ជាតិ
សហជីព និងសមាគមគ្រូបង្រៀន ទូលថ្វាយព្រះមហាក្សត្រពីកង្វល់រឿងនយោបាយ និងEBA
× ភ្នំពេញ៖ សហជីព រួមទាំងសមាគមគ្រូបង្រៀន និងបញ្ញវ័ន្ត បានផ្ញើលិខិតទូលថ្វាយព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ពីបញ្ហានយោបាយ និងការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ (Everything But Arms) របស់សហភាពអឺរ៉ុប។
ក្នុងលិខិតរួមគ្នារបស់ក្រុមសហជីព និងសមាគមគ្រូបង្រៀន និងបញ្ញវ័ន្តទាំងនោះ បានទូលថ្វាយព្រះមហាក្សត្រថា ស្ថានភាពនយោបាយដ៏អាប់អួរបច្ចុប្បន្ន ខណៈលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពជួបជុំសម្ដែងមតិ និងសេរីភាពសារព័ត៌មាន ត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលជាការរំលោភបំពានរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ដោយសារកត្តាទាំងនេះ ទើបធ្វើឱ្យកម្ពុជាទទួលរងការគាបសង្គត់ និងការព្រមានដាក់ទណ្ឌកម្មនានា ពីសំណាក់សហគមន៍អន្តរជាតិ ដូចជាយន្តការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ(EBA) របស់សហភាពអឺរ៉ុប និងGSP របស់សហរដ្ឋអាមេរិក។ ការព្រមានដកប្រព័ន្ធអនុគ្រោះនេះ ធ្វើឡើងក្រោយពេលលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ឃុំខ្លួន ហើយគណបក្សប្រឆាំងមួយនេះ ត្រូវបានរំលាយ កាលពីចុងឆ្នាំ២០១៧។ នេះជាការរៀបរាប់សហជីព និងសមាគមគ្រូបង្រៀន និងបញ្ញវ័ន្ត។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលបានដាក់លិខិតថ្វាយព្រះមហាក្សត្រ នៅថ្ងៃទី៥ កញ្ញា បានបង្ហាញក្តីព្រួយបារម្ភថា បើសិនជាអ្នកនយោបាយ មិនបន្ទន់ឥរិយាបថ និងមិនព្រមស្វែងរកដំណោះស្រាយបញ្ហាជាតិរួមគ្នាទេ នោះករណី EBA និង GSP នឹងត្រូវកាត់ផ្ដាច់ ដែលនាំឱ្យប៉ះពាល់ដល់កម្មករខ្មែរ៧០ម៉ឺននាក់ជាមិនខាន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក រ៉ុង ឈុន បាននិយាយដូច្នេះថា៖« ដោយសារយើងមើលឃើញវិបត្តិនយោបាយកម្ពុជារ៉ាំរ៉ៃមកដល់ពេលនេះ ហាក់បីដូចជាមិនទាន់ឃើញពន្លឺអ្វីទាំងអស់ ហើយណាមួយវាជិតដល់ថ្ងៃឱសានវាទរបស់សហភាពអឺរ៉ុប ដែលថាដក ឬមិនដកនូវប្រព័ន្ធអនុគ្រោះពន្ធ នៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ»។
ត្រង់ចំណុចនេះលោក រ៉ុង ឈុន បានសង្កត់ធ្ងន់ថា បើទុកបញ្ហាទាំងនេះ ឱ្យអូសបន្លាយពេលយូរទៀតនោះ វានឹងធ្វើឱ្យកម្ពុជាជួបវិបត្តិធ្ងន់ធ្ងរ ដូច្នេះគឺមានតែព្រះមហាក្សត្រទេ ដែលជាតួអង្គសំខាន់ ក្នុងការដោះស្រាយបញ្ហានេះ។
«ដើម្បីបញ្ចៀសនូវរាល់បញ្ហា ដែលពាក់ព័ន្ធនឹងកម្មករ ពលរដ្ឋទទួលផលប្រយោជន៍ពីEBAនេះ យើងឃើញថាមានតែព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទេ ដែលជាតួអង្គសំខាន់នៅក្នុងការសម្របសម្រួល ដើម្បីបញ្ចប់បញ្ហាវិបត្តិនយោបាយ»។ នេះជាការលើកឡើងរបស់ប្រធានសហភាពសហជីពកម្ពុជា ដែលស្នើសុំយាងព្រះមហាក្សត្រធ្វើជាអធិបតី ក្នុងការកោះប្រជុំគ្រប់ភាគីគណបក្សនយោបាយ ដើម្បីចរចាបញ្ចប់វិបត្តិនយោបាយ ហើយបញ្ចៀសការដកប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSPនេះ។
