ជាតិ
គំរូក្រុងសម្ព័ន្ធភាព ភ្នំពេញ-ស៊ិនជិន ត្រូវបានដាក់បង្ហាញក្នុងកិច្ចប្រជុំ«ទីក្រុងឆ្លាត»នៅប្រទេសអូទ្រីស
× អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) បានរៀបចំវេទិកាអន្តរជាតិទីក្រុងឆ្លាតនៅក្នុងទីក្រុងវីយែននៃប្រទេសអូទ្រីសពីថ្ងៃទី៣ដល់ថ្ងៃទី៤ខែកញ្ញានេះ។ ថ្នាក់ដឹកនាំទីក្រុងមកពីប្រទេសនៃទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក និងតំណាងអង្គការអន្តរជាតិ វិស័យឯកជនត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងព្រឹត្តិការណ៍ដែលមានប្រធានបទ «ស្ពានសម្រាប់ទីក្រុង៤.០៖ ផ្សារភ្ជាប់ទីក្រុងតាមរយៈបដិវត្តឧស្សាហកម្មបែបថ្មី»។
អក្សរជាភាសាអង់គ្លេស Phnom Penh ក្បែររូបថតប្រាសាទកំពូល៣ និង អក្សរShenZhen ក្បែរទង់ជាតិប្រទេសចិន ត្រូវបានដាក់តាំងបង្ហាញនៅលើជញ្ជាំងនៃស្តង់ចំនួនពីរដែលតំណាងទីក្រុងរបស់ប្រទេសកម្ពុជា និងរបស់ប្រទេសចិន។ ជាស្តង់តំណាងទីក្រុងគំរូនៃក្រុងសម្ព័ន្ធភាព ដែលត្រូវបានដាក់តាំងនៅក្នុងកន្លែងប្រជុំថ្នាក់អន្តរជាតិ ដែលវាគ្មិនជាតំណាងទីក្រុង តំណាងអង្គការអន្តរជាតិ និងអ្នកធ្វើសេចក្តីសម្រេចចិត្តបានចែករំលែកភាពជោគជ័យ និងឧបសគ្គនៅក្នុងការដឹកនាំរៀបចំទីក្រុងរបស់ពួកគេ។
បញ្ហាអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ការគ្រប់គ្រងធនធាន បរិយាប័ន្ន ទ្វេគ្រោះផ្នែកហិរញ្ញវត្ថុ ទាំងនេះជាប្រធានបទចម្បងនៃកិច្ចពិភាក្សារយៈពេល២ថ្ងៃ ស្តីពី«ទីក្រុងឆ្លាត»ក្នុងយុគសម័យឧស្សាហកម្ម ៤.0។
ពីប្រទេសកម្ពុជា មានលោក ផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច, លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ និងកញ្ញា ខុន ខេម៉ា ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិសាលារាជធានីភ្នំពេញ និង លោក គង់ វិតាណៈ អភិបាលរងក្រុងព្រះសីហនុ។
នៅក្នុងចំណោមកិច្ចពិភាក្សាជាច្រើន ក៏មានការស្តាប់ពិសោធន៍នៃការងារសម្ព័ន្ធភាពរវាងរាជធានីភ្នំពេញ និងទីក្រុង ស៊ិនជិនផងដែរ បន្ទាប់ពីការកាត់ខ្សែបូសម្ពោធពិព័រណ៍ទីក្រុងឆ្លាតដែលមានស្តង់របស់រាជធានីភ្នំពេញស្ថិតនៅក្នុងចំណោមទីក្រុងធំៗពីរបីដែលមានវត្តមាននៅក្នុងការពិព័រណ៍នោះ។
អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន តំណាងលោកអភិបាលរាជធានីភ្នំពេញ និងតំណាងទីក្រុងស៊ិនជិនត្រូវបានជ្រើសរើសឱ្យចូលរួមកាត់ខ្សែបូសម្ពោធពិព័រណ៍ទីក្រុងឆ្លាតជាមួយអគ្គនាយកនៃអង្គការ UNIDO។
នៅកម្ពុជា រាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ត្រូវបានជ្រើសរើសឱ្យចូលក្នុងបណ្តាញទីក្រុងឆ្លាត «Smart cities» របស់អាស៊ាន៕
Tag:
ទីក្រុងឆ្លាត
UNIDO
នួន ផារ័ត្ន
រាជធានីភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com