អន្តរជាតិ
ថៃ​សង្ឃឹម​បង្កើត​កិច្ចព្រមព្រៀង​រុករក​ធនធានធម្មជាតិ «៥០-៥០» ជាមួយ​កម្ពុជា
06, Sep 2019 , 3:27 pm        
រូបភាព
រដ្ឋមន្ត្រីថាមពលថៃ លោក សាន់ទីរ៉ាត់ សាន់ទីជីរ៉ាវង្ស (កាសែតថៃ៖ The Nation)
រដ្ឋមន្ត្រីថាមពលថៃ លោក សាន់ទីរ៉ាត់ សាន់ទីជីរ៉ាវង្ស (កាសែតថៃ៖ The Nation)
ដោយ:
​កម្ពុជា និង​ថៃ បាន​យល់ព្រម​ពិចារណា​បើក​កិច្ចពិភាក្សា​ជាថ្មី លើ​ការអភិវឌ្ឍ​ធនធានធម្មជាតិ​ក្នុង​តំបន់​ត្រួតស៊ីគ្នា (OCA) ក្នុង​ឈូង​សមុទ្រ​ថៃ ដែល​ទាមទារ​ដោយ​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​ការអះអាង​របស់ រដ្ឋមន្ត្រី​ថាមពល​ថៃ ដោយ​សង្ឃឹមថា​ភាគី​ទាំងពីរ​អាចបង្កើត​កិច្ចព្រមព្រៀង​មួយ​ដែល​បើកផ្លូវ​ឲ្យ​ប្រទេស​នីមួយៗ​បាន​ប្រយោជន៍​៥០​ភាគរយ​នៃ​ផលិតកម្ម​ឧស្ម័ន​សរុប​នៅ​តំបន់​រុករក​នេះ​។​



​សេចក្តីសម្រេច​នេះ បានលើកឡើង​ដោយ​រដ្ឋមន្ត្រី​ថាមពល​ថៃ សុ​នទី​រ៉ាត់ សុន​ទី​ជី​រ៉ាវ​ង្ស (Sontirat Sontijirawong) ក្នុងជំនួប​ជាមួយ​សម​ភាគី​កម្ពុជា នៅក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី​៣៧​ក្នុង​ទីក្រុង​បាងកក​។ កិច្ចប្រជុំ​អាស៊ាន​នេះ បានចាប់ផ្តើម​តាំងពី​ថ្ងៃ​ចន្ទ និង​បញ្ចប់​នា​ថ្ងៃ​សុក្រ​ទី ៦ ខែកញ្ញា ។​

​តាម​កាសែត​បាងកក​ប៉ុស្តិ៍ ក្នុង​កិច្ច​ភា​ក្សា​ខាងលើ តំណាង​មកពី​ប្រទេស​ទាំងពីរ បាន​យល់​ស្របគ្នា​ថា តំបន់​ទាមទារ​ត្រួតស៊ីគ្នា (OCA) គួរ​ត្រូវ​អភិវឌ្ឍ​ក្នុង​លក្ខខណ្ឌ​មួយ​ដែល​ចំណេញ​ទាំង​ភាគី​ថៃ និង​កម្ពុជា  ហើយ​សង្កត់ធ្ងន់ថា កិច្ចពិភាក្សា​ជុំវិញ​រឿងនេះ គួរ​រៀបចំឡើង​ឱ្យបាន​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន​។​



«​យើង កំពុង​រកមើល​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​បន្ត​កិច្ចពិភាក្សា​ស្តី​បញ្ហា​[​អភិវឌ្ឍ​ធនធានធម្មជាតិ​រួមគ្នា​ក្នុង​តំបន់ OCA ] ក្រោយពី​ការពន្យារពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​នេះ​»​។ លោក​រដ្ឋមន្ត្រី​ថៃ សុ​នទី​រ៉ាត់ បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា ខណៈពេល​វេលា​នៃ​ជំនួប​ពុំទាន់​យល់ព្រម​នៅឡើយ ខាង​ថៃ នឹង​ជូនដំណឹង​ដល់​ភាគី​កម្ពុជា​នៅពេល​ពួកគេ​ដោះស្រាយ​រឿង​មួយចំនួន​រួចរាល់​។

