អន្តរជាតិ
ម្ចាស់​ហាង​លក់​សៀវភៅ​ម្នាក់​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​ចាប់ខ្លួន បានគេច​ខ្លួន​ទៅ​កោះ​តៃវ៉ាន់​
06, Sep 2019 , 10:19 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ទីក្រុង​តៃប៉ិ ៖ កាលពី​៣​ឆ្នាំមុន ពួក​អាជ្ញាធរ​ក្នុងប្រទេស​ចិន បាន​រំពឹងថា លោក Lam Wing-kee​នឹង​ប្រគល់​កំ​ព្យូ​ទ័​រ​របស់លោក​ឲ្យ​អាជ្ញាធរ​ចិន ហើយ​បន្ទាប់មក​ឆ្លងកាត់​ព្រំដែន​វិលត្រឡប់​ទៅកាន់​ចិនដីគោក​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ខាង​ព្រហ្មទណ្ឌ​ក្នុង​ដំណាក់​ការ​ចុងក្រោយ​។​



​លោក ជា​ម្ចាស់​ហាង​សៀវភៅ​ម្នាក់​នៃ​ម្ចាស់​ហាង​សៀវភៅ​៥​នាក់​ដែល​បាន​បាត់​ខ្លួន​បាន​បណ្តាល​ឲ្យ​ជ្រួលច្របល់​នៅ​ឆ្នាំ​២០១៥​។ លោក​Lam បាន​ត្រូវគេ​រក​ចាប់ខ្លួន​ចំពោះ​ការលក់​សៀវភៅ​នៅក្នុង​ទីក្រុង​ហុងកុង​ដែល​ត្រូវបាន​ហាមឃាត់​នៅ​ចិនដីគោក​។​
 
​ឥឡូវនេះ បុរស​ដែលមាន​អាយុ​៦៣​ឆ្នាំ​ដែល​បាន​ចំណាយពេល​៨​ខែ​នៅក្នុង​គុក​នៅ​ចិនដីគោក បានរស់នៅ​កោះ​តៃវ៉ាន់​។ លោក មាន​សេរីភាព​នៅលើ​កោះ​ប្រជាធិបតេយ្យ​និង​ជនជាតិភាគតិច​ចិន​ដរាបណា​លោក បន្ត​ទិដ្ឋាការ​របស់លោក​នៅពេល​ចាកចេញ​និង​ត្រឡប់មក​កោះ​តៃវ៉ាន់​វិញ​។ លោក​នៅ​ទីបញ្ចប់​មាន​គម្រោង​បើកហាង​លក់​សៀវភៅ​នៅ​កោះ​តៃវ៉ាន់ ហើយ​សប្បាយចិត្ត​ចំពោះ​ការមិន​រឹតត្បិត​លើ​មាតិកា​សៀវភៅ​។​
 
​លោក Lam បាន​ទៅដល់​កោះ​តៃវ៉ាន់ បន្ទាប់ពី​បំពាន​បទបញ្ជា​របស់​ចិន​ដើម្បី​ត្រឡប់​ទៅកាន់​ចិនដីគោក​វិញ​នៅ​ឆ្នាំ​២០១៦​។ កាលពី​ដំបូង លោក សប្បាយ​ចិត្តនឹង​ស្នាក់នៅ​ក្នុង​ទីក្រុង​ហុងកុង​។ ថ្វីបើ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​ពិភពលោក​នោះ បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ចិន​ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក​ក៏ដោយ ដែនដី​នោះ មិនមាន​កិច្ចព្រមព្រៀង​ជាមួយ​ចិនដីគោក​ដើម្បី​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​ទៅកាន់​ចិនដីគោក​ទេ​។​
 
​ក្រោយមក នៅក្នុង​ខែកុម្ភៈ ទីក្រុង​ហុងកុង បានចាប់ផ្តើម​ពិចារណា​ពី​ច្បាប់​បត្យាប័ន​។​ច្បាប់​ដែល​បានស្នើ​ឡើង​នោះ បានធ្វើ​ឲ្យ​មាន​ការតវ៉ា​ប្រឆាំង​ដ៏​ធំ​មួយ​ដែល​បានធ្វើ​ឲ្យ​មានការ​តានតឹង​នៅក្នុង​ទីក្រុង​នោះ​ចាប់តាំងពី​ខែមិថុនា​រហូតមកទល់​បច្ចុប្បន្ននេះ​។​
 
