អន្តរជាតិ
បាតុករ​ហុងកុង​ប្តេជ្ញា​បន្ត​ការតវ៉ា ទោះ​រដ្ឋាភិបាល​ដក​សេចក្តីព្រាងច្បាប់​បត្យាប័ន​
05, Sep 2019 , 4:03 pm        
រូបភាព
អ្នកតវ៉ាម្នាក់កាន់បដារៀបរាប់ពីការទាមទារទាំង៥ អំឡុងពេលធ្វើបាតុកម្មនៅអាកាសយានដ្ឋានអន្តរជាតិ ហុងកុង នៅថ្ងៃ ១៣ សីហា (AFP)
អ្នកតវ៉ាម្នាក់កាន់បដារៀបរាប់ពីការទាមទារទាំង៥ អំឡុងពេលធ្វើបាតុកម្មនៅអាកាសយានដ្ឋានអន្តរជាតិ ហុងកុង នៅថ្ងៃ ១៣ សីហា (AFP)
ដោយ:
​ក្រុមបាតុករ​នៅ​ហុងកុង​បាន​ប្តេជ្ញា​បន្តធ្វើ​សកម្មភាព​តវ៉ា ថ្វីបើ​មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ (Carrie Lam) បានប្រកាស​ដក​សេចក្តីព្រាងច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​ជា​ផ្លូវការ​ក៏ដោយ​ក្តី​។ គោលដៅ​នៃ​ការដក​នេះ គឺ​ដើម្បី​បន្ថយ​ភាព​តានតឹង​នៃ​វិបត្តិ​ន​យោ​យ​បាយ ដែល​គ្របដណ្តប់​លើ​ទីក្រុង​នេះ​អស់​ពេល​ជិត​៣​ខែ​មកនេះ​។



អត្ថបទទាក់ទង

​ខណៈ​លោកស្រី​ប្រធាន​ប្រតិបត្តិ​ប្រចាំ​ទីក្រុង ហុងកុង ការី ឡាំ បាន​សន្យាថា​សេចក្តីព្រាងច្បាប់​ធ​ញ​វើ​បត្យាប័ន​បាន​ស្លាប់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ ទី​៤ កញ្ញា ក្រុមអ្នកតវ៉ា​ជាច្រើន​ចាត់ទុក​ទង្វើ​នេះ​ថា «​តិច​តូច និង​យឺតយ៉ាវ​បំផុត​» ។ ពួកគេ​ថែមទាំង​ប្តេជ្ញា​បន្តធ្វើ​សកម្មភាព​តវ៉ា​តាម​ដងផ្លូវ រហូតដល់​ការទាមទារ​ទាំង​ប្រាំ​យ៉ាង​របស់​ពួកគេ សម្រេច​ជោគជ័យ ដោយ​ក្នុងនោះ​ក៏មាន លោកស្រី ឡាំ ចុះ​ចេញពី​តំណែង និង​រដ្ឋាភិបាល​ផ្តួចផ្តើម​គណៈកម្មាធិការ​ឯក​រាជ្យ​មួយ​បើក​ការស៊ើបអង្កេត​លើ​ចរិត​ហិង្សា​របស់​ប៉ូលិស​ហុងកុង​លើ​ក្រុមបាតុករ​។

​ប្រាប់​ទៅ​ទូរទស្សន៍​កាតា Aljazeera អ្នក​តវ៉ា​ជា​មេធាវី​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព បាន​លើកឡើងថា​៖ «​សារ​ដ៏​ច្បាស់លាស់​មួយ​ដែល​ខ្ញុំ​មាន គឺថា យើង​មិន​ដកថយ​នោះឡើយ​។ ខ្ញុំ គិតថា នោះ​ជាការ​រំពឹងទុក​របស់​រដ្ឋាភិបាល​ដែល​ក្មេងខ្ចី​និង​ឆោតល្ងង់ ដោយ​ឆ្លើយតប​ត្រឹមតែ​ការទាមទារ​មួយ​ក្នុងចំណោម​ការទាមទារ​ទាំង ៥ ហើយ​រំពឹងថា ប្រជាជន​នឹង​បញ្ឈប់​សកម្មភាព​តវ៉ា​»​។​

