ជាតិ
សង្គមជាតិ
ស្រី្ត​ជាប់ពន្ធនាគារ​១៦៦​ឆ្នាំ ត្រូវបាន​តុលាការ​សម្រេច​ទោស​ត្រឹម​១៩​ឆ្នាំ​វិញ​
06, Sep 2019 , 9:19 pm        
រូបភាព
រូបភាពពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
រូបភាពពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
​ភ្នំពេញ​៖ ស្រី្ត​ដែល​ជាប់ទោស​១៦៦​ឆ្នាំ​នោះ ត្រូវបាន​សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​ឲ្យ​រួចផុត​បទ​ចោទ​៨​សំណុំរឿង ហើយ​ត្រូវអនុវត្ត​ទោស​ជាប់ពន្ធនាគារ​ត្រឹម​១៩​ឆ្នាំ​ប៉ុណ្ណោះ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា កាល​ថ្ងៃទី ៥​កញ្ញា ឆ្នាំ​២០១៩​។



​គណៈកម្មាធិការ​សិទ្ធមនុស្ស ដែល​បាន​អន្តរាគមន៍​ផ្នែក​ច្បាប់ ជួយ​ដោះស្រាយ​សំណុំ​រឿងក្តី​ពិរុទ្ធជន​ឈ្មោះ ពេជ្រ សូ​ណែ​ត នេះ បាន​បញ្ជាក់ថា សំណុំរឿង​ទាំង​៨ ដែល​តុលាការ​សម្រេច​ឲ្យ​រួចផុត​បទ​ចោទ​នោះ មាន​១​សំណុំរឿង​បាន​ប្តូរ បទ​ចោទ​មក​បទល្មើស​មិន​បរិហារ​ពីបទ​ល្មើស ដោយ​ផ្ដន្ទាទោស​១​ឆ្នាំ ហើយ​សំណុំរឿង​១​ទៀត ត្រូវបាន​សាលាឧទ្ធរណ៍ សម្រេច​ផ្តន្ទាទោស​១៨​ឆ្នាំ​។ ដូច្នេះ​សរុប​ទោស​មក ពិរុទ្ធជន ពេជ្រ សូ​ណែ​ត នេះ ត្រូវ​ជាប់ពន្ធនាគារ​១៩​ឆ្នាំ តាម​ការសម្រេច​របស់​សាលាឧទ្ធរណ៍ លើ​សំណុំ ២​រឿងនេះ​។ 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស បាន​សរសេរ​ដូច្នេះ​ថា​៖«​ក្រុម​មេធាវី​សិទ្ធិមនុស្ស​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស នឹង​ខិតខំ​ធ្វើ​ការងារ​បន្ថែមទៀត​ជាមួយ​ពិរុទ្ធជន ពេជ្រ សូ​ណែ​ត ក្នុង​ការបន្ត​នីតិវិធី​ដាក់ពាក្យ​បណ្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនជាប់ចោទ ដោយ​ក្រុម​មេធាវី​យល់ឃើញថា ឈ្មោះ ពេជ្រ សូ​ណែ​ត មិនមាន​ពាក់ព័ន្ធ​ជាមួយនឹង​អំពើ​ប្លន់​ម៉ូតូ និង​សម្លាប់​ជនរងគ្រោះ​នោះទេ ហើយ​ពិរុទ្ធជន ពេជ្រ សូ​ណែ​ត ក៏បាន​បដិសេធ​នូវ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ផងដែរ​»​។​

​កាលពី​អំឡុង​ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស ពេជ្រ សូ​ណែ​ត ជាប់ពន្ធនាគារ​សរុប​១៦៦​ឆ្នាំ លើ​៩​សំណុំរឿង ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រព្រឹត្ត​ហិង្សា (​ប្លន់​ម៉ូតូ​) និង​មាន​មរណភាព​នៃ​ជនរងគ្រោះ រួមទាំង​ការកាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។ ពិរុទ្ធជន​រូបនេះ ក៏បាន​ប្តឹង​សារទុក្ខ​ទៅ​សាលាឧទ្ធរណ៍ លើ​ករណី​សាលក្រម​ទាំង​៩​ខាងលើនេះ នៅ​អំឡុង​ឆ្នាំ​២០១៧​ដែរ​។

អត្ថបទទាក់ទង

​គិត​មកដល់​ថ្ងៃ​ប្រកាស​សាលក្រម កាល​ថ្ងៃទី​៥​កញ្ញា​នេះ ពិរុទ្ធជន ពេជ្រ សូ​ណែ​ត ត្រូវបាន​ឃុំខ្លួន​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​ហើយ បើ​កិត​ចាប់ពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​មក​។ អំឡុងពេល​ជាប់ពន្ធនាគារ​ស្ត្រី​រូបនេះ បាន​សម្រាលកូន ហើយ​បន្ត​ជាប់ឃុំ​ទាំង​ម្តាយ​ទាំង​កូន​ក្នុង​ពន្ធនាគារ​។​

​កូនប្រុស​អាយុ​៣​ឆ្នាំ​របស់​ស្ត្រី​ជាប់ឃុំ ពេជ្រ សូ​ណែ​ត ត្រូវបាន​ផ្នែក​មនុស្សធម៌​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អន្តរាគមន៍​ជាមួយ​អង្គការ​ដៃគូ​ការអភិវឌ្ឍន៍​កុមារ​កម្ពុជា ទទួល​យកទៅ​ចិញ្ចឹម​និង​ផ្តល់​ការអប់រំ កាលពី​ថ្ងៃទី​២​កក្កដា ឆ្នាំ​២០១៩៕


© រក្សាសិទ្ធិដោយ thmeythmey.com