ជាតិ
សង្គមជាតិ
ផ្លូវ​បេតុង​ឡើង​ភ្នំ​អានសេះ​ដែល​បាក់ស្រុត ត្រូវបាន​ជួសជុល និង​អាចធ្វើ​ចរាចរណ៍​វិញ លើកលែងតែ​ឡាន
06, Sep 2019 , 1:29 pm        
រូបភាព
រូបភាពពី ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពី ក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ផ្លូវ​បេតុង​ឡើង​ភ្នំ​អានសេះ នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​បាក់ស្រុត ដោយសារតែ​ជំនន់​ទឹកភ្លៀង​។ បើតាម​លោក ជា គីម​សេង អភិបាលស្រុក​ជាំ​ក្សាន្ត ផ្លូវ​បេតុង​ដែល​រង​ការខូចខាត​នោះ ត្រូវបាន​កងកម្លាំង​ជួសជុល​ឡើងវិញ​បាន​ទាន់ពេលវេលា ដើម្បី​សម្រួល​ដល់​ចរាចរណ៍​របស់​ពលរ​ដ្ឋ​បានជា​បណ្តោះអាសន្ន​សិន​។​



​លោក ជា គីម​សេង ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ផ្លូវ​បេតុង​នេះ​មាន​ប្រវែង​១៥០​ម៉ែត្រ ដែល​អាជ្ញាធរ​បាន​ជួសជុល និង​បើក​ឲ្យ​ដំណើរ​បាន​ធម្មតា​វិញ​ហើយ​។ លោក ជា គីម​សេង បាន​បញ្ជាក់ថា​៖«​សម្រាប់​អ្នក​ថ្មើរជើង និង​អ្នកជិះ​ម៉ូតូ គឺ​យើង​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើដំណើរ​ឆ្លងកាត់​បាន ប៉ុន្តែ​យើង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ជិះឡាន ឆ្លងកាត់​បានឡើយ​»​។

​ក្នុង​ដើមខែ​កញ្ញា​នេះ កម្ពុជា​ទទួលរង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប និង​ឥទ្ធិពល​ខ្យល់មូសុង​និរតី​ខ្លាំង ដែល​បណ្តាល​ឲ្យ​បណ្តា​ខេត្ត​មួយចំនួន​មាន​ភ្លៀង​ធ្លាក់ និង​បណ្តាល​ឲ្យ​បាក់​ស្រុតដី​នៅតាម​ខេត្ត​មួយចំនួន​ផងដែរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រៀម​ការពារ និង​ទប់ស្កាត់​គ្រោះទឹកជំនន់ ដើម្បី​កាត់បន្ថយ​ការលំបាក និង​ការប៉ះពាល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​របស់​ពលរ​ដ្ឋ​៕


Tag:
 ភ្លៀង​
 ​ផ្លូវថ្នល់​
 ​អាកាសធាតុ​
 ​បាក់​ដី​
© រក្សាសិទ្ធិដោយ thmeythmey.com