​ការដក​សេចក្តីព្រាងច្បាប់​បត្យាប័ន​បែបនេះ ប្រៀបដូចជា​ការចាក់​សាំង​បន្ថែម​លើ​ភ្លើង ដែល​កំពុង​ឆាបឆេះ​តែប៉ុណ្ណោះ​។ មេធាវី​ហុងកុង សង្កត់ធ្ងន់​បែបនេះ ដោយ​បន្ថែមទៀតថា គ្មាន​នរណាម្នាក់​ទុកចិត្ត​លោកស្រី ការី ឡាំ ទៀត​ទេ ម្ល៉ោះហើយ គេ​ចាត់ទុក​រាល់​សម្ដី​របស់​លោកស្រី​ថា​ជា យុទ្ធសាស្ត្រ​នយោបាយ​ដើម្បី​បង្វែរ​ការចាប់អារម្មណ៍​សាធារណជន ក្នុង​គោលដៅ​បំបែក​ការគាំទ្រ​សម្រាប់​ក្រុមអ្នកតវ៉ា​តែប៉ុណ្ណោះ​។
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​កាតា Aljazeera ដដែល ការយល់ឃើញ​ស្រដៀង​គ្នា​នេះ បាន​ចែករំលែក​ដោយ​អ្នក​តវ៉ា​ហុងកុង​ម្នាក់ទៀត ឈ្មោះថា Jack ។ លោក និយាយថា ការទាមទារ​ទាំង​ប្រាំ​យ៉ាង ជា​ចំណុច​ស្នូល​នៃ​ការធ្វើសកម្មភាព​បាតុក​ម្ម​តវ៉ា ហើយ​វា​នៅតែ​ស្ថិតក្នុង​ខួរក្បាល​របស់​ប្រជាជន​ហុងកុង​។   ត្រង់ចំណុច​នេះ លោក យល់ឃើញថា ទីបំផុត​ទៅ ប្រជាជន​ហុងកុង​ចង់បាន​ការទាមទារ​ទាំ​ង​ប្រាំ គិត​ជា​កញ្ចប់​តែម្តង ដោយ​ពុំមែន​ជា​បញ្ជី​នៃ​ជម្រើស «​ពហុ​ជម្រើស​» នោះទេ​។​

​សូមបញ្ជាក់ ការប្រកាស​ដក​សំណើ​ច្បាប់​បត្យាប័ន​ជា​ផ្លូវការ​នេះ ធ្វើឡើង​ជាង​២​ខែ​ក្រោយពី​លោកស្រី ការី ឡាំ បានប្រកាស​ព្យួរ​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូងចម្រាស ក្រោយ​បាតុកម្ម​ផ្ទួនៗ​ក្នុង​ទីក្រុង ហុងកុង កាលពី​ពាក់កណ្តាល​ខែមិថុនា ។ សេចក្តីព្រាងច្បាប់​នេះ  នឹង​បើកផ្លូវ​ឲ្យ​ធ្វើ​បត្យាប័ន​ឧក្រិដ្ឋជន​ពី​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិនដីគោក​បាន​។

​នៅ​ទីនោះ គេ​ជឿថា គណបក្ស​ក​ម្មុយ​នី​ស្ត​ចិន ក្តោប​ក្តាប់​អំណាចតុលាការ​។ ប្រជាជន​ហុងកុង​ជាច្រើន ព្រួយបារម្ភ​ថា ច្បាប់​នេះ នឹងត្រូវ​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​កម្ចាត់​សត្រូវ​នយោបាយ​។ វា ក៏​នឹង​មានន័យថា ដល់ទី​អវសាន​នៃ​គោលនយោបាយ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» និង «​សិទ្ធិមនុស្ស​» ដែល​ប្រជាជន​ហុងកុង​មាន ចាប់តាំងពី​ការប្រគល់អំណាច​ពី​ចក្រភព​អង់គ្លេស​ទៅ​ឲ្យ​ចិន កាលពី​ឆ្នាំ​១៩៩៧៕

Tag:
 ហុងកុង​
  ការី​ឡាំ​
  សេចក្តីព្រាងច្បាប់​បត្យាប័ន
© រក្សាសិទ្ធិដោយ thmeythmey.com