ONE Championship
កីឡាជាតិ
ជាតិ
កូន​ខ្មែរ​នៅ​កាណាដា​ម្នាក់ ចង់​រួមចំណែក​ជួយ​កម្ពុជា​ក្នុង​វិស័យ​ក្បាច់គុន​ខ្មែរ​
06, Sep 2019 , 6:09 pm        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

Thearron Sieng-You គឺជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ និង គុន​ចម្រុះ​ម្នាក់​ដែល​កំពុង​រស់នៅ​ប្រទេស​កាណាដា​ហើយក៏​ហាត់​ក្បាច់គុន​នៅ​ទី​នោះដែរ​។ Thearron Sieng-You បាន​ផ្ញើ​សារ​ថា រូបគេ​ចង់​រួមចំណែក​ចូលរួម​បំផុស​ចលនា​ក្បាច់គុន​ខ្មែរ និង ប្រកួត​តំណាង​ឲ្យ​កម្ពុជា​តាមតែ​អាចធ្វើ​ទៅបាន​ទៅ​ថ្ងៃមុខ​។ ការ​ថ្លែងប្រាប់​អ្នកយកព័ត៌មាន ONE Championship បែបនេះ​បន្ទាប់ពី​កីឡាករ​វ័យ ៣៤​ឆ្នាំ​រូប​បាន​ចុះឈ្មោះ​ជា​សមាជិក​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​។



​កូន​ខ្មែរ​កើត​នៅ​បារាំង​រូបនេះ​បាន​ថ្លែងថា ៖«​ការចុះឈ្មោះ​ជាមួយ​សហព័ន្ធ​ជា​សមាជិក​គឺ​ខ្ញុំ​ចង់​រួមចំណែក​ជួយ​គុន​ខ្មែរ គុន​ចម្រុះ និង​ផ្សព្វផ្សាយ​តាមតែ​អាចធ្វើ​ទៅបាន​។ ខ្ញុំ​តែងតែ​ឡើង​ប្រកួត​ក្បាច់គុន​ខ្មែរ​នៅ​បារាំង​។ ខ្ញុំ​ហ្វឹក​ហាត់គុន​ខ្មែរ​ជាមួយ Albert Chey Veera នៅ​ក្លិប​ប្រដាល់ The Temple Bordeaux តែ​ខ្ញុំ​ក៏​ចង់​ឡើង​ប្រកួត MMA ដែរ​ដើម្បី​ធ្វើតេស្ត​សមត្ថភាព ព្រោះ​ខ្ញុំ​ក៏បាន​ហ្វឹកហាត់ ជី​ជិត​ស៊ូ​ដែរ​»​។

​កីឡាករ​កូន​ខ្មែរ​កើត​នៅ​បារាំង​ប៉ុន្តែ​រស់នៅ​កាណាដា​នាពេល​បច្ចុប្បន្ន​សង្កត់ធ្ងន់​ថា​៖«​ខ្ញុំ​បានឈ្នះ​ជើងឯក New York Naga ដែលជា​ការប្រកួត​ជី​ជិត​ស៊ូ​។ នេះ​ជា​ហេតុផល​ខ្ញុំ​ចង់​ប្រកួត​ក្នុង​ពិភព​គុន​ចម្រុះ​។ វា​មាន​ក្បាច់​ស្រដៀង​គ្នា ហើយ ខ្ញុំ​ក៏បាន​ហាត់គុន​ខ្មែរ​ដែរ​»​។



​កីឡាករ​ទម្ងន់​៧២​គីឡូក្រាម​រូបនេះ​កំពុង​ហ្វឹកហាត់​ក្បាច់គុន​ចម្រុះ ឬ MMA នៅ​ក្លិប Sherbatov MMA​។ កូន​ខ្មែរ​នៅ​បារាំង​រូបនេះ​រំលឹកថា ពេល​រូបគេ​ត្រលប់​ទៅ​ប្រទេស​បារាំង គឺ​ត្រូវ​ហ្វឹកហាត់​ជាមួយ Albert Chey Veera ដែលជា​គ្រូបង្វឹក​នៅ​ក្លិប The Temple Bordeaux​។ កីឡាករ​រូបនេះ​មាន​កម្រិត​ខ្សែក្រវាត់​ខៀវ​ពី​កីឡា​ជិ​ជិត​ស៊ូ​ត​ដែល​ទទួលបាន​ពី​ក្លិប BTT Brazilian Top Team​។ Sieng-You ធ្លាប់​ហ្វឹកហាត់​ក្បាច់គុន MMA ជាមួយ​កីឡាករ​ប្រកួត​ក្នុង​កម្មវិធី UFC ផងដែរ​នៅ​កាណាដា​។

Sieng-You បាន​យល់ឃើញថា​៖«​ក្បាច់គុន MMA នៅ​កម្ពុជា​កំពុង​ដើរទៅ​មុខ​។ ខ្ញុំ​គិតថា​វា​កាន់តែ​ល្អ​ទៀត​អនាគត​»​។​

​ទន្ទឹមនឹង​ការចុះឈ្មោះ​ជា​បន្ត​បន្ទាប់ពី​សំណាក់​កីឡាករ​ខ្មែរ​នៅក្រៅ​ប្រទេស លោក កែ ប៊ិន​សូរ​ស្មី អនុប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​បាន​បង្ហើប​កន្លងទៅ​ថា សហព័ន្ធ​ប្រឹងប្រែង​ដើម្បី​បង្កើត​ទំនាក់ទំនង​អន្តរជាតិ និង ផ្សព្វផ្សាយ​គុន​ខ្មែរ​ទៅកាន់​ពិភពលោក ហើយ​គោលការណ៍​របស់​សហព័ន្ធ​ត្រូវតែ​ទទួលបាន​ការចុះឈ្មោះ​ផ្លូវការ​យ៉ាងហោច​គ្រូបង្វឹក​មួយ​-​ក្លិប​មួយ​នៅក្រៅ​ប្រទេស​ដែលមាន​ខ្មែរ​ហ្វឹកហាត់​នៅ​ទីនោះ​។

​ក្រោយ​បើក​ឲ្យ​ចុះឈ្មោះ​ជា​ផ្លូវ​ពី​កីឡាករ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​តាំង​ខែ មិថុនា មក​នោះ សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា (CMMAF)​ទទួលបាន​ការចុះឈ្មោះ​គ្រូបង្វឹក​និង​កីឡាករ​ក្រៅប្រទេស​ជា​ផ្លូវការ​មួយចំនួន​ដូចជា ចៅ សួស្ដី កូន​ខ្មែរ​នៅ​អូស្ត្រាលី , Albert Veera CHEY កូន​ខ្មែរ​នៅ​បារាំង​, អែម សុ​វណ្ណា​រី កូន​ខ្មែរ​នៅ​អាមេរិក​, Linda Chhon កូន​ខ្មែរ​នៅ​អាមេរិក​, និង Thyalexander Sao កូន​ខ្មែរ​នៅ​អាមេរិក​៕

​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់ ពីស​ង្វៀន ONE: IMMORTAL TRIUMPH នៅ​ថ្ងៃទី ៦ ខែ កញ្ញា ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​ចាប់ពី​ម៉ោង​៥:៣០ ល្ងាច​តទៅ​តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA

© រក្សាសិទ្ធិដោយ thmeythmey.com