​ទន្ទឹមនេះ មន្ត្រីជាន់ខ្ពស់​ថៃ​រូបនេះ បន្តទៀតថា កម្ពុជា​និង​ថៃ​បាន​យល់ព្រម​ថា តំបន់ «OCA» គួរ​អភិវឌ្ឍ​ដោយ​ឈរ​គោលការណ៍​ផ្តល់​ប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​។ លោក ថា ក្នុងនាម​ជា​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​លឿន​រហ័ស កម្ពុជា​និង​ថៃ ត្រូវការ​ប្រភព​ឧស្ម័ន​ច្រើន​បន្ថែម​ដើម្បី​បំពេញ​ការកើនឡើង​នៃ​តម្រូវការ​ក្នុងស្រុក​សម្រាប់​ថាមពល​។

​ម្យ៉ាងទៀត លោក​រដ្ឋមន្ត្រី​ថាមពល​ថៃ​ខាងលើ ក៏​សង្ឃឹមថា កម្ពុជា​និង​ថៃ អាចបង្កើត​កិច្ចព្រមព្រៀង​មួយ​ដែល​ស្រដៀង​នឹង​តំបន់​អភិវឌ្ឍន៍​រួមគ្នា​ម៉ាឡេស៊ី​-​ថៃ (MTJDA) ដែល​បើកផ្លូវ​ឲ្យ​ប្រទេស​នីមួយៗ​កាន់កាប់ ៥០​ភាគរយ​នៃ​ផលិតកម្ម​ឧស្ម័ន​សរុប​នៅ​តំបន់​រុករក​នេះ​។ បន្ថែម​ពីនេះ លោក ក៏​និយាយទៀតថា ថៃ បានស្នើ​ឲ្យ​ភាគី​កម្ពុជា​ដាក់ចេញ​វិធានការ​ទាក់ទាញ​ក្រុមហ៊ុន​ថាមពល​ឯកជន​ថៃ ក៏ដូចជា​ក្រុមហ៊ុន​រដ្ឋ​ថៃ ដើម្បី​ឲ្យ​ពួកគេ​បោះទុន​វិនិយោគ​ក្នុង​វិស័យ​ថាមពល​នៅ​កម្ពុជា​។

​ក្រៅពី​បង្ហើប​ពី​គម្រោង​បើក​ការចរចា​ឡើងវិញ​នេះ លោក​រដ្ឋមន្ត្រី​ថាមពល​ថៃ​រូបនេះ ក៏​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា  ភាគី​ថៃ​មានបំណង​លក់​ថាមពល​អគ្គិសនី​ខ្លះ​ដល់​កម្ពុជា ដែល​នៅតែ​ពុំ​អាច​ផលិត​អគ្គីសនី​គ្រប់គ្រាន់​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​។ ត្រង់នេះ លោក​និយាយ​បែបនេះ​៖«​អាជ្ញាធរ អគ្គិសនី​ថៃ នឹង​ព្យាយាម​បង្កើត​កិច្ចព្រមព្រៀង​មួយ​ជាមួយ​កម្ពុជា នាពេល​ឆាប់ៗ​ខាងមុខ​»​។​

​សូមបញ្ជាក់ថា កម្ពុជា​និង​ថៃ បានទាមទារ​ដែន​អធិបតេយ្យភាព​នៃ​តំបន់​ត្រួតស៊ីគ្នា (OCA) ដែលមាន​ទំហំ ២៧០០០​គីឡូ​ម៉ែត្រការ៉េ​ព័ទ្ធជុំវិញ​ដែនទឹក​ជម្លោះ​ក្នុង​ឈូង​សមុទ្រ​ថៃ​។ គេ​ជឿថា តំបន់​នេះ សម្បូរ​ដោយ​ឧស្ម័ន​ធម្មជាតិ និង​ប្រេង​។ ក្រុមហ៊ុន​អូស្ត្រាលី​មួយ ឈ្មោះថា Macquarie Securities ប៉ាន់ប្រមាណ​ថា តំបន់​នេះ មាន​ផ្ទុក​ប្រេង​ដល់ ៣,៦​ពាន់​លាន​បារ៉ែល ដែល​ស្មើនឹង​៤៤​ពាន់​លាន​ដុល្លារ​។​

​ក្នុង​ឆ្នាំ ២០០១ កម្ពុជា និង​ថៃ បាន​ចុះហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​មួយ (MOU) ដើម​ម្បី​បង្កើត​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​រួមគ្នា​មួយ​ក្នុង​តំបន់ OCA ។ ទោះជា​បែបនេះ​ក្តី ភាគី​ថៃ បានសម្រេច​ផ្អាក​កិច្ចព្រមព្រៀង​នេះ​វិញ​ក្នុង​ឆ្នាំ​២០០៩៕

Tag:
 ថៃ​
  កម្ពុជា​
  ឧស្ម័ន​ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com