អន្តរជាតិ
នាយករដ្ឋមន្ត្រី​កាណាដា​៖ ចិន​ប្រើការ​ចាប់ខ្លួន​ជនជាតិ​ដទៃ ជា​ឧបករណ៍​នយោបាយ​
06, Sep 2019 , 11:08 am        
រូបភាព
​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ នៅ​ថ្ងៃទី​៥ ខែកញ្ញា បាន​ចោទ​ទីក្រុង​ប៉េកាំង ថា យក​ការចាប់ខ្លួន​ជនជាតិ​បរទេស​ជា​ឧបករណ៍​បម្រើ​នយោបាយ​របស់ខ្លួន​។ ការចោទប្រកាន់​របស់​លោក ទ្រូ​ដូ ទំនងជា​ធ្វើ​ឲ្យ​ចំណង​ការទូត​រវាង​កាណាដា និង​ចិន​កាន់តែ​ស្មុគស្មាញ​ថែមទៀត ខណៈ​ភាគី​ទាំងពីរ​ទើបបាន​តែងតាំង​អគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​គ្នា​ទៅវិញទៅមក​។ បើតាម​លោក ទ្រូ​ដូ បស្ចិមប្រទេស​ខ្លះទៀត ក៏​មិន​ពេញចិត្ត​នឹង​ទង្វើ​បែបនេះ​ដែរ​។



​ទំនាក់ទំនង​រវាង​កាណាដា និង​ចិន​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​គួរ​ឲ្យ​កត់សម្គាល់ ក្រោយ​ប៉ូលិស​កាណាដា​ចាប់ខ្លួន​មន្ត្រី​ក្រុមហ៊ុន Huawei តាម​សំណើ​របស់​អាមេរិក​។ ៩​ថ្ងៃក្រោយ ទីក្រុង​ប៉េកាំង ក៏​ចាប់ខ្លួន​ជនជាតិ​កាណាដា​ពីរ​នាក់​វិញ​ក្រោម​បទ​ចោទ​ពាក់ព័ន្ធ​សន្តិសុខ​ជាតិ ប៉ុន្តែ​កាណាដា​ផ្ទាល់ និង​ប្រទេស​ជាច្រើន​ទៀត​ចាត់ទុក​ការចាប់ខ្លួន​នេះ ជាការ​សងសឹក​ប៉ុណ្ណោះ​។ ក្រុង​ប៉េកាំង​ក៏​ធ្លាប់​និយាយ​ដែរ​ថា ដើមហេតុ​នៃ​បញ្ហា គឺ​ការចាប់ខ្លួន​មន្ត្រី Huawei Meng Wanzhou ។​

​ជនជាតិ​កាណាដា​ទាំងពីរ ស្ថិតក្នុង​ចំណោម​ជនបរទេស​មួយចំនួន​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុងករណី​ស្រដៀង​គ្នា​នេះដែរ​។ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ បាន​រិះគន់​ទីក្រុង​ប៉េកាំង ដែល​ប្រើប្រាស់​ជនបរទេស​ដើម្បី​កេងចំណេញ​។ លោក ទ្រូ​ដូ ប្រាប់​សារព័ត៌មាន​កាណាដា Toronto Star ថា ការយក​ការចាប់ខ្លួន​ដោយ​បង្ខំ​ជា​ឧបករណ៍​បម្រើ​ប្រយោជន៍​នយោបាយ​ទាំង​ក្នុងស្រុក ឬ​អន្តរជាតិ ជា​ក្ដីបារម្ភ​មិនមែន​សម្រាប់​កាណាដា​តែឯង​ឡើយ តែ​សម្រាប់​សម្ព័ន្ធមិត្ត​ដទៃទៀត​ផងដែរ​។​

​បើតាម​លោក ទ្រូ​ដូ សម្ព័ន្ធមិត្ត​ទាំងនោះ​ដែលមាន​អាមេរិក បារាំង អង់គ្លេស និង​អាល្លឺម៉ង់​ជាដើម បាន​ហៅ​ទង្វើ​របស់​ប៉េកាំង​ជា​ការទូត​ចាប់ជំរិត​។ ត្រង់ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាល​កាណាដា​រៀបរាប់ថា សម្ព័ន្ធមិត្ត​របស់ខ្លួន ចាត់ទុក​សកម្មភាព​បែ​ប​នេះ ជាការ​មិនអាច​ទទួល​យកបាន​ឡើយ​ក្នុង​សហគមន៍​អន្តរជាតិ​ទាំងមូល ព្រោះ​ពួកគេ​បារម្ភ​ថា ចិន​នឹង​ប្រើ​វិធីសាស្ត្រ​ដូចគ្នា​ដាក់​ជនជាតិ​របស់​ពួកគេ​ដូចដែល​ធ្វើ​ដាក់​លើ​កាណាដា​។​

​ដោយសារតែ​គោលនយោបាយ ឬ​វិធីសាស្ត្រ​ខុសគ្នា​បែបនេះ លោក ទ្រូ​ដូ អះអាងថា កាណាដា ត្រូវមាន​រក​ផ្លូវ​ដើម្បី​ជជែក ឬ​ធ្វើការ​ជាមួយ​ចិន ប៉ុន្តែ​ក៏ត្រូវ​យល់​ពី​របៀប​ធ្វើការ​របស់​ចិន​ដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​បន្ថែមថា​៖ «​ចិន​មាន​ក្បួន និង​របៀបរបប​ធ្វើការ​មួយ​ដែល​ខុសគ្នា​យ៉ាងខ្លាំង​នឹង​របៀប​ធ្វើការ​របស់​យើង​។​»

​យ៉ាងណាមិញ ខណៈដែល​ទំនាក់ទំនង​ទ្វេភាគី​មិនទាន់​ត្រឡប់​ទៅ​ភាព​ដើម​វិញ​នោះ ក្រុង​ប៉េកាំង និង​ក្រុង​អូ​តា​វ៉ា ក៏បាន​បញ្ចេញ​បង្ហាញ​ពី​ការចង់​ឲ្យ​បញ្ហា​ការទូត​ធូរស្រាល​វិញ​។ ក្នុង​សប្ដាហ៍​នេះ ប្រទេស​ទាំងពីរ បានតែងតាំង​អគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ប្រទេស​នីមួយៗ​។ គេ​ជឿថា បេសកជន​ថ្មី ទំនង​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​បាន​។ អគ្គរដ្ឋទូត​កាណាដា​ប្រចាំ​ប៉េកាំង ក៏​ជា​សមាជិក​ក្រុមប្រឹក្សា​សាកលវិទ្យាល័យ​ល្បីឈ្មោះ Tsinghua និង​ធ្លាប់​ជួប​ថ្នាក់ដឹកនាំ​ចិន​ញឹកញាប់ ដូចនេះ​បញ្ហា​ទាស់ទែង​ទំនង​រក​ច្រកចេញ​បាន​៕

Tag:
 ចិន​
  កាណាដា​
  ចា​ស្ទី​ន ទ្រូ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com