ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្នុង​មួយឆ្នាំ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​របស់​អប្សរា​ផលិត​កូនឈើ​បាន​៧​ម៉ឺន​ដើម​
06, Sep 2019 , 10:59 pm        
រូបភាព
​សៀមរាប​៖ ក្រៅពី​កិច្ចការ​អភិរក្ស​ប្រាសាទ ក្នុងនោះ​ការងារ​គ្រប់គ្រង​ព្រៃឈើ​ក៏​ជា​កិច្ចការ​ដ៏​សំខាន់​មួយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ ស្ថាប័ន​នេះ​មាន​សួន​បណ្ដុះ​កូនឈើ​ដល់​ទៅ​៣​កន្លែង ដែលជា​រៀងរាល់ឆ្នាំ​បាន​បណ្ដុះ​កូនឈើ​ប្រមាណ​៧​ម៉ឺន​ដើម ដើម្បី​ដាំ​ក្នុង​ឧទ្យាន​អង្គរ និង​មួយផ្នែកធំ​ចែកចាយ​ទៅ​ប្រជាពលរដ្ឋ​និង​ស្ថាប័ន​នានា​យកទៅ​ដាំ​តាម​តំបន់​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា​។​



​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖




​នៅ​ឆ្នាំ​២០១៩​នេះ ស្ថានីយ៍​បណ្ដុះ​កូនឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ហាក់​មមាញឹក​ខ្លាំង​បន្ដិច ដ្បិតថា​តម្រូវការ​កូនឈើ​មាន​ចំនួន​ច្រើនជាង​រាល់​ឆ្នាំ​។ ឆ្នាំនេះ អាជ្ញាធរ​ជាតិ​អប្សរា​មាន​ផែន​ការដាំ​កូនឈើ​ក្នុង​ឧទ្យាន​អង្គរ​ចំនួន​៤​ម៉ឺន​ដើម បន្ថែម​លើ​ការអំពាវនាវ​ឱ្យ​សាធារណជន​ចូលរួម​ដាំ​និង​យក​កូនឈើ​ទៅ​ដាំ​តាម​មូលដ្ឋាន​ខ្លួន​តាម​តម្រូវការ​ផង​។​

​លោក ឡី គឹម​ស៊ី មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព វប្បធម៌ និង​បរិស្ថាន និង​ជា​អ្នកគ្រប់គ្រង​ស្ថានីយ៍​បណ្ដុះ​កូនឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា ស្ថាប័ន​នេះ​មាន​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ចំនួន​៣​ដាច់ដោយឡែក​ពីគ្នា​។ ស្ថានីយ៍​ទី​១ គឺ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​មណ្ឌល​៣ ដែល​បណ្ដុះ​ប្រភេទ​ឈើ​ហូប​ផ្លែ និង​ប្រភេទ​ឈើ​លម្អ​, ទី​២ ស្ថានីយ៍​បណ្ដុះ​កូនឈើ​ប្រាសាទតាកែវ ដែល​បណ្ដុះ​ប្រភេទ​ឈើ​លេខ​១ លេខ​២ លេខ​៣ និង​ប្រភេទ​ផ្សេងៗ​ទៀត​, និង​ទី​៣ ស្ថានីយ៍​បណ្ដុះ​កូនឈើ​៨​ហិកតា ដែល​បណ្ដុះ​កូនឈើ​ប្រណិត​៥​ប្រភេទ មាន​បេង គ្រញូង ធ្នង់ នាងនួន និង​ច្រេះ​។​



