អន្តរជាតិ
លោក ស៊ី ជិន​ភីង ថា ចិន​កំពុង​ប្រឈម​នឹង​ហានិភ័យ​ជាច្រើន​
05, Sep 2019 , 10:25 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង នៅក្នុងកិច្ចប្រជុំ G20 នៅអូសាកា ប្រទេសជប៉ុន, ប្រភព Reuters
ប្រធានាធិបតីចិន ស៊ី ជិនភីង នៅក្នុងកិច្ចប្រជុំ G20 នៅអូសាកា ប្រទេសជប៉ុន, ប្រភព Reuters
​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​០៣ ខែកញ្ញា បាន​លើកឡើងថា ចិន​កំពុង​ស្ថិតនៅក្នុង​យុគ​ដ៏​គ្រោះថ្នាក់ ដែលជា​ពេល​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច នយោបាយ និង​ការទូត​។ ប្រឈមមុខ​បញ្ហា​នេះ លោក ស៊ី ប្រាប់​ឲ្យ​មន្ត្រី​ចិន ត្រូវតែ​ត្រៀមខ្លួន​ឲ្យ​រួចរាល់ និង​ត្រូវតែ​ឈ្នះ​លើ​ប្រទេស​ណា ដែល​ចង់​ប្រកួតប្រជែង​ជាមួយ​ចិន​។


 
​ការលើកឡើង​បែបនេះ​របស់​ប្រធានាធិបតី​ចិន គឺ​ដើម្បី​ត្រៀម​រៀបចំ​ការ​ប្រារព្ធ​ខួប​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើក​ទី​៧០ នៅ​ថ្ងៃទី​០១ តុលា​ខាងមុខនេះ ខណៈពេល​បញ្ហា​ចម្រូងចម្រាស់​មួយចំនួន​នៅតែ​កើតមាន​ជាក់ស្តែង​ដូចជា​បាតុកម្ម​នៅ​ហុងកុង និង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ជាដើម​។ ក្នុងនាម​ជា​អគ្គលេខាធិការ​គណកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន លោក ស៊ី ជិន​ភីង មិន​ចង់​ឲ្យ​មាន​អ្វី​មក​រំខាន​កម្មវិធី​ដ៏​អធិកអធម​នេះឡើយ​។ 
 
​តាមរយៈ​ការ​ស្រង់ពាក្យ​សម្តី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ប្រមុខ​ដឹកនាំ​ចិន​រូបនេះ​គូសបញ្ជាក់ថា យើង​ត្រូវតែ​ប្រឹងប្រែង និង​យកឈ្នះ​លើ​ឧបសគ្គ​ឲ្យ​បាន​។ ក្នុងន័យនេះ លោក​ប្រធានាធិបតី​បាន​សង្កត់ធ្ងន់ថា​៖ «​យើង​ត្រូវតែ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រោះថ្នាក់ និង​អ្វី​ទាំងឡាយ ដែល​មក​ប្រជែង​ជាមួយនឹង​បក្ស​កុំម្មុយនិស្ត អធិបតេយ្យ​ជាតិ សន្តិសុខ និង​គោលដៅ​របស់​ប្រទេស​។​» 
 
​ជាការ​ពិត បញ្ហា​សេដ្ឋកិច្ច នយោបាយ សង្គម បរិស្ថាន វិស័យ​ការពារជាតិ បាតុកម្ម​នៅ​ហុងកុង និង​កោះ​តៃវ៉ាន់ នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ចិន​។ យ៉ាងណាក៏ដោយ​លោក​ប្រ​ធានា​ធិ​ប​តិ ស៊ី  បាន​បន្ថែមថា ពេលបច្ចុប្បន្ន និង​ពេលអនាគត ការអភិវឌ្ឍ​របស់​ចិន បាន​ចូលទៅក្នុង​យុគ​មួយ​ដ៏​គ្រោះថ្នាក់ ហើយ​ចិន​នឹងត្រូវ​ប្រឈម​នឹង​បញ្ហា​ច្រើន​ទៀត​។ 
 
​និយាយ​នៅក្នុង​សាលា​មជ្ឈិមបក្ស ដែលជា​កន្លែង​បណ្តុះបណ្តាល​មន្ត្រីជាន់ខ្ពស់ ប្រធានាធិបតី​ចិន​វ័យ ៦៦​ឆ្នាំ​រូបនេះ បាន​បញ្ជាក់ថា មន្ត្រី​បក្ស​ត្រូវតែ​ច្បាស់​ជាមុន​អំពី​គ្រោះថ្នាក់ និង​របៀប​ដែល​ត្រូវ​ដោះស្រាយ​វា​។ ក្នុងនាម​ជា​កម្មាភិបាល​របស់​បក្ស មន្ត្រី​ទាំងអស់​ត្រូវតែ​ជា​អ្នក​ចម្បាំង​ដែល​ហ៊ាន​ប្រយុទ្ធ និង​ពូកែ​ក្នុងការ​ប្រយុទ្ធ​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន​ចិន​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​មួយចំនួន​ដូចជា ការចង់​ផ្តាច់ខ្លួន​ចេញ​របស់​កោះ​តៃវ៉ាន់ បាតុកម្ម​នៅ​ហុងកុង សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ជម្លោះ​ដែនទឹក​នៅក្នុង​សមុទ្រ​ចិន​ខាងកើត​ជាមួយ​ជប៉ុន ជម្លោះ​ដែនទឹក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ស្រប​ដែល​ត្រូវ​រៀបចំ​ពិធី​គំរប់​ខួប​ទី​៧០ ដែលមាន​ការធ្វើ​ព្យុហយាត្រា​ធំ​ជាង​ពេលណាៗ​ទាំងអស់​៕

Tag:
 ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com