​លោក Lam បាន​ប្រាប់ VOA នៅពេល​ទទួលទាន​កាហ្វេ​នៅក្នុង​ទីក្រុង​តៃប៉ិ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ថា​៖ «​ខ្ញុំ មិនដែល​គិតថា រដ្ឋាភិបាល​ក្រុង​ហុងកុង នឹង​ដោះស្រាយ​បញ្ហា​នានា​ដូចនេះ​ទេ​។ ការណ៍​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្រុង​ហុងកុង​ត្រូវបាន​កាន់កាប់​ដោយ​ចិនដីគោក​»​។​
 
​លោក Lam បាន​លក់​សៀវភៅ​ដែល​ទាក់ទិន​នឹង​រឿង​នយោបាយ​ដ៏​រសើប​នៅ​ហាង​លក់​សៀវភៅ​មួយ​នៅ​សង្កាត់ Causeway Bay​ដែលមាន​មនុស្ស​រស់នៅ​និង​ទេសចរណ៍​ច្រើន​ក្នុង​ទីក្រុង​ហុងកុង​។ លោក​ត្រូវគេ​ឃុំខ្លួន​នៅឯ​ព្រំដែន​ជាមួយ​ខេត្ត​Shenzhen ហើយ​មុនដំបូង ត្រូវបាន​គេ​យកទៅ​កាន់​មជ្ឈមណ្ឌល​ឃុំឃាំង Ningbo ដែលជា​ទីក្រុង​មួយ​នៅ​ជិត​ទីក្រុង​សៀង​ហៃ​។ លោក​បានរស់នៅ​ម្នាក់ឯង​ក្នុង​បន្ទប់​នោះ​អស់​រយៈពេល​៥​ខែ​មុនពេល​ត្រូវគេ​យកទៅ​កាន់​សណ្ឋាគារ​មួយកន្លែង​នៅ​ក្រុង Shaoguan នៃ​ខេត្ត​កង​ទុង​។​
 
​ក្នុងអំឡុង​នៃ​ការ​ស្ថិតនៅ​របស់លោក​នៅ​ចិនដីគោក លោក​Lam​និយាយថា លោក​បាន​ត្រូវគេ​សួរចម្លើយ​ជាច្រើនលើក​ក្នុង​មួយ​សប្តាហ៍ ទោះយ៉ាងណា​ក៏ដោយ គេ​មិនដែល​ធ្វើបាប​លើ​រា​ង្គ​កាយ​របស់លោក​ទេ​។​
 
​បន្ទប់​របស់លោក ស្អាត ក៏ប៉ុន្តែ បន្ទប់​ឃុំឃាំង​នៅ​គុក​ក្នុង​ក្រុង Ningbo មាន​ទំហំ​តូច ប​ង្អូ​ច​ខ្ពស់​ដែល​លោក មិនអាច​មើលទៅ​ខាងក្រៅ​បាន​ច្រើន​។​
 
​លោក Lam និយាយថា នៅ​ទីបញ្ចប់ ប៉ូលិស​ចិន​បានអនុញ្ញាត​ឲ្យ​អ្នកលក់​សៀវភៅ​រូបនោះ​ត្រឡប់​ទៅកាន់​ទីក្រុង​ហុងកុង​វិញ​ដើម្បី​យក​កុំព្យូទ័រ​របស់លោក ដែល​អាចមាន​ឯកសារ​សម្ងាត់​។ លោក​បាន​និយាយទៀតថា​៖ «​ប្រសិនបើ លោក អ្នកយក​កុំព្យូទ័រ​របស់លោក អ្នក​ទៅ​ឲ្យ​គេ​ពួកគេ​នឹង​យក​ឯកសារ​ចេញពី​កុំព្យូទ័រ​នោះ​»​។​
 
​លោក​Lam បាន​រើ​ទៅ​នៅក្នុង​សណ្ឋាគារ​មួយ​នៅ​ក្រុង​ហុងកុង នៅពេល​បាន​យល់ព្រម​ជាមួយ​ពួក​អាជ្ញាធរ​ចិន​។ លោក​បាន​រំលឹក​ឡើងវិញ​ថា​៖ «​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា សណ្ឋាគារ​នោះ​ជា​សណ្ឋាគារ​ល្អ​មួយ​។ ពួកគេ​មិនដែល​មក​ទីក្រុង​ហុងកុង​ទេ​»​។​
 
