អន្តរជាតិ
ប្អូនប្រុស​លោក ច​ន​សុន លាលែង​តំណែង​រដ្ឋមន្ត្រី ព្រោះ​មិនត្រូវ​គ្នា​ជាមួយ​បងប្រុស​រឿង Brexit
06, Sep 2019 , 7:39 pm        
រូបភាព
លោក ចូ ចនសុន (ឆ្វេង) ជាមួយបងប្រុស បូរីស កាលពីឆ្នាំ ២០១២
លោក ចូ ចនសុន (ឆ្វេង) ជាមួយបងប្រុស បូរីស កាលពីឆ្នាំ ២០១២
ដោយ:
​ទំនាស់​រវាង​ភក្តីភាព​ចំពោះ​គ្រួសារ​និង​ប្រយោជន៍​ជាតិ​បាន​បង្ខំ​ឲ្យ​លោក ចូ ច​ន​សុន (Jo Johnson) ដែលជា​ប្អូនប្រុស​បង្កើត​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន  សម្រេចចិត្ត​ចុះចេញ​ពី​តំណែង​ជា​រដ្ឋមន្ត្រី​។ បន្ថែម​ពីនេះ លោក​អះអាង នឹង​ឈប់​ធ្វើជា​សមាជិកសភា​ដែល​កាន់​អស់​ពេល​៩​ឆ្នាំ​មកហើយ​ផងដែរ​។​



​ការដើរ​ចេញពី​កៅអី​រដ្ឋមន្ត្រី​ដ៏​ភ្ញាក់ផ្អើល​របស់លោក ចូ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ច​ន​សុន  ដែលជា​បងប្រុស បាន​បណ្ដេញ​សមាជិកសភា​អភិរក្សនិយម​២១​នាក់ ចេញពី​គណបក្ស​លោក​។ ហ​ហេតុផល​នោះ​គឺ ពួកគេ​មិន​ព្រម​គាំទ្រ​យុទ្ធសាស្ត្រ​លែងលះ​ជាមួយ​អឺរ៉ុប​របស់លោក​។ ក្នុងចំណោម​នោះ​ក៏មាន ចៅប្រុស​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស វីន​ស្តុ​ន ឆឺ​ឈី​ល (Winston Churchil) និង​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម្នាក់​ផងដែរ​។

​ចាប់តាំងពី​ចូលកាន់​អំណាច​ក្នុង​ខែកក្កដា​មក លោក បូរី​ស ច​ន​សុន បាន​ព្យាយាម​អូសទាញ​សមាជិក​គណបក្ស​អភិរក្សនិយម​ដែល​ហែកហួរ​គ្នា​ក្នុង​សំណុំរឿង Brixit ឲ្យ​រួមគ្នា​គាំទ្រ​យុទ្ធសាស្ត្រ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នា​ថ្ងៃទី​៣១ ខែតុលា ទោះ​មាន​ឬ​គ្មាន​កិច្ចព្រមព្រៀង​ក៏ដោយ​។

​និយាយ​ពី​លោក ចូ ច​ន​សុន ក្រោយពី​បងប្រុស​ក្លាយជា​នាយករដ្ឋមន្ត្រី លោក​ទទួលយក​តំណែង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ក្រសួង​អប់រំ​និង​អាជីវកម្ម​។ ក្នុង​ឆ្នាំ​២០១៦ លោក​ធ្លាប់​បោះឆ្នោត​គាំទ្រ​សម្រាប់​ប្រជាមតិ​លើក​ទី​២ ដើម្បី​រក្សា​សមាជិកភាព​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប​។

​បញ្ជាក់​លើ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃ​៥ ខែកញ្ញា លោក ចូ សរសេរ​បែបនេះ​៖«​វា​ជា​កិត្តិយស​ដែល​ក្លាយជា​តំណែង​រាស្ត្រ​នៃ​ក្រុង Orpington អស់​រយៈពេល​៩​ឆ្នាំ និង​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​ចំនួន​៣​នាក់​»​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក សង្កត់ធ្ងន់ថា ប៉ុន្មាន​សប្តាហ៍​មកនេះ លោក​រង​គំនាប​រវាង​ភក្តីភាព​ចំពោះ​គ្រួសារ និង​ផលប្រយោជន៍​ជាតិ ហើយ​វា​ជា​ភាព​តានតឹង​ដែល​ពុំ​អាច​ដោះស្រាយបាន​។ ហេតុដូច្នេះ វា​ដល់ពេល​ហើយ​ដែល​អ្នកផ្សេង​ចូលមក​កាន់តំណែង​ជំនួស​លោក​ទាំង​ជា​សមាជិកសភា និង​រដ្ឋមន្ត្រី​។​
 
​បច្ចុប្បន្ន គេ​ពុំទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា លោក​នឹង​ចុះ​ចេញពី​សមាជិកសភា​ភ្លាមៗ​តែម្តង ឬក៏​មិន​ឈរឈ្មោះ​ជា​បេក្ខភាព​សម្រាប់​ការបោះឆ្នោត​ឡើងវិញ​។ គួរ​ឲ្យ​កត់សម្គាល់ថា លោក ចូ ជាប់ឆ្នោត​ជា​សមាជិកសភា​សម្រាប់​ម​ណ្ឌ​ល​ក្រុង Orpington ក្នុង​រដ្ឋ Kent ភាគ​ខាងកើត អង់គ្លេស ចាប់​តាំង​ឆ្នាំ​២០១០​មក​។

​ក្រោយ​ទទួលដំណឹង​ពី​ការលាលែង​ពី​តំណែង​នេះ លោកនាយក​រដ្ឋមន្ត្រី ច​ន​សុន បាន​អរគុណ​ប្អូនប្រុស​លោក​សម្រាប់​កិច្ចប្រឹងប្រែង​ចំពោះ​ជាតិ​។ ក្នុង​សេចក្តីថ្លែងការណ៍ លោក ច​ន​សុន បាន​សរសើរ​ប្អូនប្រុស​ថា ជា​សមាជិកសភា​ដ៏​អស្ចារ្យ​ម្នាក់ និង​ជា​រដ្ឋមន្ត្រី​ប្រកបដោយ​ទេពកោសល្យ​។ លោក លើកឡើង​ទៀតថា ក្នុងនាម​ជា​អ្នកនយោបាយ​និង​បងប្រុស លោក​យល់ច្បាស់​ថា វា​ពុំមែន​ជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​លោក ចូ ។

​មែនទែនទៅ គ្រួសារ​ត្រកូល ច​ន​សុន មាន​ភាព​ខ្វែងគំនិត​គ្នា​ជុំវិញ​សំណុំរឿង​លែងលះ​ជាមួយ EU ដោយ​ប្អូនស្រី​លោក បូរី​ស គឺ​លោកស្រី រ៉ា​ឆែ​ល ច​ន​សុន (Rachel Johnson) ដែលជា​អ្នកកាសែត​ម្នាក់ បាន​ប្រឆាំងនឹង​គំនិត​ចាក​ចេញពី EU​។ ចំណែក​ឪពុក​លោក គឺ​លោក ស្តា​ន​លី (Stanly) ដែលជា​អតីតមន្ត្រី​ម្នាក់​នៃ​គណៈកម្មការ​អឺរ៉ុប ប្រកាន់​ជំហរ​រក្សាទុក​សមាជិក​ភាព​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប​ដដែល​៕

Tag:
 ចក្រភព​អង់គ្លេស​
  Boris Johnson
© រក្សាសិទ្ធិដោយ thmeythmey.com