ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំចេញអង្ករជាង៣៤ម៉ឺនតោន ខណៈការនាំស្រូវក្រៅផ្លូវការទៅរៀតណាមជាង១,៦លានតោន
× ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន៣៤២,០៤៥តោន ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៩។ ចំនួននេះ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ គឺកើតឡើងត្រឹមតែ០,១០ភាគរយប៉ុណ្ណោះ។ ដោយឡែកខេត្តចំនួន៥ ដែលបាននាំចេញស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាម មានចំនួន១,៦០៤,៦១៧តោន ក្នុងរយៈពេល៨ខែដូចគ្នានេះ។ នេះបើយោងតាមរបាយការណ៍នាំចេញអង្ករ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ(មករា-សីហា)នេះ ប្រទេសចិនគឺជាទីផ្សារលំដាប់លេខមួយដែលនាំចូលអង្ករពីកម្ពុជា ក្នុងបរិមាណជាង១៣ម៉ឺនតោន, លេខ២គឺបារាំងនាំចូលជិត៥ម៉ឺនតោន, លេខ៣ ប្រទេសហ្កាបុងជាង២ម៉ឺនតោន, លេខ៤ ប្រទេសព្រុយណេជាង១,៦ម៉ឺនតោន និងលេខ៥ប្រទេសម៉ាឡេស៊ីជាង១,៥ម៉ឺនតោន។
រីឯរបាយការណ៍បច្ចុប្បន្នភាពប្រចាំរបស់អគ្គនាយកដ្ឋានកសិកម្មដែលសារព័ត៌មានThmeyThmey ទទួលបានតាមប្រព័ន្ធទំនាក់ទំនងសង្គមTelegram ពីលោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម នាព្រឹកថ្ងៃទី៥កញ្ញា បានបង្ហាញថា មានខេត្តចំនួន៥ ដែលបាននាំស្រូវទៅវៀតណាម ដោយក្នុងនោះខេត្តព្រៃវែងនាំចេញជាង៧៣,៦ម៉ឺនតោន, តាកែវជាង៥១,៦ម៉ឺនតោន, ស្វាយរៀង ជិត២៤,៤ម៉ឺនតោន, កំពតជាង៥,៥ម៉ឺនតោន និងខេត្តកណ្តាលជាង៥,២ម៉ឺនតោន។
កាលពីឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករជិត៦៣ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ។ ដោយឡែកស្រូវដែលនាំទៅថៃ និងវៀតណាម ត្រូវបានរដ្ឋមន្រ្តីកសិកម្ម ធ្លាប់បានអះអាងថា មានចំនួនមិនតិចជាងពី ២ទៅ៣លានតោនក្នុងមួយឆ្នាំនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com