អន្តរជាតិ
ចិន​ព្រម​ឲ្យ​លុយ​អភិវឌ្ឍន៍ បើ​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន​ផ្តាច់ចំណង​ការទូត​ជាមួយ​តៃវ៉ាន់​
05, Sep 2019 , 10:39 pm        
រូបភាព
ប្រធានាធីបតីប្រជុំកោះ សូលូម៉ុន និងសមភាគី តៃវ៉ាន់ ក្នុងទីក្រុង តៃប៉ិ ឆ្នាំ២០១៧ (AFP)
ប្រធានាធីបតីប្រជុំកោះ សូលូម៉ុន និងសមភាគី តៃវ៉ាន់ ក្នុងទីក្រុង តៃប៉ិ ឆ្នាំ២០១៧ (AFP)
ដោយ:
​ក្រុង​ប៉េកាំង នឹង​ផ្តល់​លុយ​មូលនិធិ​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន  (Solomon Islands) ប្រសិនបើ​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ភាគខាងត្បូង​នេះ ព្រម​ដោះដៃ​ពី​កោះ​តៃវ៉ាន់​ទៅ​ចាប់​ចិន​វិញ​។ សំណើ​ដែល​នឹង​ទៅ​ជំនួស​គម្រោង​រចនាសម្ព័ន្ធ​ស្រដៀង​គ្នា​មួយ​ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​តៃវ៉ាន់ ធ្វើឡើង​ចំពេល​ដែល​ក្រុង​ប៉េកាំង​ព្យាយាម​បំបែកបំបាក់​សម្ព័ន្ធ​រប​ស់​ក្រុង​តៃប៉ិ ដោយ​បច្ចុប្បន្ន មាន​ចំណង​ការទូត​ជាមួយ​ប្រទេស​១៧​ប៉ុណ្ណោះ​។



​នា​រយៈពេល​ច្រើន​ទសវត្សរ៍​ចុងក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​តៃប៉ិ បាន​ច្បាំង​ដណ្តើម​ការទទួលស្គាល់​ផ្នែក​ការទូត ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ភាគខាងត្បូង ដោយ​ប្រជាជាតិ​ប្រជុំ​កោះ​ខ្លះ​ផ្លាស់ប្តូរ​មិត្ត​ដើម្បី​ប្រយោជន៍​ហិរញ្ញវត្ថុ​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក John Moffat Fugui សមាជិកសភា​ម្នាក់​នៃ​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន និង​ជា​ប្រធាន​គណៈ​កម្ម​ធិ​ការ​មួយ ទទួលបន្ទុក​វាយតម្លៃ​ចំណង​ការទូត នៅ​ថ្ងៃ​ពុធ​ទី ៤ កញ្ញា បាន​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង នឹង​ផ្តល់​លុយ​ជំនួយ​អភិវឌ្ឍន៍ ដែលជា​ធម្មតា​ស្ថិតក្រោម​រូបភាព «​ជំនួយឥតសំណង កម្ចី​ការប្រាក់​ទាប និង​កាដូរ​ខ្លះ​»​។ តួលេខ​ច្បាស់លាស់ ពុំ​ត្រូវបាន​បញ្ជាក់​ឡើយ​។​

​យ៉ាងណាមិញ ការផ្តល់​ឲ្យ​បែបនេះ មាន​លក្ខខណ្ឌ​មួយ​ដោយ​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន​ត្រូវ​ព្រម​កាត់ផ្តាច់​ចំណង​ការទូត​ជាមួយ តៃវ៉ាន់ ដែល​បាន​ផ្តើម​ពី​ឆ្នាំ​១៩៨៣​មក​។ ដូចគ្នា​នឹង​ចិន កោះ​តៃវ៉ាន់  បាន​សន្យា​ផ្តល់​លុយ​៨,៥​លាន​ដុល្លារ​ដល់​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន ក្នុង​ឆ្នាំ ២០១៩-២០ តាមរយៈ​កម្មវិធី​ជំនួយ​។

​ឆ្លើយតប​នឹង​រឿងនេះ លោក Joanne Ou អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​តៃវ៉ាន់ បាន​បញ្ជាក់ថា បច្ចុប្បន្ន ទំនាក់ទំនង​ជាមួយ​ប្រជុំ​កោះ សូ​លូ​ម៉ុ​ន គឺ មាន​ស្ថិរភាព ប៉ុន្តែ​ខាង​លោក កំពុង​តាមដាន​ស្ថានការណ៍​នេះ​យ៉ាង​ដិតដល់​បំផុត​។

​សូមបញ្ជាក់ថា សូ​លូ​ម៉ុ​ន គឺជា​ប្រជុំ​កោះ​ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ ៦០​ម៉ឺន​នាក់​។ ប្រជាជាតិ​មួយ​នេះ ពឹងផ្អែក​ខ្លាំង​លើ​លុយ​ជំនួយ​បរទេស ព្រោះតែ​មធ្យោបាយ​រក​ចំណូល​នៅ​មិន​កម្រិត ដែល​នៅតែ​ពឹង​ច្រើន​ទៅលើ​ការនាំចេញ​ឈើ​៕

Tag:
 ចិន​
  ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន​
  តៃវ៉ាន់​
  ទំនាក់ទំនង​ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com