ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ADB គ្រោង​ចំណាយ​ជាង​៥០​លាន​ដុល្លារ ធ្វើ​ឲ្យ​ខេត្តកំពត​ក្លាយជា​ទីក្រុង​សុខដុម​នីយកម្ម​
05, Sep 2019 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល និង​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​នឹង​អភិវឌ្ឍ​ខេត្តកំពត ឱ្យ​ក្លាយជា​ទីក្រុង​សុខដុម​នីយកម្ម តាមរយៈ​ការរៀបចំ​ប្រព័ន្ធ​លូ​ដោះ​ជំនន់​ទឹកភ្លៀង​ចេញពី​ទីក្រុង រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ទឹកស្អុយ​ក្នុង​ក្រុង ការគ្រប់គ្រង​កាកសំណល់​រឹង និង​ការរៀបចំ​ទីលាន​ចាក់សំរាម​។ ការរៀបចំ​ទីក្រុង​កំពត​នេះ​គឺ​ស្ថិតនៅក្នុង​គម្រោង​ទីមួយ​ដែល​អនុវត្ត​ឡើង​នៅ​ខែតុលា​ឆ្នាំ​២០១៩ ក្នុង​ទំហំ​ទឹកប្រាក់​១៤​លាន​ដុល្លារ និង​៤០​លាន​ដុល្លារ​ទៀត​កំពុង​សិក្សា​ដើម្បី​បំពេញបន្ថែម​លើ​គម្រោង​ទីមួយ​នេះ​។ នេះ​បើ​យោងតាម​លោក វ៉ែន សេរី​សោភ័ណ ប្រធានការិយាល័យ​គាំទ្រ​មូលដ្ឋាន​នៃ​រដ្ឋបាល​ខេត្តកំពត​។​
 
​បើតាម​លោក សេរី​សោភ័ណ ការអនុវត្ត​លើ​ការរៀបចំ​ទីក្រុង​កំពត​ក្នុង​កម្ចី​របស់​ADB​នេះ គឺ​បាន​សិក្សា​អស់​រយៈពេល​ជិត​៣​ឆ្នាំ​មកហើយ​ដែល​ទើបបាន​បញ្ចប់ ហើយ​គ្រោង​អនុម័ត​នៅ​សប្តាហ៍​ក្រោយ​។ 
 
​លោក​បានបញ្ជាក់​ដូច្នេះ​៖ «​ចំពោះ​ប្រាក់​៤០​លាន​ដុល្លារ ដែល​កំពុង​សិក្សា​បំពេញបន្ថែម​លើ​គម្រោង​ទីមួយ ក្នុង​ទីក្រុង​កំពត​នេះ គឺ​ស្ថិតក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​២០៧​លាន​ដុល្លារ ដែល​ADB​ផ្តល់​កម្ចី​សម្រាប់​អភិវឌ្ឍ​ទីក្រុង​ចំនួន​បួន​។ ក្រៅពី​ទីក្រុង​កំពត គឺមាន​ទីក្រុង​ប៉ោយប៉ែត​(​ខេត្ត​ឧ​ត្ត​រ​មានជ័យ​) ទីក្រុង​បាវិត​(​ខេត្តស្វាយរៀង​) និង​ទីក្រុង​ក្រចេះ​»​។ ទំហំ​ទឹកប្រាក់​នេះ គឺ​ស្ថិតនៅក្នុង​គម្រោង​ថ្មី​ដែល​បំពេញបន្ថែម​នូវ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ស្រាប់​។ បើតាម លោក វ៉ែន សេរី​សោភ័ណ ប្រាប់​សារព័ត៌មាន​ថ្មីៗ​។ 
 
​ប្រធានការិយាល័យ​គាំទ្រ​មូលដ្ឋាន​នៃ​រដ្ឋបាល​ខេត្តកំពត​រូបនេះ បាន​បន្ថែមថា គម្រោង​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់​២០៧​លាន​ដុល្លារ​នេះ មាន​ឈ្មោះថា​វិនិយោគ​ទីក្រុង​គួរ​ឲ្យ​ចង់​រស់នៅ (Livable City Investment Project) ដែល​មន្ត្រី​ADB បានបង្ហាញ​ចំពោះមុខ លោក ជាវ តា​យ អភិបាល​ខេត្តកំពត  លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន តំណាង​ក្រសួង​សេដ្ឋកិច្ច កាលពី​ថ្ងៃទី​៣​កញ្ញា ឆ្នាំ​២០១៩​។  លោក​បាន​អះអាងថា ក្នុងចំណោម​ទឹកប្រាក់​២០៧​លាន​ដុ​លា្ល​រ​នេះ មាន​១៨០​លាន​ដុល្លារ​ជា​កម្ចី​របស់​ADB និង​២៧​លាន​ដុល្លារ​ទៀត ជា​ថវិកាបដិភាគ​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​៕ 

Tag:
 ADB
© រក្សាសិទ្ធិដោយ thmeythmey.com