FIFA
កីឡាជាតិ
ជាតិ
បើកឆាក​ជម្រុះ​ជុំ​ទី​២ World Cup៖ ជំនួប​កម្ពុជា​-​ហុងកុង ជាប់​លេខ​២​លើ​ចំនួន​អ្នកទស្សនា​
06, Sep 2019 , 4:21 pm        
រូបភាព
ដោយ:
​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​ហុងកុង នា​វគ្គ​ជម្រុះ FIFA World Cup 2022 ដែល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នៅ​ល្ងាច​ថ្ងៃទី​៥ ខែកញ្ញា បាន​ទាក់ទាញ​អ្នកគាំទ្រ​ជាង​៤៥,០០០​នាក់ ឲ្យ​មក​ទស្សនា​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំនួន​នេះ​ជួយ​ឲ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ ដែលមាន​អ្នកគាំទ្រ​មក​ទស្សនាការ​ប្រកួត​បាល់ទាត់​ច្រើនជាងគេ បន្ទាប់ពី​ឥណ្ឌូណេស៊ី​។​



​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុងនាម​ប្រទេស​មាន​អ្នកទស្សនា​បាល់ទាត់​ច្រើនជាងគេ ក្នុងចំណោម​ប្រទេស​ទាំង​១៨ ដែល​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​វគ្គ​ជម្រុះ FIFA World Cup 2022 ជុំ​ទី​២​កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩​។ ខណៈ​ប្រទេស​ឥណ្ឌូណេស៊ី​ឈរ​លំដាប់​ទី​១ និង​កូរ៉េខាងជើង​ឈរ​លំដាប់​ទី​៣​។

​ការប្រកួត​ដ៏​ជក់ចិត្ត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​ហុងកុង ដែល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ បាន​ទាក់ទាញ​អ្នកគាំទ្រ​ទៅ​ទស្សនា​ផ្ទាល់​ចំនួន​៤៥,៥០០​នាក់ ដែល​ធ្វើ​ឲ្យ​ពហុ​កីឡដ្ឋាន​ជាតិ​ពោរពេញ​ដោយ​ហ្វូងមនុស្ស និង​សម្រែក​យ៉ាង​ទ្រហឹងអឺងកង​។ វត្តមាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​អ្នកគាំទ្រ បាន​ជួយ​លើកទឹកចិត្ត​កីឡាករ​កម្ពុជា​ឲ្យ​កាន់​តែមាន​កម្លាំងចិត្ត​ក្នុងការ​ប្រកួត ដែល​ធ្វើ​ឲ្យ​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​។



​សម្រាប់​លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ចាត់ទុក​អ្នកគាំទ្រ​ជា​កីឡា​ករទី​១២ ដែល​បានរួម​ចំណែក​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​ជាមួយ​ហុងកុង​។ លោក​ជឿជាក់ថា វិស័យ​កីឡាបាល់ទាត់​កម្ពុជា នឹងមាន​ភាព​រីកចម្រើន​កាន់តែខ្លាំង​ថែមទៀត បើ​អ្នកគាំទ្រ​បន្ត​គាំទ្រ​យ៉ាងច្រើន​កុះករ​បែបនេះ​។

​សម្រាប់​ការប្រកួត​ដ៏​ចម្រូងចម្រាស ដែល​ម៉ាឡេស៊ី​វាយបក​យកឈ្នះ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ៣-២ បាន​ទាក់ទាញ​អ្នកគាំទ្រ​មក​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន Gelora Bung Karno Stadium ចំនួន​៥៤៦៥៩​នាក់​។ ចំនួន​នេះ ជួយ​ឲ្យ​ឥណ្ឌូណេស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ​១​ជា​ប្រទេស​មាន​អ្នកគាំទ្រ​ទស្សនា​ការប្រកួត​បាល់ទាត់​ច្រើនជាងគេ​។