​ស្ថានីយ៍​បណ្ដុះ​កូនឈើ​នីមួយៗ​សុទ្ធសឹង​មាន​តួនាទី​បណ្ដុះ​ប្រភេទ​កូនឈើ​ផ្សេងៗ​ដែល​សុទ្ធសឹង​ជា​តម្រូវការ​នៅតាម​តំបន់​ផ្សេងៗ​។ ក្នុង​មួយឆ្នាំៗ ស្ថានីយ៍​បណ្ដុះ​កូនឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផលិត​កូនឈើ​ប្រមាណ ៧​ម៉ឺន​ដើម សម្រាប់​ដាំ​ក្នុង​ឧទ្យាន​អង្គរ​និង​សម្រាប់​ចែកចាយ​នៅតាម​ស្ថាប័ន​នានា​។ យ៉ាងណាក៏ដោយ ការបណ្ដុះ​នេះ​គឺ​តែង​ធ្វើ​លើស​ផែន​ការដែល​គ្រោងទុក​ជានិច្ច ដើម្បី​បង្ការ​នៅពេល​មាន​តម្រូវការ​កូនឈើ​បន្ថែម​។ លោក គឹម​ស៊ី ពន្យល់ថា​៖« យើង​មិនបាន​បែងចែក​ថា​ស្ថានីយ៍​បាន​ប៉ុន្មាន​ទេ​ក្នុង​មួយខែ តែ​យើង​សរុប​ប្រចាំឆ្នាំ ហើយពី​ខែមករា​ដល់​ខែកក្កដា យើង​បាន​បណ្ដុះ​បាន​ប្រមាណ ៥៨,០០០​កូន ស្មើនឹង​៨៤​ភាគរយ​នៃ​ផែន​ការដែល​នាយកដ្ឋាន​បានដាក់​។ តែ​ក្នុង​ឆ្នាំ​នីមួយៗ​ការបណ្ដុះ​កូនឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា តែ​បណ្ដុះ​លើស​ផែនការ​ជាប្រចាំ​។ ផែនការ​បណ្ដុះ​មួយឆ្នាំ​៧​ម៉ឺន​ដើម គឺ​សួន​៨​ហិកតា ២៥,០០០​ដើម ប្រាសាទតាកែវ ២៥,០០០​ដើម និង​ស្ថានីយ៍​មណ្ឌល​៣ ៣​ម៉ឺន​ដើម តែ​ស្ថានីយ៍​នីមួយៗ​បណ្ដុះ​លើស​នេះ បង្ការ​ការចែក​ចាយ​ច្រើន​លើស​កំណត់​»​។​

​បើទោះបីជា​ក្នុង​មួយឆ្នាំ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បណ្ដុះ​កូនឈើ​ច្រើន​ម៉ឺន​ដើម​ក៏ពិតមែន តែ​ក្នុង​ការដាំ​បំពេញបន្ថែម​លើ​គម្រប​ដីព្រៃ​ឈើ​ដែល​បាត់បង់​ក្នុង​ឧទ្យាន​អង្គរ​រៀងរាល់​ឆ្នាំមាន​ត្រឹមតែ​២ ទៅ​៣​ម៉ឺន​ដើម​តែប៉ុណ្ណោះ​នៅ​ឆ្នាំមុនៗ​។ លោក គឹម​ស៊ី ពន្យល់ថា គោលការណ៍​របស់​ថ្នាក់ដឹកនាំ គឺ​ធ្វើការ​ចែកចាយ​ដល់​ស្ថាប័ន​ខាងក្រៅ ដើម្បី​រួមចំណែក​លើ​ការងារ​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា​។ ការ​ចែកចាយ​ទាំងនោះ​មាន​នៅតាម​ស្ថាប័ន​មួយចំនួន​ដូចជា​មន្ទីរ​បរិស្ថាន ស៊ីម៉ាក់ អាជ្ញាធរ​ដែនដី សាលារៀន និង​វត្ត​អារាម​ជាដើម​។ ហើយ​កូនឈើ​ដែលមាន​តម្រូវការ​ច្រើនជាងគេ​គឺជា​ប្រភេទ​ឈើប្រណិត​តែម្ដង​។​



​ទាក់ទង​ទៅនឹង​ការបណ្ដុះ​កូនឈើ​វិញ ជា​រៀងរាល់ឆ្នាំ​ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​បាន​ដើរ​បេះ​និង​ប្រមូល​គ្រាប់ពូជ​ក្នុង​តំបន់​ឬ​ក្រៅ​តំបន់​អង្គរ តាម​រដូវ​កាល​នៃ​ដើមឈើ​ទាំងនោះ​ផ្លែ​។ ក្នុងនោះដែរ គ្រាប់ពូជ​ខ្លះ​ក៏ត្រូវ​ការទិញ​ពី​ខាងក្រៅ​ដែរ ដើម្បី​បំពេញតម្រូវការ​ក្នុង​នាយកដ្ឋាន​។ មន្ត្រី​ទទួលបន្ទុក​ការបណ្ដុះ​កូនឈើ​ពន្យល់ថា ការបណ្ដុះ​កូនឈើ​មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ គឺ​ត្រូវការ​ភាព​អត់ធ្មត់​បន្ដិច ហើយ​គ្រាប់ពូជ​ខ្លះ​ក៏​ពិបាក​បណ្ដុះ​ដែរ ដូចជា​ប្រភេទ​ឈើ​បេង និង​គ្រញូង​ជាដើម​។​

