ជាតិ
សហជីព និង​សមាគម​គ្រូបង្រៀន ទូលថ្វាយ​ព្រះមហាក្សត្រ​ពី​កង្វល់​រឿង​នយោបាយ និង​EBA
05, Sep 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ សហជីព រួមទាំង​សមាគម​គ្រូបង្រៀន និង​បញ្ញវ័ន្ត បាន​ផ្ញើលិខិត​ទូលថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ពី​បញ្ហានយោបាយ និង​ការព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Everything But Arms) របស់​សហភាព​អឺរ៉ុប​។​



​ក្នុង​លិខិត​រួមគ្នា​របស់​ក្រុម​សហជីព និង​សមាគម​គ្រូបង្រៀន និង​បញ្ញវ័ន្ត​ទាំងនោះ បានទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា ស្ថានភាព​នយោបាយ​ដ៏​អាប់អួរ​បច្ចុប្បន្ន ខណៈ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាព​ជួបជុំ​សម្ដែង​មតិ និង​សេរីភាព​សារព័ត៌មាន ត្រូវបាន​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ដែលជា​ការរំលោភបំពាន​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​

​ដោយសារ​កត្តា​ទាំងនេះ ទើប​ធ្វើឱ្យ​កម្ពុជា​ទទួលរង​ការ​គាប​ស​ង្គ​ត់ និង​ការព្រមាន​ដាក់ទណ្ឌកម្ម​នានា ពី​សំណាក់​សហគមន៍​អន្តរជាតិ ដូចជា​យន្តការ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA) របស់​សហភាព​អឺរ៉ុប និង​GSP របស់​សហរដ្ឋអាមេរិក​។ ការព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​នេះ ធ្វើឡើង​ក្រោយពេល​លោក កឹម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ឃុំខ្លួន ហើយ​គណបក្សប្រឆាំង​មួយ​នេះ ត្រូវបាន​រំលាយ កាលពី​ចុងឆ្នាំ​២០១៧​។ នេះ​ជាការ​រៀបរាប់​សហជីព និង​សមាគម​គ្រូបង្រៀន និង​បញ្ញវ័ន្ត​។​

​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ដែល​បានដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​៥ កញ្ញា បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ថា បើសិនជា​អ្នកនយោបាយ មិន​បន្ទន់ឥរិយាបថ និង​មិន​ព្រម​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ជាតិ​រួមគ្នា​ទេ នោះ​ករណី EBA និង GSP នឹងត្រូវ​កាត់ផ្ដាច់ ដែលនាំឱ្យ​ប៉ះពាល់​ដល់ក​ម្មករ​ខ្មែរ​៧០​ម៉ឺន​នាក់​ជាមិនខាន​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក រ៉ុង ឈុន បាន​និយាយ​ដូច្នេះ​ថា​៖« ដោយសារ​យើង​មើលឃើញ​វិបត្តិ​នយោបាយ​កម្ពុជា​រ៉ាំរ៉ៃ​មកដល់ពេលនេះ ហាក់បីដូចជា​មិនទាន់​ឃើញ​ពន្លឺ​អ្វី​ទាំងអស់ ហើយ​ណាមួយ​វា​ជិត​ដល់​ថ្ងៃ​ឱសានវាទ​របស់​សហភាព​អឺរ៉ុប ដែលថា​ដក ឬ​មិន​ដក​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នៅ​ខែកុម្ភៈ ឆ្នាំ​២០២០​ខាងមុខនេះ​»​។​

​ត្រង់ចំណុច​នេះ​លោក រ៉ុង ឈុន បាន​សង្កត់ធ្ងន់ថា បើ​ទុក​បញ្ហា​ទាំងនេះ ឱ្យ​អូស​បន្លាយពេល​យូរ​ទៀត​នោះ វា​នឹង​ធ្វើឱ្យ​កម្ពុជា​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ដូច្នេះ​គឺមាន​តែ​ព្រះមហាក្សត្រ​ទេ ដែលជា​តួអង្គ​សំខាន់ ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​។​

«​ដើម្បី​បញ្ចៀស​នូវ​រាល់​បញ្ហា ដែល​ពាក់ព័ន្ធ​នឹង​កម្មករ ពលរដ្ឋ​ទទួលផល​ប្រយោជន៍​ពី​EBA​នេះ យើង​ឃើញថា​មានតែ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ ដែលជា​តួអង្គ​សំខាន់​នៅក្នុង​ការសម្របសម្រួល ដើម្បី​បញ្ចប់​បញ្ហា​វិបត្តិ​នយោបាយ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ដែល​ស្នើសុំ​យាង​ព្រះមហាក្សត្រ​ធ្វើជា​អធិបតី ក្នុងការ​កោះប្រជុំ​គ្រប់ភាគី​គណបក្សនយោបាយ ដើម្បី​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ ហើយ​បញ្ចៀស​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP​នេះ​។​

