អន្តរជាតិ
ការស្វែងរក​មូលនិធិ​សម្រាប់​ការអប់រំ​ជាបន្ទាន់​សម្រាប់​កុមារ​រាប់លាន​នាក់​ដែល​ស្ថិតនៅក្នុង​ស្ថានភាព​មាន​វិបត្តិ​
05, Sep 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ កុមារអាហ្វហ្គានីស្ថានប្រមូលស្មៅ និងមែកឈើសម្រាប់ដុតនៅក្នុងវាលស្រែមួយជាយក្រុង Herat។
រូបឯកសារ៖ កុមារអាហ្វហ្គានីស្ថានប្រមូលស្មៅ និងមែកឈើសម្រាប់ដុតនៅក្នុងវាលស្រែមួយជាយក្រុង Herat។
ដោយ: VOA
​ហ្សឺ​ណែវ ៖ មូលនិធិ​សាកល​សម្រាប់​ការអប់រំ​ជាបន្ទាន់ កំពុង​ស្វែងរក​ថវិកា​ចំនួន​១​ពាន់ ៨​រយ​លាន​នៅត្រឹម​ឆ្នាំ​២០២១ ដើម្បី​ផ្តល់​ឲ្យ​កុមារ​និង​យុវជន​ចំនួន​៩​លាន​នាក់ ដែល​ជាប់​នៅ​កន្លែង​ដែលមាន​សង្គ្រាម និង​នៅក្នុង​ស្ថានការណ៍​មាន​វិបត្តិ​ផ្សេងៗ​ទៀត​។ មូលនិធិ​ដែលមាន​ឈ្មោះថា ការអប់រំ​មិនអាច​រង់ចាំ​បាន ឬ Education Cannot Wait នេះ ត្រូវបាន​រៀបចំឡើង​នៅឯ​ជំនួប​កំពូល​សប្បុរសធម៌​ពិភពលោក​ឆ្នាំ ២០១៦ ដើម្បី​ផ្តល់​ការអប់រំ​ដល់​កុមារ​ដែល​បាន​បាត់បង់​ឱកាស​ទទួល​ការអប់រំ​។​

 
​មូលនិធិ​នេះ​ប្រមូល​ថវិកា​បាន​៥​រយ​លាន​ដុល្លារ​ចាប់តាំងពី​មូលនិធិ​បានចាប់ផ្តើម​ប្រតិបត្តិការ​កាលពី​ឆ្នាំ ២០១៧​។ នៅក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដំបូង​របស់ខ្លួន មូលនិធិ​នេះ​បានផ្តល់​ការអប់រំ​ជាបន្ទាន់​ដល់​មនុស្ស​វ័យក្មេង​ប្រមាណ​ជាង​១​លាន ៥​សែន​នាក់​ដែល​បាន​ជាប់​នៅក្នុង​សង្គ្រាម បង្ខំ​ឲ្យ​ផ្លាស់​ទីលំនៅ រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​វិបត្តិ​ផ្សេងៗ​ទៀត នៅក្នុង​ប្រទេស​ចំនួន ២៩​។​
 
​នាយិកា​មូលនិធិ​ការអប់រំ​មិនអាច​រង់ចាំ​បាន លោកស្រី Yasmine Sherif បាន​ថ្លែងថា ការវិនិយោគ​ក្នុង​ចំនួន​គួរ​ឲ្យ​កត់សម្គាល់ កំពុងតែ​កើតមានឡើង​នៅក្នុង​តំបន់ Sahel ដូចជា​នៅក្នុង​ប្រទេស​ប៊ឺ​គី​ណា ហ្វា​សូ (Burkina Faso) និង​ប្រទេស​នី​ហ្សេ ដែលជា​ប្រទេស​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដែល​កំពុង​ត្រូវការ​ការអប់រំ​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​។ លោកស្រី​បាន​ថ្លែងថា កុមារ​នៅក្នុង​ប្រទេស​កា​ម៉េ​រូ​ន មិនបាន​ទៅ​សាលារៀន​រយៈពេល​ពីរ​ឆ្នាំ​មកហើយ ដែល​នេះ គឺ​ដោយសារតែ​វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​សង្គ្រាម​។​
 
