អន្តរជាតិ
បាតុករហុងកុងប្តេជ្ញាបន្តការតវ៉ា ទោះរដ្ឋាភិបាលដកសេចក្តីព្រាងច្បាប់បត្យាប័ន អ្នកតវ៉ាម្នាក់កាន់បដារៀបរាប់ពីការទាមទារទាំង៥ អំឡុងពេលធ្វើបាតុកម្មនៅអាកាសយានដ្ឋានអន្តរជាតិ ហុងកុង នៅថ្ងៃ ១៣ សីហា (AFP)
× ក្រុមបាតុករនៅហុងកុងបានប្តេជ្ញាបន្តធ្វើសកម្មភាពតវ៉ា ថ្វីបើមេដឹកនាំហុងកុង លោកស្រី ការី ឡាំ (Carrie Lam) បានប្រកាសដកសេចក្តីព្រាងច្បាប់បត្យាប័នដ៏ចម្រូងចម្រាសជាផ្លូវការក៏ដោយក្តី។ គោលដៅនៃការដកនេះ គឺដើម្បីបន្ថយភាពតានតឹងនៃវិបត្តិនយោយបាយ ដែលគ្របដណ្តប់លើទីក្រុងនេះអស់ពេលជិត៣ខែមកនេះ។
ខណៈលោកស្រីប្រធានប្រតិបត្តិប្រចាំទីក្រុង ហុងកុង ការី ឡាំ បានសន្យាថាសេចក្តីព្រាងច្បាប់ធញវើបត្យាប័នបានស្លាប់ជាផ្លូវការនៅថ្ងៃពុធ ទី៤ កញ្ញា ក្រុមអ្នកតវ៉ាជាច្រើនចាត់ទុកទង្វើនេះថា «តិចតូច និងយឺតយ៉ាវបំផុត» ។ ពួកគេថែមទាំងប្តេជ្ញាបន្តធ្វើសកម្មភាពតវ៉ាតាមដងផ្លូវ រហូតដល់ការទាមទារទាំងប្រាំយ៉ាងរបស់ពួកគេ សម្រេចជោគជ័យ ដោយក្នុងនោះក៏មាន លោកស្រី ឡាំ ចុះចេញពីតំណែង និងរដ្ឋាភិបាលផ្តួចផ្តើមគណៈកម្មាធិការឯករាជ្យមួយបើកការស៊ើបអង្កេតលើចរិតហិង្សារបស់ប៉ូលិសហុងកុងលើក្រុមបាតុករ។
ប្រាប់ទៅទូរទស្សន៍កាតា Aljazeera អ្នកតវ៉ាជាមេធាវីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាព បានលើកឡើងថា៖ «សារដ៏ច្បាស់លាស់មួយដែលខ្ញុំមាន គឺថា យើងមិនដកថយនោះឡើយ។ ខ្ញុំ គិតថា នោះជាការរំពឹងទុករបស់រដ្ឋាភិបាលដែលក្មេងខ្ចីនិងឆោតល្ងង់ ដោយឆ្លើយតបត្រឹមតែការទាមទារមួយក្នុងចំណោមការទាមទារទាំង ៥ ហើយរំពឹងថា ប្រជាជននឹងបញ្ឈប់សកម្មភាពតវ៉ា»។
ការដកសេចក្តីព្រាងច្បាប់បត្យាប័នបែបនេះ ប្រៀបដូចជាការចាក់សាំងបន្ថែមលើភ្លើង ដែលកំពុងឆាបឆេះតែប៉ុណ្ណោះ។ មេធាវីហុងកុង សង្កត់ធ្ងន់បែបនេះ ដោយបន្ថែមទៀតថា គ្មាននរណាម្នាក់ទុកចិត្តលោកស្រី ការី ឡាំ ទៀតទេ ម្ល៉ោះហើយ គេចាត់ទុករាល់សម្ដីរបស់លោកស្រីថាជា យុទ្ធសាស្ត្រនយោបាយដើម្បីបង្វែរការចាប់អារម្មណ៍សាធារណជន ក្នុងគោលដៅបំបែកការគាំទ្រសម្រាប់ក្រុមអ្នកតវ៉ាតែប៉ុណ្ណោះ។
តាមការចុះផ្សាយរបស់ទូរទស្សន៍កាតា Aljazeera ដដែល ការយល់ឃើញស្រដៀងគ្នានេះ បានចែករំលែកដោយអ្នកតវ៉ាហុងកុងម្នាក់ទៀត ឈ្មោះថា Jack ។ លោក និយាយថា ការទាមទារទាំងប្រាំយ៉ាង ជាចំណុចស្នូលនៃការធ្វើសកម្មភាពបាតុកម្មតវ៉ា ហើយវានៅតែស្ថិតក្នុងខួរក្បាលរបស់ប្រជាជនហុងកុង។ ត្រង់ចំណុចនេះ លោក យល់ឃើញថា ទីបំផុតទៅ ប្រជាជនហុងកុងចង់បានការទាមទារទាំងប្រាំ គិតជាកញ្ចប់តែម្តង ដោយពុំមែនជាបញ្ជីនៃជម្រើស «ពហុជម្រើស» នោះទេ។
សូមបញ្ជាក់ ការប្រកាសដកសំណើច្បាប់បត្យាប័នជាផ្លូវការនេះ ធ្វើឡើងជាង២ខែក្រោយពីលោកស្រី ការី ឡាំ បានប្រកាសព្យួរសំណើច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស ក្រោយបាតុកម្មផ្ទួនៗក្នុងទីក្រុង ហុងកុង កាលពីពាក់កណ្តាលខែមិថុនា ។ សេចក្តីព្រាងច្បាប់នេះ នឹងបើកផ្លូវឲ្យធ្វើបត្យាប័នឧក្រិដ្ឋជនពីហុងកុងទៅកាត់ទោសនៅចិនដីគោកបាន។
នៅទីនោះ គេជឿថា គណបក្សកម្មុយនីស្តចិន ក្តោបក្តាប់អំណាចតុលាការ។ ប្រជាជនហុងកុងជាច្រើន ព្រួយបារម្ភថា ច្បាប់នេះ នឹងត្រូវប្រើប្រាស់ដោយរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីកម្ចាត់សត្រូវនយោបាយ។ វា ក៏នឹងមានន័យថា ដល់ទីអវសាននៃគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» និង «សិទ្ធិមនុស្ស» ដែលប្រជាជនហុងកុងមាន ចាប់តាំងពីការប្រគល់អំណាចពីចក្រភពអង់គ្លេសទៅឲ្យចិន កាលពីឆ្នាំ១៩៩៧៕
Tag:
ហុងកុង
ការីឡាំ
សេចក្តីព្រាងច្បាប់បត្យាប័ន
© រក្សាសិទ្ធិដោយ thmeythmey.com