អន្តរជាតិ
សង្គ្រាម​ពាណិជ្ជកម្ម​៖ ចិន​និង​អាមេរិក បន្ត​ចរចា​ក្នុង​ខែតុលា ក្រោយ​យកពន្ធ​គ្នា​ថ្មីៗ​
05, Sep 2019 , 9:19 pm        
រូបភាព
​ក្រសួងពាណិជ្ជកម្ម​ចិន​នៅ​ថ្ងៃទី​០៥ ខែកញ្ញា បាន​និយាយថា តំណាង​ចរចា​ចិន និង​អាមេរិក យល់ព្រម​លើ​ជំនួប​ចរចា​ពាណិជ្ជកម្ម​នៅ​ដើមខែ​តុលា​នៅ​ទីក្រុង​វ៉ា​ស៊ី​ង​តោន​។ ជំនួប​នៅ​ទឹកដី​អាមេរិក ធ្វើឡើង​បន្ទាប់ពី​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរបាន​យកពន្ធ​លើ​ទំនិញ​នាំចូល​ពីគ្នា​ទៅវិញទៅមក​មួយ​ជុំ​ទៀត​នៅ​ដើមខែ​កញ្ញា​។



​ការចរចា​ពាណិជ្ជកម្ម​ត្រូវបាន​គេ​រំពឹងថា នឹង​ធ្វើឡើង​នៅក្នុង​ខែ​នេះ បន្ទាប់ពី​អាមេរិក និង​ចិន​បាន​យកពន្ធ​ពីគ្នា​ទៅវិញទៅមក​កាលពី​ថ្ងៃទី​០១ ខែកញ្ញា​។ ប៉ុន្តែ​ភាគី​លើក​ទៅ​ជួបគ្នា​នៅ​ខែតុលា​វិញ​។

​តាមរយៈ​សេចក្តីថ្លែងការណ៍​លើ​គេហទំព័រ​របស់ខ្លួន ក្រសួងពាណិជ្ជកម្ម​ចិន​អះអាងថា ការឯកភាព​គ្នា​ដើម្បី​បន្ត​ការចរចា​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ជជែក​តាម​ទូរ​សព្ទ​រវាង​ឧបនាយករដ្ឋមន្ត្រី Liu He  និង​អ្នកតំណាង​ចរចា​ពាណិជ្ជកម្ម​អាមេរិក​លោក Robert Lighthizer និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Steven Mnuchin​។ ចំណែក​ប្រធាន​ធនាគា​កណ្តាល​របស់​ចិន លោក Yi Gang ក៏​ចូលរួម​កិច្ចសន្ទនា​នេះដែរ​។

អត្ថបទទាក់ទង

​សេចក្ដីថ្លែងការណ៍​ដដែល​បាន​គូសបញ្ជាក់ថា អ្នកតំណាង​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​នឹងមាន​ការពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​ក្នុង​ពាក់កណ្តាល​ខែកញ្ញា​នេះ មុន​នឹងមាន​ជំនួប​ចរចា​ពាណិជ្ជកម្ម​ជា​ផ្លូវការ​រវាង​អាមេរិក និង​ចិន​ក្នុង​ខែតុលា​។ ជា​ការពិត​កិច្ចពិភាក្សា ដែល​ត្រូវធ្វើឡើង​ក្នុង​ខែ​ក​ញ្ញ​នេះ គឺ​ដើម្បី​សម្រួល​ឲ្យ​ភាគី​ទាំងសងខាង អាចបង្កើត​នូវ​លក្ខខណ្ឌ​ដ៏​សមប្រកប​។​

​ពិតណាស់ថា ភាពចម្រូងចម្រាសរ​វា​ង​អាមេរិក និង​ចិន​កាន់តែ​ក្តៅ​ឡើង ហើយ​លោក​ដូ​ណា​ល់ ត្រាំ តែង​ចោទ​ចិន​ថា មិន​ចង់​មាន​កិច្ចសន្យា​ពាណិជ្ជកម្ម​ល្អ​មួយ ខណៈពេល​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹងត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​២០២០​ខាង​មុននេះ​។

​សូមបញ្ជាក់ថា ជំនួប​ចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន កាលពី​ខែកក្កដា នៅ​ទីក្រុង​សៀង​ហៃ គឺ​មិន​ទទួលបាន​ផ្លែផ្កា​ឡើយ ហើយ​ក្នុង​ជំហាន​បន្ទាប់ ចិន និង​អាមេរិក បានសម្រេច​យកពន្ធ​ពីគ្នា​ទៅវិញទៅមក​ក្នុងតម្លៃ​ជាច្រើន​ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃទី​០១ ខែកញ្ញា​។ ចិន​ក៏​ទើប​សម្រេច​ដាក់ពាក្យ​បណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្រោម​ហេតុផល​ថា អាមេរិក​បាន​យកពន្ធ​ពី​ខ្លួន​ហួសហេតុ​ពេក និង​ការពារ​ភាពស្របច្បាប់​របស់ខ្លួន​លើ​ពាណិជ្ជកម្ម ជាពិសេស​គឺ​បំពាន​កិច្ចព្រមព្រៀង​រវាង​មេដឹកនាំ​ចិន និង​អាមេរិក​នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​៕


Tag:
 ​ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com