ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ក្រសួងយុត្តិធម៌ ផ្តើមធ្វើ​ការ​តាម​បញ្ជា​នាយករដ្ឋមន្ត្រី ដើម្បី​កម្ចាត់​អំពើពុករលួយ​ក្នុង​តុលាការ​
05, Sep 2019 , 12:39 pm        
រូបភាព
លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ (រូបពីក្រសួងយុត្តិធម៌)
លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ (រូបពីក្រសួងយុត្តិធម៌)
ដោយ: ថ្មីៗ
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ អះអាងថា ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ក្រសួងយុត្តិធម៌ នឹង​ជួបពិភាក្សា​ជាមួយ​ស្ថាប័ន​សំខាន់ៗ​មួយចំនួន រួមមាន ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម អង្គភាព​ប្រឆាំង​អំពើពុករលួយ និង គណៈមេធាវី ដើម្បី​ស្វែងរក​វិធានការ​រួមមួយ ក្នុងការ​ទប់ស្កាត់​អំពើពុករលួយ ក្នុង​ប្រព័ន្ធយុត្តិធម៌​។


 
​អ្នកនាំពាក្យ​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា នៅពេល​ជួបគ្នា​រួចហើយ ក្រសួងយុត្តិធម៌​និង​ស្ថាប័ន​ទាំងនោះ នឹង​ចេញ​វិធានការ​ជា​កញ្ចប់​តែម្តង ដើម្បី​ដាក់ជូន​ប្រមុខ​រដ្ឋាភិបាល ហើយ​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​ឯកភាព វិធានការ​នោះ នឹងត្រូវ​យកមកអនុវត្ត​ជា​ផ្លូវការ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​វិធានការ​ហ្នឹង ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​មាន​អំពើពុករលួយ​តទៅទៀត​។ [.....] យើង សង្ឃឹមថា នឹង​កាត់បន្ថយ​អំពើពុករលួយ​បាន​ច្រើន [​ទោះ​] មិនអាច​លុប​បាន​ទាំងស្រុង​….»​។​
 
​សំឡេង​លោក ជិន ម៉ា​លីន៖ 



 
​មុននឹង​ឈានទៅ​ជួប​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនោះ លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​ជាមួយ​មន្ត្រី​របស់លោក​ជាមុនសិន កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ ២០១៩​។ លោក ជិន ម៉ា​លីន បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ ផ្តោតលើ​វិធានការ​ផ្ទៃក្នុង​របស់​ក្រសួងយុត្តិធម៌ ដែល​ត្រូវអនុវត្ត​ក្នុងការ​ដោះស្រាយ​អំពើពុករលួយ​ក្នុង​ស្ថាប័ន​តុលាការ​។ 
 
​មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌ បន្តថា វិធានការ​ទាំងនោះ គឺ ការធ្វើ​អធិការកិច្ច​និង​ការត្រួតពិនិត្យ​លើ​ក្រម​សីល​ធម៌​របស់​ក្រឡាបញ្ជី ព្រះរាជអាជ្ញា និង ចៅក្រម រួមទាំង​ការអនុវត្ត​ច្បាប់​និង​នីតិវិធី​របស់​ពួកគេ​ផងដែរ​។ លោក សង្កត់ធ្ងន់​ថា​៖«​បើ​យើង​រកឃើញ [​ថាមាន​អំពើពុករលួយ​]  អាហ្នឹង​មាន​កំហុស​ផ្នែក​វិន័យ ឬ​ត្រូវមាន​វិធានការ​ច្បាប់​តាម​ហ្នឹង​»​។   
 
​ក្រសួងយុត្តិធម៌ ចាប់ផ្តើម​បើក​កិច្ចប្រជុំ​និង​ខ្នះខ្នែង​ស្វែងរក​វិធានការ​ជាបន្ទាន់​បែបនេះ គឺ​បន្ទាប់ពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បានដាក់​បញ្ជា​។ ប្រមុខ​រដ្ឋាភិបាល ទទួលបាន​របាយការណ៍​ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ថា អំពើពុករលួយ​បានកើត​ឡើង​និង​មាន​លក្ខណៈ​អាថ៌កំបាំង​ខ្លាំង​ក្នុង​ប្រព័ន្ធតុលាការ តាមរយៈ​មេធាវី​មួយចំនួន ជា​អ្នក​លួច​រត់ការ ដែល​មានន័យថា មេធាវី យកលុយ​ពី​កូនក្តី​ឬ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ទៅ​សូក​មន្ត្រី​តុលាការ ដូចជា​ក្រឡាបញ្ជី ព្រះរាជអាជ្ញា និង ចៅក្រម​។ 
 
​គណៈមេធាវី បានចេញ​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី​៣០ ខែសីហា ដោយ​ប្រាប់​ទៅ​មេធាវី​ទាំងអស់​ថា គណៈមេធាវី នឹង​ពិនិត្យ​សកម្មភាព​ប្រកប​វិជ្ជាជីវៈ​របស់​មេធាវី «​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​» និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​។ តាមរយៈ​សេចក្តីថ្លែងការណ៍ គណៈមេធាវី អំពាវនាវ​ឲ្យ​មេធាវី បន្ត​លើកកម្ពស់​វិជ្ជាជីវៈ​របស់ខ្លួន និង ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​៕   

Tag:
 ជិន ម៉ា​លីន​
  តុលាការ​
  មេធាវី​
  អំពើពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com