អន្តរជាតិ
ក្រុម​អ្នកជំនាញ​UN ៖ កូរ៉េខាងជើង​បន្ត​អភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​អន្តរទ្វីប​
06, Sep 2019 , 2:50 pm        
រូបភាព
​ក្រុម​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​០៥ ខែសីហា បាន​និយាយថា កូរ៉េខាងជើង​ចាប់ផ្តើម​រៀបចំ​កម្មវិធី​មី​ស៊ី​ល ដើម្បី​អភិវឌ្ឍ​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​អន្តរទ្វីប​របស់ខ្លួន​។​
​នៅក្នុង​របាយការណ៍​វាយតម្លៃ​របស់​ក្រុម​អ្នកជំនាញ ដែល​បានដាក់​ទៅ​គណៈកម្មាធិការ​ត្រួតពិនិត្យ​លើ​ការអនុវត្ត​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ប្រឆាំងនឹង​កូរ៉េខាងជើង សាធារណរដ្ឋ​ប្រជាមានិត​កូរ៉េ​នៅតែ​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ដដែល ទោះបី​មានការ​ចរចា​ជាមួយ​អាមេរិក​ដើម្បី​រំសាយ​អាវុធ​នេះ​ក៏ដោយ​។



​ទាក់ទង​នឹង​របាយការណ៍​ខាងលើនេះ ក្រុម​អ្នកជំនាញ​បង្ហាញថា ការសាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ចំងាយ​ខ្លី​ថ្មីៗ​នេះ គឺជា​ការគំរាមកំហែង​មួយ​។ ការរកឃើញ​នេះ គឺ​ផ្ទុយ​ពី​ការយល់ឃើញ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ចាត់ទុក​ការសាកល្បង​មី​ស៊ី​ល​ជាការ​ត្រូវ​តាម​បទដ្ឋាន​អន្តរជាតិ​ទៅវិញ​។

​របាយកាណ៍​របស់​ក្រុម​អ្នកជំនាញ​អង្គការសហប្រជាជាតិ​បាន​គូសបញ្ជាក់ថា ប្រភេទ​មី​ស៊ី​ល​ថ្មី SRBM ដែល​បាន​សាកល្បង​កាលពី​ថ្ងៃទី​០៤ និង​ទី​០៩ ខែឧសភា និង​មី​ស៊ី​លពីរ​ទៀត ដែល​ត្រូវបាន​កូរ៉េខាងជើង​អះអាងថា​ជា​អាវុធ​ប្រភេទ​ថ្មី​នោះ គឺជា​ភស្តុតាង​បង្ហាញ​ពី​សមត្ថភាព​របស់​ទីក្រុង​ព្យុងយ៉ាង ក្នុងការ​ពង្រឹង​ប្រព័ន្ធ​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​របស់ខ្លួន​។ ជាពិសេស​គឺ​វា​រួម​ប​ញ្ជូ​ល​ជាមួយនឹង ការបាញ់​បង្ហោះ​កាំជ្រួច​រ៉ុ​ក​កែ​ត​ពី​រថយន្ត​បាញ់​គ្រាប់​រ៉ុ​ក​កែ​ត​ផ្សេងៗ​គ្នា និង​សមត្ថភាព​ក្នុងការ​ជ្រៀតចូល​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ទៀតផង​។​

​ក្នុងន័យនេះ ក្រុម​អ្នកជំនាញ​បាន​សង្កត់ធ្ងន់ថា វា​គឺ​ច្បាស់​ណាស់​លើ​ដំណើរការ​អភិវឌ្ឍ​ពី​រថយន្ត​បាញ់​គ្រាប់​រ៉ុ​ក​កែ​ត និង​SRBMs មក​បំពាក់​លើ​ការបាញ់​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​អន្តរទ្វីប ក្នុង​គោលបំណង​បាញ់​មី​ស៊ី​ល​ចម្ងាយ​មធ្យម និង​ចំងាយ​ឆ្ងាយ​ឲ្យ​បាន​កាន់តែខ្លាំង​ជាមុន​។​

​ដើម្បី​គាំទ្រ​នូវ​របាយការណ៍​របស់​ពួកគេ ក្រុម​អ្នកជំនាញ​បានលើកឡើង​ពី​ទីតាំង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​អន្តរទ្វីប​មួយចំនួន​នៅក្បែរ​ព្រំដែន​ភាគ​ខាងជើង​ដូចជា តំបន់ Hoejung-ri ដែលមាន​សកម្មភាព​ក្នុងការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៧ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​នុយក្លេអ៊ែរ​អន្តរទ្វីប​ចំនួន​២​ដង ហើយ​វា​អាច​បាញ់​រហូតដល់​ទឹកដី​របស់​អាមេរិក​គ្រប់ពេល​។ ប៉ុន្តែ​ចាប់តាំងពី​មាន​ជំនួប​កិច្ចចរចា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​រវាង​លោក ត្រាំ និង​លោក គីម ជុង​អ៊ុន មក កូរ៉េខាងជើង​បាន​ផ្អាក​ការសាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​មួយរយៈ និង​កម្ទេច​កន្លែង​បាញ់​គ្រាប់​រ៉ុក្កែត​ចោល​មួយ នៅក្នុង​តំបន់ Dongchang-ri ចោល​។ យ៉ាងណាក៏ដោយ ថ្មីៗ​កូរ៉េខាងជើង​បានចាប់ផ្តើម​បាញ់​មី​ស៊ី​ល​ចំងាយ​ខ្លី​ជាច្រើន​ដង ខណៈពេល​កិច្ចចរចា​រវាង​កូរ៉េខាងជើង និង​អាមេរិក​មិនទាន់​កើតមាន​៕


Tag:
 UN
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com