FIFA
កីឡាជាតិ
ជាតិ
លោក Scott O’Donell រីករាយ​ដែល​ឃើញ សុគ​ម្ភៈ នៅតែ​លេង​ល្អ​សម្រាប់​ជម្រើសជាតិ​
06, Sep 2019 , 10:15 am        
រូបភាព
លោក Scott O
លោក Scott O'Donell (កណ្តាល) ថតសែលហ្វីជាមួយ លោក ហុក សុចិត្រា អតីតគ្រូបង្វឹកជម្រើសជាតិម្នាក់ទៀត និង​លោក Yeo Wee Hans អ្នកដឹកនាំក្លិបណាហ្គាវើលដ៍។ រូបថត ហ្វេសប៊ុក​ Scott O'Donell
ដោយ: រួបរួម
​លោក Scott O’Donell អតីត​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា បាន​ទស្សនា​ការប្រកួត​វគ្គ​ជម្រុះ FIFA World Cup ជុំ​ទី​ពីរ រវាង​កម្ពុជា និង​ហុងកុង នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ល្ងាច​ថ្ងៃទី​៥ ខែកញ្ញា​។ អតីត​គ្រូបង្វឹក​អូស្ត្រាលី​វ័យ​៥២​ឆ្នាំ រូបនេះ បាន​លើកឡើងថា កម្ពុជា​បាត់បង់​ឱកាស​ទទួលបាន​៣​ពិន្ទុ ហើយ​លោក​កោតសរសើរ​ទម្រង់​កីឡាករ​ជើងចាស់ គួច សុគ​ម្ភៈ​។​



អត្ថបទទាក់ទង


«​រីករាយ​ដែល​បានមក​កាន់​កម្ពុជា​វិញ និង​បាន​ទស្សនាការ​ប្រកួត​ដំបូង​ក្នុង​ពូ​ល C របស់​កម្ពុជា ជាមួយ​ហុងកុង​»​។ នេះ​ជាការ​លើកឡើង​របស់លោក Scott O’Donell នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​កត់សម្គាល់ថា បន្ទាប់ពី​ការចាប់ផ្តើម​មិនសូវ​ល្អ កម្ពុជា គ្រាន់តែ​មិនមាន​សំណាង​ប៉ុណ្ណោះ​ដែល​មិន​ទទួលបាន​៣​ពិន្ទុ​។​

​ក្រៅពី​កោតសរសើរ​ក្រុម​ទាំងមូល អ្នកជំនាញ​បាល់ទាត់​អូស្ត្រាលី​រូបនេះ បាន​កោតសរសើរ​កីឡាករ​វ័យ​៣២​ឆ្នាំ គួច សុគ​ម្ភៈ ដែល​កំពុង​ប្រកប​ក្នុង​ក្លិប​ណាហ្គា​វើ​លដ៍​។ «​គួច សុគ​ម្ភៈ គឺជា​កីឡាករ​ដ៏​ល្អ​នៅលើ​ទីលាន​។ នេះ​បើតាម​គំនិត​របស់ខ្ញុំ​។ រីករាយ​ណាស់​ដែល​ឃើញ​កីឡាករ​រូបនេះ នៅតែ​លេង​តំណាង​ឲ្យ​ប្រទេស​របស់ខ្លួន​។​


គួច សុគម្ភៈ (លេខ១០) និង ឆេង ម៉េង ប្រឈមជាមួយ​ខ្សែការពារហុងកុង Ton Kin Man នា​ការប្រកួតកាលពីល្ងាច​ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា។ រូបថត FFC

​លោក Scott O’Donnell ធ្លាប់​ដឹកនាំ​ជម្រើសជាតិ​កម្ពុជា​ពីរលើក គឺ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៥ ដល់​២០០៧ និង​ចន្លោះ​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១០​។ នៅ​ឆ្នាំ​២០០៩ លោក​ក៏បាន​នាំ​ក្រុម U23 កម្ពុជា ឈ្នះ​ពាន​មិត្តភាព BIDC Cup ផងដែរ​។​

​នៅ​ឆ្នាំ​២០០៦ គួច សុគ​ម្ភៈ បាន​កោះ​ហៅចូល​ក្រុម​ជម្រើសជាតិ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Jo Yong-Chol [​កាលណោះ ក្រុម​ខេមរា​ទាំងមូល​ក្លាយជា​តំណាង​ក្រុម​ជម្រើសជាតិ​]​។ អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ខេមរា​កីឡា រូបនេះ ក៏​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​១​គ្រាប់​ផងដែរ ខណៈ​កម្ពុជា​ឈ្នះ​កោះ​ហ្គា​ម ៣-០ នៅក្នុង​ពូ​ល​។​

​ក្រោយ​ព្រឹត្តិការណ៍​ដ៏​ចម្រូងចម្រាស លោក Scott បាន​ចូល​ដឹកនាំ​ជម្រើសជាតិ​វិញ សម្រាប់​ការប្រកួត​ជម្រុះ World Cup ជាមួយ​តួ​កមេ​នី​ស្ថាន នា​ឆ្នាំ​២០០៧​។ គួច សុគ​ម្ភៈ បាន​លេង​ពេញ​តង់​សម្រាប់​ការប្រកួត​ទាំងពីរ​ជើង ដែល​កម្ពុជា​ចាញ់ ១-០ នៅក្នុង​ទឹកដី បន្ត​ចាញ់ ៤-១ នៅក្រៅ​ដី​។​

​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ World Cup កាលពី​ថ្ងៃ​ព្រ​ស​ហ្ប​តិ៍​នោះ គួច សុគ​ម្ភៈ បាន​បង្កើត​ឱកាស​ដល់​មិត្ត​រួម​ក្រុម​ជាច្រើនលើក​ផងដែរ ជាពិសេស សៀង ច​ន្ធា និង​ហូ​យ ផល្លី​ន ប៉ុន្តែ​មិនមាន​សំណាង​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឡើយ​។​

​បើតាម AFC ខ្សែបម្រើ កែវ សុខ​ផេង នៃ​ក្លិប​វិសាខា ដែល​ស៊ុត​បាល់​តាម​ស្មើ ១-១ លើ​ភ្ញៀវ​ហុងកុង គឺជា​កីឡាករ​ឆ្នើម​ប្រចាំ​ការប្រកួត​៕


Tag:
 ជម្រើសជាតិ​
  FIFA World Cup
  គួច សុគ​ម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com