អន្តរជាតិ
ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក ពិចារណា​បិទបាំង​ចំនួន Like
07, Sep 2019 , 8:29 am        
រូបភាព
ដោយ:
​ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក (Facebook) ឆាប់ៗ​ខាងមុខ ប្រហែល​ចាប់ផ្តើម​បិទបាំង​តួលេខ Like និង Reaction លើ​ការ​បង្ហោះ (Post) ដែល​លេច​ឡើងលើ ញូ​វ​ហ្វី​ត (New Feed) របស់​អ្នកប្រើប្រាស់ ។ នេះ​បើ​យោងតាម​អ្នកស្រាវជ្រាវ​កម្មវិធី​ម្នាក់ ឈ្មោះថា ជេន ម៉េ​ន​ឈុន វង់ (Jane Manchun Wong) ដែល​បាន​រកឃើញ​កូដ (code) លើ​កម្មវិធី Android របស់ Facebook ។​



​សរសេរ​លើ​បណ្តាញ​សង្គម Twitter កញ្ញា Jane Manchun Wong បញ្ជាក់ថា​៖«​ខ្ញុំ​កត់សម្គាល់ថា Facebook បានចាប់ផ្តើម​សាកល្បង​មុខងារ​បិទបាំង​ការរាប់​ចំនួន Like និង Reaction លើ​កម្មវិធី Android ខ្លួន​»​។ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​៣ ខែកញ្ញា អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន Facebook អះអាងថា ក្រុមហ៊ុន​ខ្លួន​កំពុង​ពិចារណា​បិទ​ការរាប់​ចំនួន Like ពី​បណ្តាញ​សង្គម Facebook ប៉ុន្តែ​សង្កត់ធ្ងន់ថា ការសាកល្បង​ពុំទាន់​ចាប់ផ្តើម​នៅឡើយ​ទេ​។​

​បណ្តាញ​សង្គម Instagram ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Facebook បានចាប់ផ្តើម​មុខងារ​បិទបាំង​ចំនួន Like នេះ​រួចហើយ ក្នុង​បណ្តា​ប្រទេស​ចំនួន ៧ ដោយ​ក្នុងនោះ​ក៏មាន​កាណាដា និង​ប្រេ​ស៊ី​ល​ផងដែរ​។ ជំនួស​ឲ្យ​បង្ហាញ​តួលេខ Like សរុប អ្នកប្រើប្រាស់​អាច​ឃើញ​ត្រឹម​ឈ្មោះ  Friend ដែល​ចុច Like ប៉ុណ្ណោះ​។ សម្រាប់​ការផ្លាស់ប្តូរ​នេះ Instagram ចង់​ឲ្យ​អ្នកប្រើប្រាស់​ផ្តោត​សំខាន់​លើ​អ្វីដែល​ពួកគេ​ចែករំលែក ជំនួស​ឲ្យ​ចំនួន Like ដែល​ពួកគេ​ទទួលបាន​។

​ជាង​១០​ឆ្នាំ​មកនេះ បណ្តាញ​សង្គម Facebook បាន​យក​ការ​ចុច Like ជា​សេវាកម្ម​ស្នូល​របស់ខ្លួន​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន​យក្ស​នេះ រង​ការរិះគន់​ព្រោះតែ​វា​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកប្រើប្រាស់​។  ប្រសិនបើ​ការរាប់​ចំនួន Like ត្រូវ​ដកចេញ​ពី​បណ្តាញ​សង្គម Facebook មែន​នោះ វា​នឹង​ក្លាយជា​ការផ្លាស់ប្តូរ​ដ៏​ធំធេង​មួយ​។ ហេតុផល​នោះ​គឺថា ចំនួន Like លើ Facebook ត្រូវបាន​ចាត់ទុកជា ហិរញ្ញវត្ថុ និង​ទិន្នន័យ​ដ៏​សំខាន់ ដែល Facebook ប្រើ​សម្រាប់​គោលដៅ​ផ្សាយពាណិជ្ជកម្ម ហើយ​វា​ក៏​ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់ខ្លួន​ផងដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com