជទូតបានផ្តល់សារលើកទឹកចិត្តថា៖ «គ្មានអ្វីដែលខ្មែរយើងធ្វើមិនបាន ឬធ្វើវាមិនកើតនោះឡើយ។ ខ្មែរយើងមានធនធានមនុស្សជំនាន់ក្រោយៗពិតជាពូកែ និងឆ្លាតវៃណាស់»។ សូមឱ្យកូនខ្មែរបន្តខិតខំរៀនសូត្រ ឲ្យចេះពិតប្រាកដ ដើម្បីចូលរួមគិតទាំងអស់គ្នាក្នុងការបង្កើតថ្មី ខុសប្លែកពីគេសម្រាប់បម្រើការងារសង្គម និងប្រទេសកម្ពុជារបស់យើង»។
គួររំលឹកថា ផ្នែកកុំព្យូទ័រវិទ្យានៃសាកលវិទ្យាល័យ ”ន័រតុន” បានទទួលមេដាយ និងពានរង្វាន់ពិសេសដូចខាងក្រោម៖
-មេដាយមាសចំនួន២ពីប្រទេសអង់គ្លេស
-ពានរង្វាន់ Platinum ចំនួន១ពីប្រទេសអង់គ្លេស
-ពានរង្វាន់ WIIPA Grade Award ចំនួន១ ពីប្រទេសតៃវ៉ាន់
-ពានរង្វាន់ពិសេសចំនួន៩ពីប្រទេសបណ្តាប្រទេសដែលបានចូលរួមផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)