ជាតិ
​​​ន​យោ​បាយ​ជាតិ​
មហា​ធៀ​៖ ពេល​ផុងខ្លួន​ក្នុង​បំណុល អ្នក​លែង​ឯករាជ្យ​ហើយ​
05, Sep 2019 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
«​ពេល​អ្នក​ផុងខ្លួន​ក្នុង​បំណុល​របស់​ប្រទេស​ដទៃ អ្នក​លែង​ឯករាជ្យ​ហើយ​។ ដូច្នេះ ត្រូវ​ឲ្យ​តម្លៃ​លើ​ឯករាជ្យ​របស់​ប្រទេស​អ្នក​»​។ មុន​ចាក​ចេញពី​កម្ពុជា បណ្ឌិត មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ឆ្លៀត​ផ្តល់​បទ​សម្ភាស​ជាមួយ​ភ្នំពេញ​បុ​ស្តិ៍ ហើយក៏​បានផ្តល់​គំនិត​នេះ សម្រាប់​មេដឹកនាំ​ប្រទេស​។ 



​លោក មហា​ធៀ ដាស់តឿន​ថា មេដឹកនាំ មិនត្រូវ​បណ្តោយ​ឲ្យ​ប្រទេស ជាប់ផុង​ក្នុង​បំណុល​របស់​ប្រទេស​ដទៃ​នោះទេ​។ លោក បន្ថែមថា មេដឹកនាំ មិនត្រូវ​ខ្ចី​គេ ឲ្យ​លើសពី​សមត្ថភាព ដែល​ខ្លួន​អាច​សង​ឡើយ ហើយ​កុំ​ចំណាយ លើសពី​មធ្យោបាយ ដែល​អាច​រក​ចំ​ណូល​បាន​។ លោក សង្កត់ធ្ងន់ថា បើ​ខ្ចី​គេ ត្រូវ​ប្រាកដថា អាច​សង​គេ​វិញ​។​

​ភ្នំពេញ​ប៉ុស្តិ៍ បាន​សរសេរ​ពីស​ម្តី​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ​៩៤​ឆ្នាំ​រូបនេះ យ៉ាង​ដូច្នេះ​ថា​៖«​ទោះជា​ប្រទេស​របស់​អ្នក អភិវឌ្ឍ​យឺត​ក៏ដោយ ក៏​វា នៅតែមាន​តម្លៃ​ដែរ ពីព្រោះ​អ្នក មិន​ចង់​ឲ្យ​ប្រទេស ស្ថិតក្រោម​អាណានិគម​របស់​ប្រទេស​ដទៃ​។ វា មិនមែនជា​ការដាក់​អាណានិគម​ផ្ទាល់​ទេ តែ​វា ជា​អាណានិគម​បែប​ប្រយោល តាមរយៈ​ឥទ្ធិពល​របស់គេ មកលើ​សេដ្ឋកិច្ច​របស់​អ្នក​»​។​

​លោក មហា​ធៀ បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​២​ដល់​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩​។ លោក បាន​ជួប​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា ដែល​រួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លើសពីនេះ លោក ក៏បាន​ចូលរួម​ធ្វើជា​វាគ្មិន នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផងដែរ ដោយ​ផ្តល់ឱកាស​ឲ្យ​និស្សិត សួរ​លោក ក្រោម​ប្រធានបទ «​ការរក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​ក្នុង​បរិបទ​អាស៊ាន​»៕

Tag:
 ​មហា​ធៀ​
  បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com