អន្តរជាតិ
ឥណ្ឌូណេស៊ី ធ្វើកំណែទម្រង់​ប្រព័ន្ធ​ពន្ធ​ដើម្បី​យកពន្ធ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ
05, Sep 2019 , 5:46 pm        
រូបភាព
ប្រភព Bloomberg
ប្រភព Bloomberg
​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោកស្រី Sri Mulyani Indrawati នៅ​ថ្ងៃទី​០៣ ខែកញ្ញា បាន​និយាយថា ឥណ្ឌូណេស៊ី​កំពុង​រៀបចំ​ស្នើច្បាប់​ដើម្បី​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូចជា Google និង Amazon បង់ពន្ធ​លើ​តម្លៃបន្ថែម (VAT) ។



​ក្រុមហ៊ុន ដែល​ត្រូវបាន​ចាត់ទុកថា​ជា «​ក្រុមហ៊ុន​អចិន្ត្រៃយ៍​» គឺ​ត្រូវ​បង់ពន្ធ​លើ​តម្លៃបន្ថែម​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បើទោះបីជា​ពួកគេ​មាន​ក្រុមហ៊ុន​នៅក្នុង​ស្រុក ឬក៏​អត់​ក៏ដោយ​។ នេះ​ជា​ពាក្យពេជន៍​របស់លោក​ស្រី Sri Mulyani Indrawati បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​យកទៅ​ពិភាក្សា​លេខា​គណៈរដ្ឋមន្ត្រី​។

​ក្នុងន័យនេះ លោកស្រី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចង់​សង្កត់ធ្ងន់ថា ប្រភេទ​ក្រុមហ៊ុន​ដូចជា​Google Amazon និង​Netflix ជាដើម មានតម្លៃ​វត្តមាន​សេដ្ឋកិច្ច​ជា​សារ​វ័​ន្ត ហើយ​ត្រូវ​រង​ឥទ្ធិពល​ពី​ច្បាប់​ថ្មី​នេះ​។

​ជាការ​ពិត ក្រុមហ៊ុន​ទាំងបី​ខាងលើនេះ គឺមាន​បញ្ហា​ចម្រូងចម្រាស់​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ហ្សា​ការ​តា​ជា​យូរ​មកហើយ​។ ជាក់ស្តែង នៅក្នុង​ឆ្នាំ​២០១៦ ក្រុមហ៊ុន​Google ត្រូវបាន​រដ្ឋាភិបាល​ចោទថា បាន​លួច​គេច​ពី​ការបង់ពន្ធ និង​រួម​ប​ញ្ជូ​ល​ទាំង​រឿង​មិន​បង់ពន្ធ​លើ​តម្លៃបន្ថែម​នៃ​ប្រាក់ចំណូល​ផ្សាយពាណិជ្ជកម្ម​។ ដោយឡែក​ក្រុមហ៊ុន​ផ្តល់​សេវា​ខ្សែភាពយន្ត ដូចជា​Netflix  រដ្ឋាភិបាល​ចង់​ឲ្យ​ក្រុមហ៊ុន​បង់ពន្ធ​ឲ្យ​មាន​ភាព​សុ​ក្រិ​ត្យ​បំផុត​។

​យ៉ាងណាមិញ​សម្រាប់​ក្រុមហ៊ុន Amazon បើទោះបីជា​មិនទាន់មាន​វត្តមាន​ក្នុង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ឥណ្ឌូណេស៊ី​ក៏ដោយ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ប្រតិបត្តិ​លើ​ប្រព័ន្ធ Cloud Service រួចហើយ​។ នេះ​បើ​ផ្អែក​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន CNN ។ ទាក់ទង​នឹង​បញ្ហា​នេះ ក្រុមហ៊ុន​ទាំងបី​ខាងលើ មិនទាន់បាន​ឆ្លើយតប​នៅឡើយ​ទេ​។
​បច្ចុប្បន្ន ពាក់ព័ន្ធ​ពន្ធ​លើ​តម្លៃបន្ថែម ឬ​ត្រូវគេ​ហៅ​កាត់​ថា VAT រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បានដាក់​អត្រា ១០​ភាគរយ លើ​មុខទំនិញ និង​សេវាកម្ម​ជាច្រើន​។ 

​លោកស្រី Indrawati បាន​បន្ថែមទៀតថា ការកាត់បន្ថយ​ពន្ធ​នៃ​សាជីវកម្ម ឬ​ក្រុមហ៊ុន ក៏មាន​នៅក្នុង​សេចក្តីស្នើរ​ច្បាប់​នេះដែរ​។ ចាប់ពី​ឆ្នាំ ២០២១ អត្រាពន្ធ​សាជីវកម្ម​នឹង​កាត់បន្ថយ​ពី ២៥ ភាយ​រយ ទៅ​២០​ភាគរយ​។ ចំណែក​ក្រុមហ៊ុន ដែលមាន​ហ៊ុន​សាធារណៈ ៤០​ភាគរយ នឹងត្រូវ​កាត់បន្ថយ​ពន្ធ​ពី​២០​ភាគរយ​មក​១៧​ភាគរយ​។ ជាពិសេស​លោកស្រី បាន​បន្តទៀតថា នឹង​ស្នើ​លុបចោល​ពន្ធ​លើ​ប្រាក់ចំណូល ប្រសិនបើ​ក្រុមហ៊ុន​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស យកលុយ​ដែល​បានមកពី​ប្រាក់ចំនូល យកមក​វិនិយោគ​ក្នុងប្រទេស​។

​សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់​មួយ​នេះ ដែល​ត្រូវការ​ការយល់ព្រម​ពី​សភា​របស់​ឥណ្ឌូណេស៊ី គឺជា​ការធ្វើកំណែទម្រង់​យ៉ាង​ធំ​លើ​ការប្រមូល​ពន្ធ នៅក្នុង​អាស៊ីអាគ្នេយ៍​។ ជាពិសេស​គឺ​សេចក្តីស្នើច្បាប់​នេះ គឺ​ដើម្បី​កែលម្អ​ការប្រមូល​ប្រាក់ចំណូល ការគោរព​ច្បាប់ និង​ទាក់ទាញ​អ្នកវិនិយោគ​៕


Tag:
 ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com