ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នកនាំពាក្យ​ជំរុញ​ឧ​ត្ត​ម​ក្រុមប្រឹក្សា ឲ្យ​បញ្ជូន​ឈ្មោះ​មេធាវី​ឬ​មន្ត្រី​តុលា​ការដែល​ពុករលួយ ទៅ​ក្រសួងយុត្តិធម៌
05, Sep 2019 , 7:39 pm        
រូបភាព
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
ដោយ: ថ្មីៗ
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លើកទឹកចិត្ត​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ឲ្យ​សរសេរ​របាយការណ៍​ដាក់ជូន​ក្រសួងយុត្តិធម៌ បើ​ពួកគេ រកឃើញ​មេធាវី​និង​មន្ត្រី​តុលាការ​រូប​ណា ដូចជា ក្រឡាបញ្ជី ព្រះរាជអាជ្ញា និង ចៅក្រម បាន​ប្រព្រឹត្ត​អំពើពុករលួយ​។


 
​អ្នកនាំពាក្យ​រូបនេះ លើកឡើងថា ក្រសួងយុត្តិធម៌ នឹង​ចាត់វិធានការ នៅពេល​ទទួលបាន​របា​យ​ការណ៍​ទាំងនោះ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ លោក សង្កត់​ដូច្នេះ​ថា​៖«​បើ​រកឃើញ [​ថា​ប្រព្រឹត្ត​អំពើ​ពុករ​លួ​ល​មែន​] នឹងមាន​វិធានការ​ផ្នែក​វិន័យ​និង​ច្បាប់​ជា​ហូរហែ​អ៊‌ីចឹង​ទៅ​»​។​
 
​សំឡេង​លោក ជិន ម៉ា​លីន៖ 



 
​នៅ​ចុងខែ​សីហា ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ក្រសួងយុត្តិធម៌​ឲ្យ​ចាត់វិធានការ​លើ​អំពើពុករលួយ​ក្នុង​ស្ថាប័ន​តុលាការ​។ ការចេញ​បញ្ជា​នេះ គឺ​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល ទទួលបាន​របាយការណ៍​ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ថា អំពើពុករលួយ​បានកើត​ឡើង​និង​មាន​លក្ខណៈ​អាថ៌កំបាំង​ខ្លាំង​ក្នុង​ប្រព័ន្ធតុលាការ តាមរយៈ​មេធាវី​មួយចំនួន ដែល​លួច​រត់ការ យកលុយ​ពី​កូនក្តី​ឬ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ទៅ​សូក​មន្ត្រី​តុលាការ ដែល​រួមមាន ក្រឡាបញ្ជី ព្រះរាជអាជ្ញា និង ចៅក្រម​។​
 
​ក្រសួងយុត្តិធម៌ បាន​បើក​កិច្ចប្រជុំ​មួយ​ភ្លាម កាលពី​ថ្ងៃទី​៣ ខែកញ្ញា ដើម្បី​រក​វិធានការ​ដោះស្រាយ​អំពើពុករលួយ​ក្នុង​ស្ថាប័ន​តុលាការ​។ លោក ជិន ម៉ា​លីន អះអាងថា ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ក្រសួងយុត្តិធម៌ នឹង​ជួបពិភាក្សា​ជាមួយ​ស្ថាប័ន​សំខាន់ៗ​មួយចំនួន រួមមាន ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម អង្គភាព​ប្រឆាំង​អំពើពុករលួយ និង គណៈមេធាវី ដើម្បី​ស្វែងរក​វិធានការ​រួមមួយ ក្នុងការ​ទប់ស្កាត់​អំពើពុករលួយ ក្នុង​ប្រព័ន្ធយុត្តិធម៌​។​
 
​អ្នកនាំពាក្យ​រូបនេះ បន្ថែមថា នៅពេល​ជួបគ្នា​រួចហើយ ក្រសួងយុត្តិធម៌​និង​ស្ថាប័ន​ទាំងនោះ នឹង​ចេញ​វិធានការ​ជា​កញ្ចប់​តែម្តង ដើម្បី​ដាក់ជូន​ប្រមុខ​រដ្ឋាភិបាល ហើយ​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​ឯកភាព វិធានការ​នោះ នឹងត្រូវ​យកមកអនុវត្ត​ជា​ផ្លូវការ​។​
 
​ចំណែក គណៈមេធាវី បាន​អំពាវនាវ​ឲ្យ​មេធាវី បន្ត​លើកកម្ពស់​វិជ្ជាជីវៈ​របស់ខ្លួន និង ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​។ តាមរយៈ​សេចក្តីថ្លែងការណ៍ ដែល​ចេញ​កាលពី​ថ្ងៃទី​៣០ ខែសីហា គណៈមេធាវី ប្រាប់​មេធាវី​ទាំងអស់​ថា គណៈមេធាវី នឹង​ពិនិត្យ​សកម្មភាព​ប្រកប​វិជ្ជាជីវៈ​របស់​មេធាវី «​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​» និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​៕   

Tag:
 ជិន ម៉ា​លីន​
  តុលាការ​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com