​នៅ​ខែមិថុនា ឆ្នាំ​២០១៦ លោក​Lam​បាន​ប្រាប់​សន្និសីទកាសែត​មួយ​នៅ​ក្រុង​ហុងកុង​ថា លោក​មិន​ត្រឡប់​ទៅកាន់​ចិនដីគោក​វិញ​ទេ​។ ក៏ប៉ុន្តែ​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ហុងកុង បានចាប់ផ្តើម​ពិភាក្សា​ច្បាប់​នៅ​ខែកុម្ភៈ នៅ​ឆ្នាំនេះ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន លោក​បាន​រត់គេចខ្លួន​ទៅ​កោះ​តៃវ៉ាន់​។ ការរត់​គេចខ្លួន​នោះ​នៅ​ខែមេសា​។​
 
​ពលរដ្ឋ​កោះ​តៃវ៉ាន់ បាន​តាមដាន​ស្ថាន​ការ​នៅ​ប្រទេស​ចិន ហើយ​ពលរដ្ឋ​ជាច្រើន​នៅ​កោះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​នោះ មិន​ចូលចិត្ត​ចិនដីគោក​ទេ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានទាមទារ​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់​ហើយ​ទទូចថា នៅ​ទីបញ្ចប់ ភាគី​ទាំង​២ នឹង​បង្រួបបង្រួម​គ្នា​។​
 
​ការតវ៉ា​ប្រឆាំង​អំពី​ច្បាប់​បត្យាប័ន​ដែល​បានស្នើ​ឡើង បានចាប់ផ្តើម​រហូតមក​ទល់​ពេលនេះ​ដែលជា​ការ​តវ៉ា​ប្រឆាំង​ជា​បន្តបន្ទាប់​មិន​ទប់​បាន​នៅតាម​ផ្លូវ​នានា​ក្នុង​ក្រុង​ហុងកុង​ចាប់តាំងពី​ថ្ងៃទី​៩ ខែមិថុនា​មក​។ មនុស្ស​ខ្លះ​ភ័យខ្លាច​ថា​ប៉ូលិស​បង្ក្រាប​របស់​ចិន នឹង​បង្ក្រាប​ការតវ៉ា​ប្រឆាំង​នេះ​។​
 
​លោក Lam ត្រូវតែ​ចាកចេញ​ពី​កោះ​តៃវ៉ាន់​នៅត្រឹម​ខែតុលា ដែល​មិនមាន​ច្បាប់​សិទ្ធិ​ជ្រកកោន​ដែល​អាច​ផ្តល់​ទិដ្ឋាការ​រយៈពេល​វែង​ឲ្យ​លោក​។ លោក មាន​ផែនការ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ចូលរួម​ការតាំង​ពិរ​ពណ៌​សៀវភៅ ហើយ​បន្ទាប់មក​នឹងធ្វើ​អ្វី​ដើម្បី​វិលត្រឡប់​ទៅកាន់​កោះ​តៃវ៉ាន់​ដើម្បី​ស្នាក់នៅ​បានយូរ​។​
 
​លោក មាន​គោលបំណង​បើកហាង​លក់​សៀវភៅ​នៅ​កោះ​តៃវ៉ាន់​បន្ទាប់ពី​ការ​រៃអង្គៀសប្រាក់​។ លោក បាន​និយាយថា «​ខ្ញុំ មិនមាន​ប្រាក់​ទេ​នៅពេល​ឥឡូវនេះ​។ លោក​Lam បាន​និយាយទៀតថា លោក នឹងមិន​ចាំបាច់​លក់​សៀវភៅ​ដែលមាន​ចំណងជើង​ដូចគ្នា​នៅទីនេះ​ដែល​បានធ្វើ​ឲ្យ​លោក​មាន​បញ្ហា​ជាមួយ​ចិន​នោះទេ​។ លោក​បាន​ប៉ាន់​ស្មានថា សៀវភៅ​មួយ​ដែល​រកបាន​ប្រា​ក់ជាង​៣០​លាន​ដុល្លារ​ហុងកុង​ឬ​ស្មើ​(៣​លាន​៨​សែន​ដុល្លារ​សហរដ្ឋអាមេរិក​)​នៅតាម​បណ្តាញ​លក់​ជាច្រើន​។​
 