​ចំណែក​អាយុ​កូនឈើ​ដែល​អាច​យកទៅ​ដាំ​បាន គឺ​ទៅតាម​ប្រភេទ​នៃ​ដើមឈើ​នោះដែរ​។ លោក គឹម​ស៊ី ពន្យល់ថា កូនឈើ​ខ្លះ​អាយុ​ពី​៦​ខែ​ទៅ​១​ឆ្នាំ អាច​យកទៅ​ដាំ​បាន តែ​ខ្លះទៀត​ដូចជា​ប្រភេទ​ឈើប្រណិត ទាល់​តែមាន​អាយុ​ចាប់ពី​១​ឆ្នាំ​ឡើង ឯ​ខ្លះទៀត​មាន​អាយុ​ពី​២​ទៅ​៣​ឆ្នាំ​ឯណោះ ហើយ​ត្រូវមាន​កម្ពស់​ចាប់ពី​កន្លះ​ម៉ែត្រ​ឡើងទៅ​។

​ឈើ​គ្រញូង​គឺ​ប្រភេទ​ឈើ​ដែល​លូតលាស់​បាន​លឿន និង​មាន​អត្រា​រស់​៩០​ភាគរយ​ក្រោយពេល​ដាំ​រួច​។ នេះ​ជាការ​កត់សម្គាល់​របស់​លោក គឹម​ស៊ី ដោយ​បន្តថា នៅ​ឧទ្យាន​អង្គរ​កន្លងមក ការដាំ​គឺ​ទៅតាម​ប្រភេទ​ដី​នៅតាម​តំបន់​នោះ ឯ​តំបន់​មួយចំនួន​ក៏​ជាការ​ពិសោធន៍​ផងដែរ ព្រោះថា​គោលការណ៍​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​ចង់​ដាំ​ប្រភេទ​ឈើ​កម្រ​ឱ្យបាន​ច្រើន​នៅ​តំបន់​អង្គរ​ដើម្បី​រួមចំណែក​អ​ភ​រិ​ក្ស​ប្រភេទ​ឈើ​ទាំងនោះ​ឡើងវិញ​។ ជាមួយនេះដែរ តាម​ការបញ្ជាក់​ពី​មន្ត្រី​ព្រៃឈើ​អាជ្ញាធរ​ជាតិ​អប្សរា ការដាំដុះ​កន្លងមក​នៅ​តំបន់​អង្គរ គឺមាន​ប្រភេទ​ឈើ​ចំនួន​២០​ប្រភេទ ក្នុងចំណោម​កូនឈើ​ទាំង​៣៥​ប្រភេទ​ដែល​ស្ថាប័ន​មួយ​នេះ​បាន​បណ្ដុះ​។​

​គួរ​បញ្ជាក់ថា មកដល់​បច្ចុប្បន្ននេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​កូនឈើ​ប្រមាណ​ជាង​២​ម៉ឺន​ដើម​រួចហើយ​ក្នុង​គម្រោង​ដាំ​៤​ម៉ឺន​ដើម​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ក្នុងនោះ បាន​ចែកចាយ​ដល់​ប្រជាពលរដ្ឋ និង​ស្ថាប័ន​នានា​សរុប​ប្រមាណ​ជាង​៥​ម៉ឺន​ដើម និង​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើសុំ​ជា​បន្តបន្ទាប់​៕




















Tag:
 ស្ថានីយ៍​បណ្ដុះ​កូនឈើ​
  អាជ្ញាធរ​ជាតិ​អប្សរា​
  ព្រៃឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com