អន្តរជាតិ
ព្យុះ​កំណាច Dorian បាន​កម្ទេច​គ្រប់យ៉ាង​លើ​កោះ Bahamas
05, Sep 2019 , 2:11 pm        
រូបភាព
រូបភាព BBC
រូបភាព BBC
​ដោយ​៖ ងួន សុ​ភាវ​ត្តី​
 
​ប្រជុំ​កោះ Bahamas បាន​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ព្យុះ​កំណាច Dorian ដែល​បោកបក់​កាត់​កោះ​នេះ​។ កោះ​Man-O-War Cay ក្នុង​ប្រជុំ​កោះ Bahamas ត្រូវបាន​បំផ្លាញ​ស្ទើរតែ​ទាំងស្រុង​ដោយសារតែ​ព្យុះ Dorian នេះ ហើយ​ដើម្បី​ចូលទៅក្នុង​តំបន់​នោះបាន គឺ​ត្រូវ​ចំណាយពេល​៣​ថ្ងៃ​ឯណោះ​។ នេះ​បើតាម​ការរាយការណ៍រ​បស់​សារព័ត៌មាន CNN ។​


 
​កោះ Man-O-War Cay ដែល​ធ្លាប់ជា​កូន​កោះ​មួយ​នៅ​ភាគ​ខាងជើង​នៃ​Bahamas ឥឡូវនេះ​បានក្លាយ​ទៅជា​គំនរ​ថ្ម​ដ៏​ធំ​ទៅវិញ​។ ដែលជា​អ្នកយកព័ត៌មាន​របស់​CNN Paula Newton បាន​រាយការណ៍​ពី​ដែន​កោះ​នេះ​៖ «​គ្មានអ្វី​នៅ​សេសសល់​ឡើយ​នៅលើ​កូន​កោះ​នេះ​»​។ អ្នករាយការណ៍​រូបនេះ​បាន​បន្ថែមថា អ្វីៗ​គ្រប់យ៉ាង​នៅ​ទីនោះ​ត្រូវបាន​បំផ្លាញ​ពី​៩០%​ទៅ​១០០%​ទៅហើយ​។​
 
​មន្ត្រី​នៅ Bahamas​បាន​ប្រាប់​អោយដឹងថា មនុស្ស​យ៉ាងតិច​២០​នាក់​បាន​រងរបួស​នៅលើ​កួន​កោះ Man-O-War នេះ​។ មកទល់នឹង​ពេលនេះ​មនុស្ស​៧​នាក់​ហើយ​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ព្យុះ​កំណាច Dorian ហើយ​គេ​រំពឹងទុក​ថា​តួលេខ​នៃ​ចំនួន​នាក់​ស្លាប់​នេះ​នឹងមាន​ការកើនឡើង​ជាប​ន្ត​ទៀត​។​
 
​យ៉ាងណាមិញ ក្រុម​អ្នករុករក កំពុង​បន្តសកម្មភាព​ខ្លួន​ក្នុងការ​ជួយសង្គ្រោះ​ដដែល​។ ប៉ុន្តែ​ដោយសារ​ឥទ្ធិពល​ព្យុះ Dorian ជា​ព្យុះកំ​រិត​ទី​៥ ក្រុម​រុករក ប្រឈមមុខ​គ្រោះថ្នាក់​យ៉ាងខ្លាំង​ក្នុងការ​ស្វែងរក​ជនរ​ង​គ្រោះ ដ្បិត​ពួកគេ​ពិបាក​ចូលទៅក្នុង​តំបន់​ដែល​រង​ការវាយប្រហារ​។ 
 
​គួរ​រំលឹក​ឡើងវិញ​ថា ព្យុះ​កំណាច Dorian បាន​ទៅដល់​ប្រជុំ​កោះ Bahamas កាលពី​ថ្ងៃទី​២ ខែកញ្ញា​។ ព្យុះ​នេះ កំពុងតែ​បង្កបញ្ហា​ដល់​ទឹកដី​អាមេរិក​ហើយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com