ជាតិ
នយោបាយជាតិ
នាវាចម្បាំងមីស៊ីលរបស់ឥណ្ឌា ចូលចតនៅកំពង់ផែព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច
× នាវាកងទ័ពជើងទឹកឥណ្ឌាពីរគ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការទទួលស្វាគមន៍ពីឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ។ ការចូលចតនេះ គឺដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។
នាវាកងទ័ពជើងទឹកឥណ្ឌាទាំង ពីរគ្រឿងនេះ ឈ្មោះ INS KILTAN ជាប្រភេទនាវាប្រឆាំងនាវាមុជទឹក និង ឈ្មោះ INS SAHYADRI (F49) ជាប្រភេទនាវាចម្បាំងមីស៊ីល។ នាវាទីមួយ មានបណ្តោយ ១១០ម៉ែត្រ ទទឹង ១២.៨ម៉ែត្រ មានល្បឿន ៤៦គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយមានមន្ត្រី៣០នាក់ និងនាវិក ២៥០នាក់។ ចំណែកនាវាទីពីរ មានបណ្តោយ ១៤៣ម៉ែត្រ ទទឹង ១៣ម៉ែត្រ មានល្បឿន ៥៩គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានមន្ត្រី៤០០នាក់ និងនាវិក៣៥០នាក់។
ឧត្តមនាវីទោ រស់ វាសនា ចាត់ទុកថាជាមោទនភាពរបស់កម្ពុជា ដែលនាវាកងទ័ពជើងទឹកឥណ្ឌា បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ រួមទាំងមានកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។ ក្នុងដំណើរទស្សនកិច្ចនាពេលនេះ ផ្តោតសំខាន់ទៅលើការការពារដែនសមុទ្ររវាងកងទ័ពកម្ពុជា-ឥណ្ឌា ដើម្បីរួមចំណែកការពារសន្តិសុខនៃប្រទេសទាំងពីរផងដែរ។
សូមរម្លឹកថា កាលពីខែមីនា ដើមឆ្នាំ២០១៩ នាវាកងទ័ពជើងទឹកឥណ្ឌាមួយគ្រឿងឈ្មោះ INS KADMATT (P-29) ដែលជាប្រភេទនាវាប្រឆាំងនឹងនាវាមុជទឹក បានចូលចតនៅខេត្ដព្រះសីហនុម្តងរួចមកហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com