​ចំណែក​កូរ៉េខាងជើង​មាន​អ្នកទស្សនា​បាល់ទាត់​ច្រើន​លំដាប់​លេខ​៣ បន្ទាប់ពី​បាន​ទាក់ទាញ​អ្នកគាំទ្រ​ចំនួន​៤​ម៉ឺន​នាក់​ឲ្យ​មក​ទស្សនា​ការប្រកួត ដែល​ម្ចាស់ផ្ទះ​កូរ៉េខាងជើង​យកឈ្នះ​លី​បង់ ២-០ នៅ​កីឡដ្ឋាន Kim ll Sung Stadium​។ ខណៈ​ការប្រកួត​ដែល​ម្ចាស់ផ្ទះ​ឥណ្ឌា​ចាញ់​អូ​ម៉​ង់ ២-១ នៅ​កីឡដ្ឋាន Indira Gandhi Athletic Stadium មាន​អ្នកគាំទ្រ​ច្រើន​លំដាប់​ទី​៤​ជាមួយ​អ្នកគាំទ្រ​ចំនួន​២២,៧៩៨​។​

​ខាងក្រោម​នេះ ជា​លទ្ធផល​នៃ​ការប្រកួត និង​ចំនួន​អ្នកទស្សនា​៖

​ពូ​ល A៖
- ហ្គា​ម ០-១ ម៉ា​ល់​ឌី​វ មាន​អ្នកទស្សនា​ផ្ទាល់ ៧១៤​នាក់​
- ហ្វីលីពីន ២-៥ ស៊ី​រី មាន​អ្នកទស្សនា​ផ្ទាល់ ២៦៤៥​នាក់​
 
​ពូ​ល B៖
- ឆាយ​នី​ស​តៃប៉ិ ១-២ ហ្ស៊​កដា​នី មាន​អ្នកទស្សនា​ផ្ទាល់ ៥៥២០​នាក់​
- គូ​វែ​ត ៧-០ ណេ​ប៉ាល់ មាន​អ្នកទស្សនា​ផ្ទាល់ ៧៥០០​នាក់​
 
​ពូ​ល C៖
- កម្ពុជា ១-១ ហុងកុង មាន​អ្នកទស្សនា​ផ្ទាល់ ៤៥៥០០​នាក់​
- បា​រ៉ែ​ន ១-១ អ៊ីរ៉ាក់ មាន​អ្នកទស្សនា​ផ្ទាល់ ៦០៤៩​នាក់​

​ពូ​ល D៖
- សិង្ហ​បុរី ២-២ យេ​ម៉ែន មាន​អ្នកទស្សនា​ផ្ទាល់ ៧០១៨​នាក់​
- ប៉ា​ឡេ​ស្ទី​ន ២-០ អ៊ូ​ស​បេ​គី​ស្ថាន មាន​អ្នកទស្សនា​ផ្ទាល់ ៦៧ ៤០​នាក់​
 
​ពូ​ល E៖
- ឥណ្ឌា ១-២ អ៊ូ​ម៉​ង់ មាន​អ្នកទស្សនា​ផ្ទាល់ ២២ ៧៩៨​នាក់​
- កាតា ៦-០ អា​ហ្វ​ហ្គា​នី​ស្ថាន មាន​អ្នកទស្សនា​ផ្ទាល់ ១០ ៩៥០​នាក់​
 
​ពូ​ល F៖
- ម៉ុង​ហ្គោ​លី ១-០ មី​យ៉ាន់​ម៉ា មាន​អ្នកទស្សនា​ផ្ទាល់ ៣២២១​នាក់​
- តា​ហ្សី​គី​ស្ថាន ១-០ កៀ​ហ្ស៊ី​ស៊ី​ស្ថាន មាន​អ្នកទស្សនា​ផ្ទាល់ ១៧ ៨០០​នាក់​
 
​ពូ​ល G៖
- ថៃ ០-០ វៀតណាម មាន​អ្នកទស្សនា​ផ្ទាល់ ១៩ ០១១​នាក់​
- ឥណ្ឌូណេស៊ី ២-៣ ម៉ាឡេស៊ី មាន​អ្នកទស្សនា​ផ្ទាល់ ៥៤ ៦៥៩​នាក់​
 
​ពូ​ល H៖
- កូរ៉េខាងជើង ២-០ លី​បង់ មាន​អ្នកទស្សនា​ផ្ទាល់ ៤០០០០​នាក់​
- ស្រីលង្កា ០-២ តួ​កមេ​នី​ស្ថាន មាន​អ្នកទស្សនា​ផ្ទាល់ ១១២០​នាក់​៕

ថតរូបដោយ លោក ប៉ាន់ បូនី៖

































Tag:
 ​ក្រុម​ជម្រើសជាតិ​កម្ពុជា​
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com