អន្តរជាតិ
លោក ចនសុន ចង់បោះឆ្នោតមុនអាណត្តិមិនបាន និងត្រូវសភាចងដៃរឿងចាកចេញ នាយករដ្ឋមន្រ្តី បូរីស ចនសុន ចាកចេញពីរដ្ឋសភា។ រូបភាព AFP
× រដ្ឋាភិបាលចក្រភពអង់គ្លេសរបស់នាយករដ្ឋមន្ត្រី បូរីស ចនសុន បានធ្លាក់ចូលស្ថានភាពមិនច្បាស់លាស់នៅថ្ងៃទី៤ ខែកញ្ញា បន្ទាប់ពីសភាបានបោះឆ្នោតបិទផ្លូវការចាកចេញដោយគ្មានកិច្ចព្រមព្រៀង។ លើសពីនោះ លោក ចនសុន ក៏មិនអាចរៀបចំការបោះឆ្នោតមុនការកំណត់បានដែរ ព្រោះសមាជិកសភាភាគច្រើនប្រឆាំង។ ៦សប្ដាហ៍ក្នុងតំណែងជានាយករដ្ឋមន្ត្រី លោក ចនសុន មិនទាន់សម្រេចបានលទ្ធផលផ្លែផ្កាអ្វីទេ តែជួបព្យុះនយោបាយបន្តបន្ទាប់។
នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន បានរងបរាជ័យជាបន្តបន្ទាប់អំឡុងពេលកិច្ចប្រជុំសភានៅថ្ងៃទី៤ ខែកញ្ញា ខណៈសមាជិកសភាបក្សអភិរក្សរបស់លោកមួយចំនួនចូលដៃជាមួយបក្សប្រឆាំងទៅទៀត។ ក្នុងការបោះឆ្នោតដ៏សំខាន់មួយដែលកំណត់អនាគតរបស់អង់គ្លេសនៅពេលខាងមុខ សភាអង់គ្លេសបានអនុម័តលើសេចក្ដីស្នើច្បាប់មួយដែលបង្ខំឲ្យលោក ចនសុន ពន្យារពេលចាកចេញពីអឺរ៉ុប បើសិនជាភាគីទាំងពីរមិនទាន់មានកិច្ចព្រមព្រៀងលែងលះនៅមុនកាលថ្ងៃទី៣១ ខែតុលាទេនោះ។
ថ្ងៃទី៣១ ខែតុលា ជាកាលបរិច្ឆេទចុងក្រោយដែលអង់គ្លេសត្រូវចាកចេញពីអឺរ៉ុប ក្រោយពន្យារពេលច្រើនលើកហើយនោះ។ លោក ចនសុន ចង់អូសអង់គ្លេសចេញពីអឺរ៉ុបត្រឹមកាលកំណត់នេះ ទោះមាន ឬមិនមានកិច្ចព្រមព្រៀងក្ដី ខណៈដែលរដ្ឋសភាបានបដិសេធកិច្ចព្រមព្រៀងលែងលះពីរដងទៅហើយដែរក្រោមអាណត្តិនាយករដ្ឋមន្ត្រី ថេរ៉េសា ម៉េយ៍ ។ ដោយសាររឿងនេះ ទើបសមាជិកសភាអង់គ្លេសតាក់តែងច្បាប់ដែលបិទផ្លូវមិនឲ្យអង់គ្លេសចេញដោយគ្មានកិច្ចព្រមព្រៀងតែម្ដង។
ក្រោយដឹងលទ្ធផលថា មិនអាចអូសអង់គ្លេសចេញតាមការចង់បាន លោក ចនសុន ដែលចាត់ទុកច្បាប់ថ្មីទើបអនុម័តជាការបំផ្លាញសមត្ថភាពចរចារបស់រដ្ឋាភិបាល ក៏ប្រកាសឲ្យមានការរៀបចំការបោះឆ្នោតតែម្ដង។ ប៉ុន្តែនាយករដ្ឋមន្ត្រីរូបនេះ ក៏រងបរាជ័យម្ដងទៀត ដ្បិតមិនអាចប្រមូលសំឡេងបានគ្រប់ពីរភាគបីពីសមាជិកដើម្បីប្រកាសបោះឆ្នោតបាន។ បក្សពលករដែលជាប្រឆាំង បានជំទាស់គម្រោងបោះឆ្នោតមុនអាណត្តិនេះ។
ប្រធានបក្សពលករ ជេរេមី ខប៊ីន និយាយថា ទោះជាលោកគាំទ្រការបោះឆ្នោតឡើងវិញមែន លោកចង់ឃើញច្បាប់ដែលបិទផ្លូវការចាកចេញដោយគ្មានកិច្ចព្រមព្រៀង ត្រូវបានអនុវត្តសិន។ តាមច្បាប់ អង់គ្លេស នឹងចាកចេញដោយស្វ័យប្រវត្តិនៅថ្ងៃទី៣១ ខែតុលា បើអង់គ្លេសមិនសុំពន្យារពេល ឬស្នើសុំបន្តជាសមាជិកទេនោះ។ ក្រោមច្បាប់ថ្មី ការចាកចេញពីអឺរ៉ុបអាចពន្យារពេលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ឯណោះ។
ចេញពីរដ្ឋសភា សេចក្ដីស្នើច្បាប់នេះ នឹងបន្តទៅសភាជាន់ខ្ពស់មួយដំណាក់កាល។ ក្នុងករណីត្រូវបានអនុម័ត សេចក្ដីស្នើច្បាប់នេះ នឹងបញ្ជូនបន្តទៅកាន់រាជវាំងដើម្បីសុំព្រះហស្តលេខាពីមហាក្សត្រិយ អេលីហ្សាប៊ែតទី២ រួចទើបអនុវត្តជាផ្លូវការ។ សម្រាប់ពេលបច្ចុប្បន្នវិញ លោកនាយករដ្ឋមន្ត្រី ចនសុន មិនទាន់អាចធ្វើបានទាំងអស់៕
Tag:
Brexit
អឺរ៉ុប
Boris Johnson
© រក្សាសិទ្ធិដោយ thmeythmey.com