FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ាឡេស៊ី ស៊ី​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​នៅ​នាទី​បន្ថែម​នា​ជំនួប​ដែល​អ្នកគាំទ្រ​បង្ក​ភាពវឹកវរ​ពេញ​កីឡដ្ឋាន​
06, Sep 2019 , 11:44 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី​បាន​វាយបក​យកឈ្នះ​ឥណ្ឌូណេស៊ី​ដោយ​លទ្ធផល ៣-២ ក្នុងការ​ប្រកួត​បើកឆាក​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​ក្នុង​ពូ​ល G នៃ​ព្រឹត្តិការណ៍ FIFA World Cup 2022 ដែល​ធ្វើ​ឡើ​នៅ​កីឡដ្ឋាន Gelora Bung Karno នា​ថ្ងៃទី ៥ ខែកញ្ញា​។ ក្រុម​ទាំងពីរ​បញ្ចប់​ដោយ​ភាពច្របូកច្របល់ ខណៈ​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​ខឹងសម្បារ​ចំពោះ​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង ដោយ​ប្រើ​ឥរិយាបទ​មិន​សមរម្យ​ដាក់​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ និង​បំបែក​កញ្ចក់ទ្វារ​កីឡដ្ឋាន​ផង​។​



​ឆ្លងកាត់​ការប្រកួត​៤៥​នាទី​ដំបូង​នៅ​វគ្គ​ទី​១ ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ជា​អ្នក​នាំមុខ​ម៉ាឡេស៊ី ២-១​។ ២​គ្រាប់​របស់​ម្ចាស់ផ្ទះ​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Beto Goncalves ទាំងពីរ​គ្រាប់ (​នាទី​១២, ៣៩ ) រីឯ​១​គ្រាប់​របស់​ក្រុម​ភ្ញៀវ​ធ្វើបាន​ដោយ Mohamadou Sumareh នៅ​នាទី​៣៧​។​

​អំពើហិង្សា​បាន​ផ្ទុះឡើង​នៅក្នុង​វគ្គ​ទី​២ បន្ទាប់ពី​ម៉ាឡេស៊ី​រក​គ្រាប់​បាល់​តាម​ស្មើ ២-២ នៅ​នាទី​៦៥​។ អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​បាន​រត់​កាត់​ទីលាន ហើយ​បោះ​វត្ថុ​មួយ​ចូលទៅក្នុង​ទីតាំង​ដែល​អ្នកគាំទ្រ​ម៉ាឡេស៊ី​អង្គុយ ដែល​ធ្វើ​ឲ្យ​ការប្រកួត​ត្រូវ​ផ្អាក​ប្រហែល ១០​នាទី​ដើម្បី​ឲ្យ​ក្រុម​សន្តិសុខ រួមទាំង​កងទ័ព និង​ប៉ូ​លស​ផង​អាច​គ្រប់គ្រង​ស្ថានការណ៍​។​



​ការប្រកួត​បាន​បន្ត ហើយ​ម៉ាឡេស៊ី​ជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ​ក្នុងជំនួប​នេះ ដែល​សម្រេច​ទី​បាន​ដោយ​ខ្សែបម្រើ Mohamadou Sumareh នៅ​នាទី ៩០+៦ និង​ជា​គ្រាប់​ទី​២​របស់គេ​ផង​។​

​ការប្រកួត​បានបញ្ចប់​ក្នុង​ម៉ោង​ផ្លូវការ​៩០​នាទី ដោយ​ម៉ាឡេស៊ី​ឈ្នះ​ឥណ្ឌូណេស៊ី ៣-២ ប៉ុន្តែ​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​មិន​អនុញ្ញាត​ឲ្យ​បញ្ចប់​ដោយ​ស្រួល​ឡើយ​។ អ្នកគាំទ្រ​ម្ចាស់ផ្ទះ​បាន​ព្យាយាម​ចូលទៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​របស់​កីឡាករ​ម៉ាឡេស៊ី និង​ថែមទាំង​ស្រែក​គម្រាម​ទៀតផង​។​



​ប៉ុន្មាន​នាទី​ក្រោយ ប៉ូលិស​បាន​ចូលទៅ​រារាំង​អ្នកគាំទ្រ​ទាំងអស់នោះ រហូត​មានការ​ប៉ះទង្គិច​គ្នា​ទៅជា​អំពើហិង្សា​មួយ​ប្រាវ និង​បង្ខំ​ឲ្យ​ក្រុម​សន្តិសុខ​ត្រូវ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​អ្នកគាំទ្រ​ដើម្បី​បណ្តេញ​ពួកគេ​។​

​ឥរិយាបទ​មិន​សមរម្យ​នេះ អាច​ប្រឈម​នឹង​ការដាក់ពិន័យ​ពី​សហព័ន្ធ​កីឡាករ​បាល់ទាត់​អន្តរជាតិ (FIFA) ផងដែរ ស្របពេល​អ្នកគាំទ្រ​រប​ស់​ម៉ាឡេស៊ី​មួយចំនួន​ក៏ត្រូវ​បានកំណត់​គោលដៅ​ជុំវិញ​ករណីនេះ​នៅឯ​កីឡាដ្ឋាន​។​



​តាមរយៈ​ការ​ឈ្នះ​ឥណ្ឌូណេស៊ី បាន​នាំ​ម៉ាឡេស៊ី​ឡើងឈរ​ចំណាត់ថ្នាក់​ទី​១ ពូ​ល G បណ្តោះអាសន្ន ខណៈ​ថៃ​ដែល​ប្រកួត​បាន​ត្រឹម​ស្មើ​ជាមួយ​ក្នុង​ភ្ញៀវ​វៀតណាម ០-០ ស្ថិតនៅ​លេខ​រៀង​បន្តបន្ទាប់​។ អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដែល​មិនទាន់​ប្រកួត​ឈរ​លេខ​រៀង​ទី​៤​។​

​ជំនួប​បន្ទាប់​ក្នុង​ពូ​ល G នេះ ម៉ាឡេស៊ី​ត្រូវ​ទទួលភ្ញៀវ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ស្របពេល ថៃ ត្រូវធ្វើ​ដំណើរ​ទៅ​ជួប​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​១០ ខែកញ្ញា ហើយ​វៀតណាម​ត្រូវ​សម្រាក​រហូតដល់​ថ្ងៃទី​១០ ខែតុលា ទើប​ជួប​ម៉ាឡេស៊ី​ក្នុង​ដី​ខ្លួនឯង​៕





Tag:
 World Cup
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com