​លោកស្រី​បាន​ប្រាប់ VOA ថា ការអប់រំ គឺ​ត្រូវបាន​រៀបចំឡើង​ជាពិសេស ដើម្បី​ដោះស្រាយ​ទុក្ខលំបាក​វេទនា​របស់​កុមារ​ដែល​ជាប់​ក្នុង​សង្គ្រាម ដែល​ពួកគេ​ទាំងនោះ មានការ​បាក់ស្បាត​យ៉ាងខ្លាំង​។​
 
​លោកស្រី Sherif បាន​ថ្លែងថា​៖
 
«​ទីមួយ ការអប់រំ​ដែលមាន​គុណភាព ត្រូវការ​សេវាកម្ម​សុខភាព​ផ្លូវចិត្ត និង​សេវាកម្ម​ចិត្តសាស្ត្រ​សង្គម​។ វា គឺជា​អាទិភាព​ចំបង​របស់​យើង​។ ទី​ពីរ កិច្ចការ​នេះ​តម្រូវ​ឲ្យ​មានការ​រួមបញ្ចូល និង​សមភាព​យេនឌ័រ ដើម្បី​ឲ្យ​ប្រាកដថា កុមារី ត្រូវបាន​គេ​យកចិត្តទុកដាក់​មុនគេ គឺ​មិន​ត្រូវបាន​គេ​ទុកចោល​នៅក្នុង​ចំណោម​អ្នក​ទាំងឡាយ​ដែល​ត្រូវបាន​គេ​ទុកចោល​ទាំងនោះ​»​។​
 
​លោកស្រី Sherif ថ្លែងថា មូលនិធិ​នេះ​កំពុងធ្វើការ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​នាំយក​កុមារី​ឲ្យ​ចូលរៀន​វិញ​។ លោកស្រី​ថ្លែង​ទៀតថា កុមារ​ដែល​ផ្លាស់​ទីលំនៅ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ កំពុងតែ​ទទួលបាន​ការអប់រំ​ក្នុងពេល​ឥឡូវនេះ ដូច្នេះ​ពួកគេ​មិនចាំបាច់​ចាំ​រហូតដល់​ជម្លោះ​ចប់​នោះទេ​។​
 
​របាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​ដែល​បានចេញ​នាពេល​ថ្មីៗ​នេះ​បាន​រកឃើញថា ពាក់កណ្តាល​នៃ​ជនភៀសខ្លួន​ជា​កុមារ ដែលមាន​ចំនួន​ប្រមាណ​ជាង ៧​លាន​នាក់​ក្នុង​ពិភពលោក មិនបាន​ទៅ​សាលារៀន​ទេ​។​
 
​លោកស្រី Sherif ថ្លែងថា ជិត​៥០​ភាគរយ​នៃ​អ្នក​ដែល​ទទួលបាន​ប្រយោជន៍​ពី​មូលនិធិ​នេះ គឺជា​កុមារី​។ លោកស្រី​ថ្លែងថា ៤៦ ភាគរយ​ទៀត គឺ​ជនភៀសខ្លួន និង​មនុស្ស​វ័យក្មេង​ដែល​ផ្លាស់​ទីលំនៅ​និង ១៤.០០០ នាក់ គឺ​កុមារ​ពិការ​។​
 
​លោកស្រី​ថ្លែងថា កុមារ​ដែល​ទៅ​សាលារៀន​ជួបប្រទះ​គ្រោះថ្នាក់​ជាច្រើន​។ ក៏ប៉ុន្តែ លោកស្រី​ថ្លែង​ទៀតថា កុមារ​ដែល​មិនបាន​ទៅ​សាលារៀន គឺ​ប្រថុយ​នឹង​គ្រោះថ្នាក់​ខ្លាំង​ជាង​ទៅនឹង​ការកេងប្រវ័ញ្ច ការបំពាន អំពើហិង្សា​ផ្លូវភេទ ការរៀប​ការ និង​ការ​មាន​ផ្ទៃពោះ​ទាំង​ខ្លួន​នៅ​ក្មេង និង​ការបង្ខំ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជនប្រដាប់អាវុធ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com