ជាតិ
អភិបាលខេត្ត៖ បែបឈ្មួញគិតថា យកមកលាក់នៅកំពង់ស្ពឺ អត់មានអ្នកចាប់អារម្មណ៍ រូបពីរដ្ឋបាលខេត្តកំពង់ស្ពឺ
× ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរកឃើញឈើហ៊ុបចំនួន ១២ កំណាត់ធំៗ និងរថយន្តប៉ាកុងចំនួន៣គ្រឿងរបស់ឈ្មួញដែលប្រព្រឹត្តបទល្មើសព្រៃឈើ។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣-៤ ខែកញ្ញា ក្នុងស្រុកឱរ៉ាល់។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អះអាងថា ឈើហ៊ុបធំៗទាំងនេះ គឺកាប់ចេញពីខេត្តផ្សេង មកលាក់ទុកក្នុងទឹកដីកំពង់ស្ពឺ។ លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗថា៖«កំពង់ស្ពឺអត់មានប្រភេទឈើធំអ៊ីចឹងទេ ដោយសារតំបន់របស់យើងជាតំបន់ភ្នំមានថ្មរច្រើន មានដុះឈើប្រណីតបេង ធ្នង់ ដែរ តែអត់មានមុខធំអ៊ីចឹងទេ»។ បើតាមលោក វ៉ី សំណាង ឈើទាំង១២ កំណាត់នេះ ជាប្រភេទឈើគគី និងម្រេញ ដែលមានមុខកាត់ជាមធ្យម ១ម៉ែត្រ ហើយកំណាត់ឈើទាំងនោះមានប្រវែង៤ម៉ែត្រ ៥ម៉ែត្រ និង៧ម៉ែត្រ ដែលលោកសង្ស័យថាអាចដឹកមកពីខេត្តពោធិ៍សាត់។
មូលហេតុអ្វីឈ្មួញដឹកឈើយកមកលាក់នៅកំពង់ស្ពឺ? លោក វ៉ី សំណាង ឆ្លើយតបដូច្នេះថា៖«បើតាមខ្ញុំមើលស្ថានភាព គឺកំពង់ស្ពឺមិនដែលមានឈើធំៗ អ៊ីចឹងពួកហ្នឹង(ឈ្មួញ) បែបគិតថាយកមកលាក់នៅទីនេះ អត់មានការចាប់អារម្មណ៍ អត់មានអ្នកណាមករកទេ»។
អភិបាលខេត្តកំពង់ស្ពឺរូបនេះ បញ្ជាក់ថា ឈើទាំងនេះនឹងត្រូវរក្សាទុកនៅសាលាខេត្ត ហើយលោកបានបញ្ជាឲ្យវែកមុខជនពាក់ព័ន្ធនឹងបទល្មើសឈើខាងលើនេះដើម្បីចាត់ការតាមច្បាប់៕
រូបពីរដ្ឋបាលខេត្តកំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com