ONE Championship
កីឡាជាតិ
ជាតិ
អែម សុវណ្ណារី បង្កើនការហ្វឹកហាត់ត្រៀមឡើងសង្វៀន ONE នៅជប៉ុន ខែតុលា
×
អត្ថបទ៖ ស៊ីធី
កីឡាការិនី អែម សុវណ្ណារី អ្នកលេងគុនចម្រុះកូនខ្មែរ-អាមេរិក កំពុងរៀបចំគម្រោងមួយចំនួនដើម្បីផ្ដួលដៃគូនៅសង្វៀន ONE Championship នាដើមខែតុលា ក្នុងព្រឹត្តិការណ៍ ONE Warrior Series 8 នៅក្រុងតូក្យូ ប្រទេសជប៉ុន។ សុវណ្ណារី បង្កើនការហ្វឹកហាត់ខ្លាំងក្លានៅក្លិប Modern Martial Arts and Fitness ស្ថិតនៅក្រុង Pasadena រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ក្នុងបំណងរក្សាជ័យជម្នះជាលើកទី២ នៅសង្វៀនលំដាប់អន្តរជាតិមួយនេះ។
កីឡាការិនីដែលជាសមាជិកនៃសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានរៀបរាប់ថា ៖«គូប្រកួតរបស់ខ្ញុំដែលត្រូវជួបនៅ ONE Warrior Series 8 គឺជាជើងខ្លាំងមកពីប្រេស៊ីល ប៉ុន្តែខ្ញុំអ្វីដែលខ្ញុំត្រូវធ្វើគឺមិនចុះញ៉មងាយៗនោះឡើយ និងត្រៀមជើងព្រួលដើម្បីឈ្នះ។ ខ្ញុំគិតថាខ្ញុំមានប្រសិទ្ធភាពលើក្បាច់ប្រយុទ្ធរបស់ខ្ញុំ។ ប៉ុន្តែកីឡាការិនីប្រេស៊ីល ឮថាល្អជើងក្រោមជាងខ្ញុំ។ រឿងដែលខ្ញុំត្រូវធ្វើ គឺចាប់ផ្ដួល និងប្រើក្បាច់នៅផ្ទាល់នឹងរេញ»។
វីដេអូ៖ សុវណ្ណារី ប្រកួត Iryna Kyselova
https://www.onefc.com/videos/sovannahry-em-hits-first-round-tko-in-one-debut/
សុវណ្ណារី សង្កត់ធ្ងន់ថា៖«ខ្ញុំនឹងរៀបចំគម្រោងប្រកួតនៅលើសង្វៀនជាមួយនឹងគ្រូបង្វឹករបស់ខ្ញុំ។ ហើយយើងនឹងមើលលើភាពជាក់ស្ដែងបន្តទៀត»។
ជើងខ្លាំងតំណាងឲ្យកម្ពុជារូបនេះប្រលូកលើសង្វៀនគុនចម្រុះតាំងពីឆ្នាំ ២០១៦ មក ក្រោយចាប់ហ្វឹកហាត់ប្រដាល់សកលតាំងឆ្នាំ ២០១២។ នៅឆ្នាំ ២០១៤ សុវណ្ណារី បានចាប់ផ្ដើមក្បាច់គុន ជីជិតស៊ូ ដែលត្រូវគេស្គាល់ថាជាក្បាច់គុនមួយក្នុងជំនាញក្បាច់ទាំងឡាយអាចប្រើបោក កាច់ ឬ ឃ្លេ ដើម្បីជាទុនសម្រាប់ប្រកួតគុនចម្រុះ។ ក្រៅពីនេះកីឡាការិនីសម្បុរស្រអែមបានចូលហ្វឹកហាត់ចំបាប់ យូដូ និង ប្រដាល់សេរី ផងដែរ។
គួរដឹងថា អែម សុវណ្ណារី ប្រកួតលើសង្វៀនគុនចម្រុះចំនួន ៣ លើក មិនដែលចាញ់។ សុវណ្ណារី ឈ្នះកីឡាការិនីអាមេរិក Lanikqua Robins នាទឹកទី១ កាលខែធ្នូឆ្នាំ ២០១៦ និង ឈ្នះកីឡាការិនីអាមេរិក Evelyn Nieves នៅទឹកទី១ កាលខែ កុម្ភៈ ឆ្នាំ ២០១៧ ក្នុងការប្រកួតដាក់ទ្រុងនៅអាមេរិក។ ចំណែកការប្រកួតចុងក្រោយ សុវណ្ណារី ឈ្នះកីឡាការិនិអ៊ុយក្រែន Iryna Kyselova នៅសង្វៀន ONE កាលខែ ធ្នូ ឆ្នាំ ២០១៨ នៅ ម៉ាឡេស៊ី។
អ្នកលេងគុនចម្រុះកូនខ្មែរនៅអាមេរិកដែលមានរហស្សនាមថា «Savage Buddha» បានចុះឈ្មោះជាផ្លូវការក្លាយជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាកាលខែ មិថុនា។ ការចុះឈ្មោះនេះជាប្រយោជន៍សំខាន់ផ្ទាល់ខ្លួនមួយ ហើយមួយទៀត គឺ ឡើងប្រកួតតំណាងឲ្យកម្ពុជា។
សូមទស្សនាការផ្សាយផ្ទាល់ ពីសង្វៀន ONE: IMMORTAL TRIUMPH នៅថ្ងៃទី ៦ ខែ កញ្ញា ដែលរៀបចំនៅប្រទេសវៀតណាមចាប់ពីម៉ោង៥:៣០ ល្ងាចតទៅតាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕
© រក្សាសិទ្ធិដោយ thmeythmey.com