កែវ សុខផេង បានស៊ុតបាល់បញ្ចូលទីតាមស្មើហុងកុង ១-១ បន្ទាប់ពីក្រុមភ្ញៀវហុងកុងបាននាំមុខដែលសម្រេចដោយ Chun Lok Tan សម្រាប់ការប្រកួតវគ្គជម្រុះជុំទីពីរក្នុងពូល C នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាល្ងាចថ្ងៃព្រហស្បតិ៍នេះ ដោយមានអ្នកទស្សនាជាង៤៥០០០នាក់។ គ្រាប់បាល់បញ្ចូលទីសុទ្ធតែបានកើតឡើងនៅតង់ទីមួយ។
នៅនាទីដំបូង ហុងកុង បានធ្វើឲ្យអ្នកគាំទ្រកម្ពុជាស្លុតយ៉ាងខ្លាំង ដោយ Ju Yingzhi មានឱកាសទាត់បាល់ពិន័យពីចម្ងាយ ហើយ Andy Rusell ដែលរង់ចាំនៅតំបន់គ្រោះថ្នាក់ បានលោតតែតខុសគោលដៅ។ ៥នាទីក្រោយមក Chun Lok Tan បានធ្វើឲ្យ ហូយ ផល្លីន ដួល បន្ទាប់មក កែវ សុខផេង បានទាត់បាល់ពិន័យ ហើយខ្សែការពារហុងកុង បានរារាំង ឆេង ម៉េង សម្រាប់ការស្វែងរកឱកាសឲ្យកម្ពុជា។
Wai Keung Chung និង Chun Lok Tan បានផ្តល់ការមមាញឹកសម្រាប់ខ្សែការពារកម្ពុជា។ នៅនាទី១៤ ហូយ ផល្លីន ទទួលបានកាតលឿង ដោយសារបង្កកំហុសលើខ្សែការពារ Tsui Wang Kit។
គ្រាប់បាល់នាំមុខរបស់ក្រុមភ្ញៀវ បានកើតឡើងនៅនាទី១៦ ដែលសម្រេចបានដោយ Chun Lok Tan។ ខ្សែបម្រើវ័យ២៣ឆ្នាំរូបនេះ មានឱកាសឆាបបាល់ បន្ទាប់ពីប្រធានក្រុម សឿយ វិសាល បាត់បង់ជំហរ ដោយសារព្យាយាមរារាំង Ha James។
គិតត្រឹមនាទី២៨ ហូយ ផល្លីន មានឱកាសទាត់ទៅតំបន់គ្រោះថ្នាក់ដល់ទៅពីរលើក ប៉ុន្តែអ្នកចាំទីហុងកុង Yapp Hung Fai បំពេញតួនាទីបានយ៉ាងល្អក្នុងការសង្គ្រោះបាល់។
នៅនាទី៨៨ Ha James មានឱកាសមាសនៅមុខទីកម្ពុជា ប៉ុន្តែសុគម្ភៈ បានទៅរារាំងទាន់ពេល។
ការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ សម្រាប់កម្ពុជានេះជាការទទួលបានពិន្ទុលើកដំបូងផងដែរ សម្រាប់ការប្រកួតជុំទីពីរក្នុងព្រឹត្តិការណ៍ជម្រុះ World Cup ខណៈការប្រកួតជម្រុះចុងក្រោយ ពួកគេបានចាញ់ទាំង៨ប្រកួតនៅក្នុងពូល។