អន្តរជាតិ
លោក ស៊ី ជិនភីង ថា ចិនកំពុងប្រឈមនឹងហានិភ័យជាច្រើន ប្រធានាធិបតីចិន ស៊ី ជិនភីង នៅក្នុងកិច្ចប្រជុំ G20 នៅអូសាកា ប្រទេសជប៉ុន, ប្រភព Reuters
× លោកប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី០៣ ខែកញ្ញា បានលើកឡើងថា ចិនកំពុងស្ថិតនៅក្នុងយុគដ៏គ្រោះថ្នាក់ ដែលជាពេលត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច នយោបាយ និងការទូត។ ប្រឈមមុខបញ្ហានេះ លោក ស៊ី ប្រាប់ឲ្យមន្ត្រីចិន ត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ និងត្រូវតែឈ្នះលើប្រទេសណា ដែលចង់ប្រកួតប្រជែងជាមួយចិន។
ការលើកឡើងបែបនេះរបស់ប្រធានាធិបតីចិន គឺដើម្បីត្រៀមរៀបចំការប្រារព្ធខួបសាធារណរដ្ឋប្រជាមានិតចិនលើកទី៧០ នៅថ្ងៃទី០១ តុលាខាងមុខនេះ ខណៈពេលបញ្ហាចម្រូងចម្រាស់មួយចំនួននៅតែកើតមានជាក់ស្តែងដូចជាបាតុកម្មនៅហុងកុង និងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកជាដើម។ ក្នុងនាមជាអគ្គលេខាធិការគណកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក ស៊ី ជិនភីង មិនចង់ឲ្យមានអ្វីមករំខានកម្មវិធីដ៏អធិកអធមនេះឡើយ។
តាមរយៈការស្រង់ពាក្យសម្តីរបស់ប្រព័ន្ធផ្សព្វផ្សាយចិន ប្រមុខដឹកនាំចិនរូបនេះគូសបញ្ជាក់ថា យើងត្រូវតែប្រឹងប្រែង និងយកឈ្នះលើឧបសគ្គឲ្យបាន។ ក្នុងន័យនេះ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា៖ «យើងត្រូវតែប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ និងអ្វីទាំងឡាយ ដែលមកប្រជែងជាមួយនឹងបក្សកុំម្មុយនិស្ត អធិបតេយ្យជាតិ សន្តិសុខ និងគោលដៅរបស់ប្រទេស។»
ជាការពិត បញ្ហាសេដ្ឋកិច្ច នយោបាយ សង្គម បរិស្ថាន វិស័យការពារជាតិ បាតុកម្មនៅហុងកុង និងកោះតៃវ៉ាន់ នៅតែជាបញ្ហាប្រឈមសម្រាប់ចិន។ យ៉ាងណាក៏ដោយលោកប្រធានាធិបតិ ស៊ី បានបន្ថែមថា ពេលបច្ចុប្បន្ន និងពេលអនាគត ការអភិវឌ្ឍរបស់ចិន បានចូលទៅក្នុងយុគមួយដ៏គ្រោះថ្នាក់ ហើយចិននឹងត្រូវប្រឈមនឹងបញ្ហាច្រើនទៀត។
និយាយនៅក្នុងសាលាមជ្ឈិមបក្ស ដែលជាកន្លែងបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ ប្រធានាធិបតីចិនវ័យ ៦៦ឆ្នាំរូបនេះ បានបញ្ជាក់ថា មន្ត្រីបក្សត្រូវតែច្បាស់ជាមុនអំពីគ្រោះថ្នាក់ និងរបៀបដែលត្រូវដោះស្រាយវា។ ក្នុងនាមជាកម្មាភិបាលរបស់បក្ស មន្ត្រីទាំងអស់ត្រូវតែជាអ្នកចម្បាំងដែលហ៊ានប្រយុទ្ធ និងពូកែក្នុងការប្រយុទ្ធ។
សូមបញ្ជាក់ថា បច្ចុប្បន្នចិនត្រូវប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា ការចង់ផ្តាច់ខ្លួនចេញរបស់កោះតៃវ៉ាន់ បាតុកម្មនៅហុងកុង សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងកើតជាមួយជប៉ុន ជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង ស្របដែលត្រូវរៀបចំពិធីគំរប់ខួបទី៧០ ដែលមានការធ្វើព្យុហយាត្រាធំជាងពេលណាៗទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com