​ទាក់ទង​បញ្ហា​EBA​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀតថា ទោះបី​កម្ពុជា បាត់បង់​EBA ក៏​សេដ្ឋកិច្ចកម្ពុជា មិន​ស្លាប់​ដែរ ហើយ​កម្ពុជា​ក៏​មិន​លក់​អធិបតេយ្យភាព ដោយសារ​បញ្ហា​EBA​នេះឡើយ​។ មិនតែប៉ុណ្ណោះ​ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​បែប​ផ្លែផ្កា​វិញ​ថា បើសិនជា​សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​វិញ​មែន នោះ​អ្វីៗ​ដែល​សហភាព​អឺរ៉ុប ប្រឹងប្រែង​ជួយ​កម្ពុជា​កន្លងមក គឺ​ស្មើនឹង​សូន្យ​។​

​ងាក​មក​ការចរចា​នយោបាយ​វិញ មេដឹកនាំ​កម្ពុជា​រូបនេះ អះអាងថា គណបក្ស​ខ្លួន គ្មាន​បំណង​ចរចា​ជាមួយ​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​ឡើយ​។ ចំណែក​បញ្ហា​ក្តីក្ដាំ​អ្នកនយោបាយ​នោះ ត្រូវបាន​សម្ដេច ហ៊ុន សែន តប​ថា វា​ស្ថិតនៅក្រោម​ឆន្ទា​នុ​សិទ្ធ​របស់​តុលាការ​។​

អត្ថបទទាក់ទង

​តែ​យ៉ាងណា​លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ផុត​អាណត្តិ បាន​និយាយថា សហភាព​អឺរ៉ុប​មិន​ចង់​ដក EBA ពី​កម្ពុជា​នោះទេ ដូច្នេះ ការបាត់បង់ ឬ​បន្ត​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម គឺ​ស្ថិតនៅលើ​កណ្ដាប់ដៃ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ ត្រង់ចំណុច​នេះ​លោក Edgar បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ត​គោរព និង​លើកកម្ពស់​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​«​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​, EBA»​។ លោក​លើកឡើងថា ប្រសិនបើ​កម្ពុជា​បាត់បង់ EBA អ្នករងគ្រោះ​ពិតប្រាកដ​គឺ​ពលរដ្ឋ​ក្រីក្រ ជាពិសេស​អ្នកធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​។​

​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ គណៈ​កម្ម​ធិ​ការ​សហភាព​អឺរ៉ុប​ប្រកាស​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៃ​ការអនុវត្ត​នីតិវិធី​ពិនិត្យ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA  ដែលមាន​រយៈពេល ១៨ ខែ​។ កាលពី​ថ្ងៃទី ១២ ខែសីហា ឆ្នាំ​២០១៩​នេះ គណៈ​កម្ម​ធិ​ការ​សហភាព​អឺរ៉ុប​បានបញ្ចប់​ការពិនិត្យ​លើ​លទ្ធភាព​នៃ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ដែលមាន​រយៈពេល​៦ ខែ​។
 
​ករណី​មានការ​ព្យួរ​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នោះ​ការនាំចេញ​នឹង​អាច​ធ្លាក់ចុះ ដែល​គិត​ជា​ទឹកប្រាក់​ចន្លោះ​ប្រមាណ ៥១៣​លាន​ដុល្លារ ទៅ ៦៥៤​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ការ​គណនា​នេះ ដោយ​ផ្អែក​តួលេខ​នៃ​នាំ​ចេញទៅ EU ឆ្នាំ​២០១៨ ទំហំ ៤៣៤០​លាន​ដុល្លារ នៃ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ ដោយ​មិន​គិត​ផលិតផល​កង់​។ គួរ​បញ្ជាក់ថា គ្រាន់តែ​សម្លៀកបំពាក់ កាន់​ទំហំ​ដល់​ទៅ ៨០​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ EU ៕

Tag:
 ​រ៉ុង ឈុន​
  សហជីព​
  EBA
  GSP
© រក្សាសិទ្ធិដោយ thmeythmey.com