ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នាំចេញ​អង្ករ​ជាង​៣៤​ម៉ឺន​តោន ខណៈ​ការនាំ​ស្រូវ​ក្រៅផ្លូវការ​ទៅ​រៀ​ត​ណា​ម​ជាង​១,៦​លាន​តោន​
06, Sep 2019 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​បាន​នាំចេញ​អង្ករ ទៅកាន់​ទីផ្សារ​អន្តរជាតិ បាន​ចំនួន​៣៤២,០៤៥​តោន ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០១៩​។ ចំនួន​នេះ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ គឺ​កើតឡើង​ត្រឹមតែ​០,១០​ភាគរយ​ប៉ុណ្ណោះ​។ ដោយឡែក​ខេត្ត​ចំនួន​៥ ដែល​បាន​នាំចេញ​ស្រូវ​ក្រៅផ្លូវការ​ទៅ​ប្រទេស​វៀតណាម មាន​ចំនួន​១,៦០៤,៦១៧​តោន ក្នុង​រយៈពេល​៨​ខែ​ដូចគ្នានេះ​។ នេះ​បើ​យោងតាម​របាយការណ៍​នាំចេញ​អង្ករ របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​។​



​របាយការណ៍​ដដែល បាន​បញ្ជាក់ថា ក្នុង​រយៈពេល​៨​ខែ​(​មករា​-​សីហា​)​នេះ ប្រទេស​ចិន​គឺជា​ទីផ្សារ​លំដាប់​លេខ​មួយ​ដែល​នាំចូល​អង្ករ​ពី​កម្ពុជា ក្នុង​បរិមាណ​ជាង​១៣​ម៉ឺន​តោន​, លេខ​២​គឺ​បារាំង​នាំចូល​ជិត​៥​ម៉ឺន​តោន​, លេខ​៣ ប្រទេស​ហ្កា​បុ​ង​ជាង​២​ម៉ឺន​តោន​, លេខ​៤ ប្រទេស​ព្រុយ​ណេ​ជាង​១,៦​ម៉ឺន​តោន និង​លេខ​៥​ប្រទេស​ម៉ាឡេស៊ី​ជាង​១,៥​ម៉ឺន​តោន​។​

​រីឯ​របាយការណ៍​បច្ចុប្បន្ន​ភាព​ប្រចាំ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​ដែល​សារព័ត៌មាន​ThmeyThmey ទទួលបាន​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​Telegram ពី​លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម នា​ព្រឹក​ថ្ងៃទី​៥​កញ្ញា បាន​បង្ហាញថា មាន​ខេត្ត​ចំនួន​៥ ដែល​បាន​នាំ​ស្រូវ​ទៅ​វៀតណាម ដោយ​ក្នុងនោះ​ខេត្តព្រៃវែង​នាំចេញ​ជាង​៧៣,៦​ម៉ឺន​តោន​, តាកែវ​ជាង​៥១,៦​ម៉ឺន​តោន​, ស្វាយរៀង ជិត​២៤,៤​ម៉ឺន​តោន​, កំពត​ជាង​៥,៥​ម៉ឺន​តោន និង​ខេត្តកណ្តាល​ជាង​៥,២​ម៉ឺន​តោន​។  

​កាលពី​ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចេញ​អង្ករ​ជិត​៦៣​ម៉ឺន​តោន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ ដោយឡែក​ស្រូវ​ដែល​នាំទៅថៃ និងវៀតណាម​​ ត្រូវបានរដ្ឋមន្រ្តីកសិកម្ម ធ្លាប់បានអះអាងថា មានចំនួនមិនតិចជាងពី ២​ទៅ​៣​លាន​តោន​ក្នុង​មួយឆ្នាំនោះទេ​៕

Tag:
 អង្ករ​
  ស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com