​ពលរដ្ឋ​ចិនដីគោក ជួយ​ធ្វើ​ឲ្យ​ការលក់​សៀវភៅ​នោះ​កើនឡើង​ដោយ​ពួក​បាន​ទិញ​សៀវភៅ​នោះ​នៅពេលដែល​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស រួមមាន​ទីក្រុង​ហុងកុង​ផងដែរ​។​
 
​ពលរដ្ឋ​តៃវ៉ាន់ ជារឿយៗ​មិនសូវ​ចាប់អារម្មណ៍​រឿង​កំប៉ិកកំប៉ុក​របស់​រដ្ឋា​ភិ​បាល​ចិនដីគោក​ទេ​។ ផ្ទុយទៅវិញ ពួកគេ​និយម​អាន​អំពី​ប្រទេស​ជប៉ុន​ឬ​ប្រទេស​លោកខាងលិច​។​
 
​អ្នកគាំទ្រ​គេហទំព័រ ChinaChange.org បាន​ប្រាប់​ឲ្យ​ដឹងថា លោក Lam កាលពី​ពេលមុន​បាន​បោះ​ពុ​ម្ភ​សៀវភៅ​ដែល​«​លាតត្រដាង​»​អំពី​ពួក​មេដឹកនាំ​ចិន​នៅក្នុង​ចិនដីគោក​ហើយ​ផ្ញើរ​សៀវភៅ​ទាំងនោះ​តាម​ប៉ុស្តិ៍​ទៅ​ឲ្យ​អតិថិជន​។​
 
​លោក Andy Chang ជា​សាស្ត្រាចារ្យ​សិក្សា​អំពី​ប្រទេស​ចិន​នៅឯ​សាកលវិទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់ និយាយថា ហាង​លក់​សៀវភៅ​នៅ​កោះ​តៃវ៉ាន់ ប្រហែល​បានទទួល​ជោគជ័យ​នៅពេល​ចាប់​ផ្តើមដំបូង​។​
 
​លោក Chang បាន​និយាយទៀតថា​៖ «​ក្នុង​រយៈពេល​ខ្លី មិនមាន​ការលំបាក​ខ្លាំង​ទេ ពី​ព្រោះតែ​ប្រវត្តិ​របស់លោក ដូច្នេះ ពលរដ្ឋ​តៃវ៉ាន់ រួមទាំង​ពលរដ្ឋ​សាមញ្ញ​ខ្លះ នឹង​អាន​សៀវភៅ​នោះ ក៏ប៉ុន្តែ​ក្នុង​រយៈពេល​មធ្យម​និង​រយៈពេល​យូរ​ជាង​នោះ វា​នឹងមាន​ការលំបាក​កាន់តែខ្លាំង​ឡើង​»​។​
 
​លោក Yang Lian-fu ជា​អ្នក​បោះ​ពុ​ម្ភ​សៀវភៅ​ប្រវត្តិសាស្ត្រ​ក្នុងស្រុក បាន​និយាយថា អ្នកលក់​សៀវភៅ​ខ្លះ កំពុង​តស៊ូ​ប្រឆាំងនឹង​បណ្តាញ​ព័ត៌មាន​ខ្លះ​។​
 
​លោក Yang​បាន​និយាយថា​៖ «​ហាង​លក់​សៀវភៅ មិនមែន​ស្ថិតក្នុង​ដំណាក់​ការរីកចម្រើន​ទេ ដូច្នេះ ការលក់ដូរ មិន​ដំណើរ​ការល្អ​ទេ​។ ពួក​អ្នកអាន​សៀវភៅ មាន​ចំណូល​តិចតួច​ណាស់​។ មាន​បណ្តាញ​ជាច្រើន​ដើម្បី​ទទួលបាន​ព័ត៌មាន​។ ពួកគេ អាចមាន​ប្រព័ន្ធ​អ៊ីនធឺណិត​តាម​កុំព្យូទ័រ ហើយ​មិនចាំបាច់​ពឹងផ្អែក​លើ​ហាង​លក់​សៀវភៅ​ទេ ដូច្នេះ​ប្រសិនបើ​លោក​ចង់​បើកហាង​លក់​សៀវភៅ​នៅ​កោះ​តៃវ៉ាន់ ខ្ញុំ គិតថា លោក នឹងមិន​ទទួលបាន​ជោគជ័យ​ខ្លាំង​នោះទេ​»៕

 សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com