ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ADB គ្រោងចំណាយជាង៥០លានដុល្លារ ធ្វើឲ្យខេត្តកំពតក្លាយជាទីក្រុងសុខដុមនីយកម្ម
× ភ្នំពេញ៖ រដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)នឹងអភិវឌ្ឍខេត្តកំពត ឱ្យក្លាយជាទីក្រុងសុខដុមនីយកម្ម តាមរយៈការរៀបចំប្រព័ន្ធលូដោះជំនន់ទឹកភ្លៀងចេញពីទីក្រុង រៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អុយក្នុងក្រុង ការគ្រប់គ្រងកាកសំណល់រឹង និងការរៀបចំទីលានចាក់សំរាម។ ការរៀបចំទីក្រុងកំពតនេះគឺស្ថិតនៅក្នុងគម្រោងទីមួយដែលអនុវត្តឡើងនៅខែតុលាឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់១៤លានដុល្លារ និង៤០លានដុល្លារទៀតកំពុងសិក្សាដើម្បីបំពេញបន្ថែមលើគម្រោងទីមួយនេះ។ នេះបើយោងតាមលោក វ៉ែន សេរីសោភ័ណ ប្រធានការិយាល័យគាំទ្រមូលដ្ឋាននៃរដ្ឋបាលខេត្តកំពត។
បើតាមលោក សេរីសោភ័ណ ការអនុវត្តលើការរៀបចំទីក្រុងកំពតក្នុងកម្ចីរបស់ADBនេះ គឺបានសិក្សាអស់រយៈពេលជិត៣ឆ្នាំមកហើយដែលទើបបានបញ្ចប់ ហើយគ្រោងអនុម័តនៅសប្តាហ៍ក្រោយ។
លោកបានបញ្ជាក់ដូច្នេះ៖ «ចំពោះប្រាក់៤០លានដុល្លារ ដែលកំពុងសិក្សាបំពេញបន្ថែមលើគម្រោងទីមួយ ក្នុងទីក្រុងកំពតនេះ គឺស្ថិតក្នុងទំហំទឹកប្រាក់ចំនួន២០៧លានដុល្លារ ដែលADBផ្តល់កម្ចីសម្រាប់អភិវឌ្ឍទីក្រុងចំនួនបួន។ ក្រៅពីទីក្រុងកំពត គឺមានទីក្រុងប៉ោយប៉ែត(ខេត្តឧត្តរមានជ័យ) ទីក្រុងបាវិត(ខេត្តស្វាយរៀង) និងទីក្រុងក្រចេះ»។ ទំហំទឹកប្រាក់នេះ គឺស្ថិតនៅក្នុងគម្រោងថ្មីដែលបំពេញបន្ថែមនូវរាល់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ បើតាម លោក វ៉ែន សេរីសោភ័ណ ប្រាប់សារព័ត៌មានថ្មីៗ។
ប្រធានការិយាល័យគាំទ្រមូលដ្ឋាននៃរដ្ឋបាលខេត្តកំពតរូបនេះ បានបន្ថែមថា គម្រោងថ្មីក្នុងទំហំទឹកប្រាក់២០៧លានដុល្លារនេះ មានឈ្មោះថាវិនិយោគទីក្រុងគួរឲ្យចង់រស់នៅ (Livable City Investment Project) ដែលមន្ត្រីADB បានបង្ហាញចំពោះមុខ លោក ជាវ តាយ អភិបាលខេត្តកំពត លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី៣កញ្ញា ឆ្នាំ២០១៩។ លោកបានអះអាងថា ក្នុងចំណោមទឹកប្រាក់២០៧លានដុលា្លរនេះ មាន១៨០លានដុល្លារជាកម្ចីរបស់ADB និង២៧លានដុល្លារទៀត ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com