ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើ​ដឹងខ្លួន​ថា​មាន​ជំងឺ​ដំបៅ​ក្រពះ​ហើយ ក្រៅពី​លេបថ្នាំ គួរតែ​ប្រើ​វិធី​ទាំងនេះ​ទៀត​ទើប​ឆាប់​ជា​លឿន​
06, Sep 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដំបៅ​ក្រពះ មានន័យថា ជាការ​កើត ជា​ដំបៅ​បើកមុខ​មួយ ឬ​ច្រើន​នៅលើ​ភ្នាស​ខាងក្នុង​របស់​ក្រពះ​។ ដោយសារតែ​ក្រពះ​មាន​នាទី​បញ្ចេញ​ជាតិ​អាស៊ីត​ដើម្បី​រំលាយ​អាហារ ដូច្នេះ​បើសិន​ជាមាន​ដំបៅ​ហើយ​គឺ​ពិតជា​នឹង​ឈឺចាប់​ខ្លាំងណាស់​។ រោគ​ដំបៅ​ក្រពះ​នេះ​ភាគច្រើន​កើតឡើង​ដោយសារ​បាក់តេរី​ម្យ៉ាង​ឈ្មោះថា H. Pylori តែ​វា​ក៏បង្ក​ឡើង​ដោយ​អ្វី​ផ្សេងទៀត​ដែរ​ដូចជា​ការប្រើ​ថ្នាំ​ពពួក Non-steroidal Anti-inflammatory និង​ថ្នាំ​បំបាត់​ការឈឺចាប់​ផ្សេងទៀត​។



​ជាធម្មតា​កាលណា​មាន​ជំងឺ​ដំបៅ​ក្រពះ ច្រើនតែ​ត្រូវបាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ទប់ស្កាត់ បន្សាប ឬ​បន្ថយ​អាស៊ីត​របស់​ក្រពះ​។ បើសិនជា​អ្នក​មិនមែនជា​មនុស្ស​ចូលចិត្ត​ប្រើ​ថ្នាំ ឬ​ខ្លាច​ញ៉ាំ​ថ្នាំ​ច្រើនៗ​នោះ យើង​មាន​វិធី​ធម្មជាតិ​មួយចំនួន​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បានដែរ​។

​ប្រូ​បាយ​អូ​ទិច​

​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​មាន​បាក់តេរី និង​មេរោគ​ផ្សិត​រស់នៅ​ច្រើន​ដើម្បី​ជំនួយ​ដល់​ការរំលាយ​អាហារ​។ សារធាតុ​ប្រូ​បាយ​អូ​ទិច​ក៏មាន​ក្នុង​អាហារ​ជាច្រើន​ដែរ​ដូចជា យ៉ា​អួ គីម​ឈី និង​ប័​រ​ទឹកដោះគោ​។ អ្នក​ក៏​អាច​ប្រើ​ថ្នាំ​បំប៉ន​ប្រូ​បាយ​អូ​ទិច​ដែល​ជំនួយ​ដល់​ការសម្លាប់​បាក់តេរី H.pylori ខណៈដែល​វា​ជួយ​ផ្សះ​ដំបៅ​ឲ្យ​ជា​ថែមទៀត​។

​ខ្ញី​

​វិធី​ព្យាបាល​បែប​ធម្មជាតិ​ដែល​ត្រូវបាន​គេ​រកឃើញថា​មាន​ប្រយោជន៍​ក្នុងការ​ព្យាបាល​បាក់តេរី H.pylori ដែរនោះ​គឺ​សារធាតុ​ចម្រាញ់​ចេញពី​ខ្ញី​។ ទោះបីជា​យ៉ាងណាក៏ដោយ រសជាតិ​ដែល​ចម្រាញ់​ចេញពី​ខ្ញី​គឺ​មិនអាច​ឲ្យ​នរណាម្នាក់​ទ្រាំ​ញ៉ាំ​បានទេ​។ ប៉ុន្តែ​អ្នក​អាច​ប្រើ​ពពួក​ថ្នាំ​បំប៉ន​ខ្ញី​ជំនួស​បាន​។ បើសិនជា​អ្នក​កំពុងតែ​ប្រើ​ថ្នាំ​រំលាយ​កំណក​ឈាម ចូរ​ប្រាកដថា អ្នក​បាន​ប្រាប់​គ្រូពេទ្យ​អំពី​ការប្រើ​ថ្នាំ​បំប៉ន​ខ្ញី​ដែរ​។

​សារធាតុ Flavonoid

​ការស្រាវជ្រាវ​បង្ហាញថា សារធាតុ Flavonoids អាចមាន​ប្រយោជន៍​ក្នុងការ​ព្យាបាល​បញ្ហា​ដំបៅ​ក្នុង​ក្រពះ​បាន​។ សារធាតុ​មួយ​នេះ​មាននៅ​ក្នុង​បន្លែ និង​ផ្លែឈើ​ភាគច្រើន​ដូចជា ផ្លែ​បឺ​រី ផ្លែ​ប៉ោម តែ សណ្តែកសៀង ទំពាំងបាយជូរ​ពណ៌​ក្រហម និង​ប្រូ​ខូ​លី​។ យ៉ាងណាមិញ សារធាតុ Flavonoids ច្រើន​ប្រភេទ​ដែរ ដែល​អាច​បង្ក​ការ​រលាក​ដល់​ក្រពះ​បាន ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បានជ្រើសរើស​យក​សារធាតុ​មួយ​ដែល​ក្រពះ​អាច​ទទួលយកបាន​។

​ទឹកឃ្មុំ​

​ទឹកឃ្មុំ​មិន​គ្រាន់តែ​ជា​របស់​ផ្អែម​ទេ តែ​ក៏​អាចជួយ​សម្រាល​បញ្ហា​ដំបៅ​ក្រពះ​បានដែរ​។ នេះ​ដោយសារតែ ទឹកឃ្មុំ​មាន​សារធាតុ​ជាច្រើន​ដូចជា អង់​ទី​អុកស៊ីដ​ង់ និង Polyphenols ដែល​អាច​ព្យាបាល​ដំបៅ​ក្រពះ​បាន​។ ទឹកឃ្មុំ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សារធាតុ​សម្លាប់​បាក់តេរី ដូច្នេះ​វា​ក៏​អាច​សម្លាប់​បាក់តេរី H.pylori បានដែរ​។ បើសិនជា​អ្នកមាន​ជាតិ​ស្ករ​ក្នុង​ឈាម​ធម្មតា នោះ​គួរតែ​សាកល្បង​ញ៉ាំ​ទឹកឃ្មុំ​ហើយ​។

​ស្ពៃក្តោប​

​ស្ពែ​ប្រភេទ​នេះ​មាន​សារធាតុ ឡាក់​តិច មួយ​ប្រភេទ​ដែល​ជួយ​ដល់​ការផលិត​អាស៊ីតអាមីណេ​សម្រាប់​ជួយ​ភ្ញោ​ច​លំ​ហូរឈាម​ទៅកាន់​ភ្នាស​របស់​ក្រពះ​។ រឿងនេះ​នឹង​ជួយ​ពង្រឹង​ដល់​សុខភាព​ភ្នាស់​ក្រពះ ព្រមទាំង​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​បាន​ដូចគ្នា​ផងដែរ​។ ក្រៅពីនេះ ស្ពៃក្តោប​មាន​វីតាមីន C ខ្ពស់​ដែលមាន​ប្រយោជន៍​ចំពោះ​អ្នកជំងឺ​ក្រពះ​បង្កឡើង​ដោយ H.pylori ៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com