ទាក់ទងបញ្ហាEBAនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសម្ដងហើយម្ដងទៀតថា ទោះបីកម្ពុជា បាត់បង់EBA ក៏សេដ្ឋកិច្ចកម្ពុជា មិនស្លាប់ដែរ ហើយកម្ពុជាក៏មិនលក់អធិបតេយ្យភាព ដោយសារបញ្ហាEBAនេះឡើយ។ មិនតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាល បាននិយាយបែបផ្លែផ្កាវិញថា បើសិនជាសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាវិញមែន នោះអ្វីៗដែលសហភាពអឺរ៉ុប ប្រឹងប្រែងជួយកម្ពុជាកន្លងមក គឺស្មើនឹងសូន្យ។
ងាកមកការចរចានយោបាយវិញ មេដឹកនាំកម្ពុជារូបនេះ អះអាងថា គណបក្សខ្លួន គ្មានបំណងចរចាជាមួយមេដឹកនាំអតីតគណបក្សប្រឆាំងឡើយ។ ចំណែកបញ្ហាក្តីក្ដាំអ្នកនយោបាយនោះ ត្រូវបានសម្ដេច ហ៊ុន សែន តបថា វាស្ថិតនៅក្រោមឆន្ទានុសិទ្ធរបស់តុលាការ។
តែយ៉ាងណាលោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាផុតអាណត្តិ បាននិយាយថា សហភាពអឺរ៉ុបមិនចង់ដក EBA ពីកម្ពុជានោះទេ ដូច្នេះ ការបាត់បង់ ឬបន្តនៃប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម គឺស្ថិតនៅលើកណ្ដាប់ដៃនៃរាជរដ្ឋាភិបាលកម្ពុជា។ ត្រង់ចំណុចនេះលោក Edgar បានជំរុញឲ្យរដ្ឋាភិបាលបន្តគោរព និងលើកកម្ពស់សិទ្ធិមនុស្សឡើងវិញ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះ«អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ, EBA»។ លោកលើកឡើងថា ប្រសិនបើកម្ពុជាបាត់បង់ EBA អ្នករងគ្រោះពិតប្រាកដគឺពលរដ្ឋក្រីក្រ ជាពិសេសអ្នកធ្វើការក្នុងវិស័យកាត់ដេរ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មធិការសហភាពអឺរ៉ុបប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការនៃការអនុវត្តនីតិវិធីពិនិត្យលើប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលមានរយៈពេល ១៨ ខែ។ កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩នេះ គណៈកម្មធិការសហភាពអឺរ៉ុបបានបញ្ចប់ការពិនិត្យលើលទ្ធភាពនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដែលមានរយៈពេល៦ ខែ។
ករណីមានការព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា នោះការនាំចេញនឹងអាចធ្លាក់ចុះ ដែលគិតជាទឹកប្រាក់ចន្លោះប្រមាណ ៥១៣លានដុល្លារ ទៅ ៦៥៤លានដុល្លារក្នុងមួយឆ្នាំ។ ការគណនានេះ ដោយផ្អែកតួលេខនៃនាំចេញទៅ EU ឆ្នាំ២០១៨ ទំហំ ៤៣៤០លានដុល្លារ នៃផលិតផលសម្លៀកបំពាក់ ស្បែកជើង និងអង្ករ ដោយមិនគិតផលិតផលកង់។ គួរបញ្ជាក់ថា គ្រាន់តែសម្លៀកបំពាក់ កាន់ទំហំដល់ទៅ ៨០ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាទៅ EU ៕
Tag:
រ៉ុង ឈុន
សហជីព
EBA
GSP
© រក្សាសិទ្ធិដោយ thmeythmey.com