ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នកនាំពាក្យជំរុញឧត្តមក្រុមប្រឹក្សា ឲ្យបញ្ជូនឈ្មោះមេធាវីឬមន្ត្រីតុលាការដែលពុករលួយ ទៅក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
× លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកទឹកចិត្តសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឲ្យសរសេររបាយការណ៍ដាក់ជូនក្រសួងយុត្តិធម៌ បើពួកគេ រកឃើញមេធាវីនិងមន្ត្រីតុលាការរូបណា ដូចជា ក្រឡាបញ្ជី ព្រះរាជអាជ្ញា និង ចៅក្រម បានប្រព្រឹត្តអំពើពុករលួយ។
អ្នកនាំពាក្យរូបនេះ លើកឡើងថា ក្រសួងយុត្តិធម៌ នឹងចាត់វិធានការ នៅពេលទទួលបានរបាយការណ៍ទាំងនោះ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ លោក សង្កត់ដូច្នេះថា៖«បើរកឃើញ [ថាប្រព្រឹត្តអំពើពុករលួលមែន] នឹងមានវិធានការផ្នែកវិន័យនិងច្បាប់ជាហូរហែអ៊ីចឹងទៅ»។
នៅចុងខែសីហា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក្រសួងយុត្តិធម៌ឲ្យចាត់វិធានការលើអំពើពុករលួយក្នុងស្ថាប័នតុលាការ។ ការចេញបញ្ជានេះ គឺបន្ទាប់ពីប្រមុខរដ្ឋាភិបាល ទទួលបានរបាយការណ៍ពីឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ថា អំពើពុករលួយបានកើតឡើងនិងមានលក្ខណៈអាថ៌កំបាំងខ្លាំងក្នុងប្រព័ន្ធតុលាការ តាមរយៈមេធាវីមួយចំនួន ដែលលួចរត់ការ យកលុយពីកូនក្តីឬអ្នកពាក់ព័ន្ធផ្សេងទៀត ទៅសូកមន្ត្រីតុលាការ ដែលរួមមាន ក្រឡាបញ្ជី ព្រះរាជអាជ្ញា និង ចៅក្រម។
ក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំមួយភ្លាម កាលពីថ្ងៃទី៣ ខែកញ្ញា ដើម្បីរកវិធានការដោះស្រាយអំពើពុករលួយក្នុងស្ថាប័នតុលាការ។ លោក ជិន ម៉ាលីន អះអាងថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រសួងយុត្តិធម៌ នឹងជួបពិភាក្សាជាមួយស្ថាប័នសំខាន់ៗមួយចំនួន រួមមាន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អង្គភាពប្រឆាំងអំពើពុករលួយ និង គណៈមេធាវី ដើម្បីស្វែងរកវិធានការរួមមួយ ក្នុងការទប់ស្កាត់អំពើពុករលួយ ក្នុងប្រព័ន្ធយុត្តិធម៌។
អ្នកនាំពាក្យរូបនេះ បន្ថែមថា នៅពេលជួបគ្នារួចហើយ ក្រសួងយុត្តិធម៌និងស្ថាប័នទាំងនោះ នឹងចេញវិធានការជាកញ្ចប់តែម្តង ដើម្បីដាក់ជូនប្រមុខរដ្ឋាភិបាល ហើយបន្ទាប់ពីប្រមុខរដ្ឋាភិបាលឯកភាព វិធានការនោះ នឹងត្រូវយកមកអនុវត្តជាផ្លូវការ។
ចំណែក គណៈមេធាវី បានអំពាវនាវឲ្យមេធាវី បន្តលើកកម្ពស់វិជ្ជាជីវៈរបស់ខ្លួន និង ចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញកាលពីថ្ងៃទី៣០ ខែសីហា គណៈមេធាវី ប្រាប់មេធាវីទាំងអស់ថា គណៈមេធាវី នឹងពិនិត្យសកម្មភាពប្រកបវិជ្ជាជីវៈរបស់មេធាវី «ឲ្យបានម៉ឺងម៉ាត់បំផុត» និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល៕
Tag:
ជិន ម៉ាលីន
តុលាការ
មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com